website_news:2021091203

តុលាការកំពូល តម្កល់ទោស អតីតមន្ត្រីនគរបាលម្នាក់ ដាក់គុក៨ ឆ្នាំ ជាប់ពាក់ព័ន្ធការ ចាប់បង្ខាំងកុមារីម្នាក់ ដើម្បីរំលោភសេពសន្ថវ: និង លក់នាងឱ្យរួមភេទ ជាមួយប្រុសផ្សេង ដើម្បីរកលុយ

https://dap-news.com/ ByPH104 Posted on December 8, 2021

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសសាលដីកា តម្កល់ទោសពិរុទ្ធជនម្នាក់ ដែលជាអតីត នគរបាល ដាក់គុក កំណត់ ៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំងក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ជួល ដើម្បីទុកបង្ខំរួមភេទ និង ក្រោយមក បានបង្ខំអោយជនរងគ្រោះ ទៅរួមភេទ ជាមួយមួយអ្នកដទៃ ដើម្បីយកលុយ ប្រព្រឹត្តនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពី អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៧ និង ខែ មករា ឆ្នាំ ២០១៨។

យោងតាមឯកសារតុលាការ បានអោយដឹងថា ទណ្ឌិតរូបនេះ មាន ឈ្មោះ ឌឹម មករា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ មុនចាប់ខ្លួន ជា មន្ត្រីនគរបាលផ្នែកអគ្គីភ័យ បម្រើការ នៅស្នងការដ្ឋាន នគរខេត្តព្រៃវែង។ ចំណែកឯ ជនរងគ្រោះ មានអាយុ១៦ ឆ្នាំ មានទីលំនៅ ឃុំចាម, ស្រុកកំពង់ត្របែក, ខេត្តព្រៃវែង។ នៅពេលកើតហេតុនោះ, អ្នកទាំងពីរ គឺ ត្រូវជាគូសង្សារនឹងគ្នា។

ទណ្ឌិត ឈ្មោះ ឌឹម មករា ត្រូវបានសាលាដំបូងខេត្តព្រៃវែង កាលពីឆ្នាំ ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ ពីបទ: “សញ្ចរកម្ម មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ” តាមមាត្រា ២៤១ និង ២៨៩ នៃក្រមព្រហ្មទណ្ឌ ។ ឈ្មោះ ឌឹម មករា បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ រក្សាទុកដដែល។ គាត់បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។ ឈ្មោះ ឌឹម មករា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ តាមបណ្តឹងរបស់កុមារីរងគ្រោះ បន្ទាប់ពីគាត់ បានចាប់បង្ខាំងជនរងគ្រោះ នៅក្នុងបន្ទប់ជួល អស់រយៈពេល ប្រហែល៤ខែ ដើម្បីរំលោភសេពសន្ថវ: និង បានលក់ខ្លួនជនរងគ្រោះ ទៅរួមភេទ ជាមួយ បុរសដទៃទៀត ដើម្បីរកលុយ ( នេះ បើយោងតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះ)។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ នៅពេលសវនាការ កាលពីថ្ងៃទី ១ ខែ ធ្នូ ឈ្មោះ ឌឹម មករា បានឆ្លើយបដិសេធ និង និយាយថា ប្រាប់តុលាការថា គាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទគាត់ខាងលើនេះទេ។ ទោះបីជាយ៉ាងណាក្តី ជនជាប់ចោទ ឈ្មោះ ឌឹម មករា បានទទួលស្គាល់ថា ខ្លួន និង ជនរងគ្រោះ គឺជាគូសង្សារនឹងគ្នា និង ធ្លាប់បានរួមរស់នៅជាមួយគ្នា មួយរយៈ នៅក្នុងខេត្តព្រៃវែង មុខពេល ដែលខ្លួន ត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ ជនរងគ្រោះ។

ឈ្មោះ ឌឹម មករា បានសំណូមពរដល់តុលាការកំពូល មេត្តាជួយរកការពិត និង យុត្តិធម៌ ដល់គាត់ និង មេត្តាសម្រេច ដោះលែង រូបគាត់អោយមានសេរីភាពវិញ ៕ ដោយ រស្មី អាកាស

website_news/2021091203.txt · Last modified: 2021/12/09 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki