website_news:2021091204

រំហូរពលករខ្មែរមកពីថៃ តាមច្រកខេត្តឧត្ដរមានជ័យកើនឡើង ក្រោយថៃរកឃើញករណីមេរោគបំប្លែងថ្មី

https://news.btv.com.kh/ 12/08/2021 03:12 PM

ឧត្ដរមានជ័យ៖ អាជ្ញាធរសុខាភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានកំណើន រំហូរពលករចេញមកពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកព្រំដែនខេត្តនេះ ពិសេសច្រកអូរស្មាច់ ដែលកំណើននេះ គឺអាចបណ្ដាលមកពីការរកឃើញករណីមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង នៅក្នុងប្រទេសថៃ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ន ពលករខ្មែរនៅឯប្រទេសថៃ ជាបន្តបន្ទាប់បានចូលមកកម្ពុជាវិញ តាមច្រកអូរស្មាច់ មានការកើនឡើងច្រើនជាងខែមុនៗ ក្នុងមួយថ្ងៃៗ ដែលអាចមានចំនួនចន្លោះពី១៥០ ទៅ២០០នាក់ ដោយសារតែបញ្ហានៃការរកឃើញមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង នៅប្រទេសថៃ ។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះ លោកបានធ្វើការណែនាំបន្ថែម ទៀត ដល់មន្រ្តីសុខាភិបាលជួរមុខ ដែលជាកងទ័ពអាវស ត្រូវធ្វើការឲ្យម៉ឺងម៉ាត់ចំពោះការពិនិត្យសុខភាពពលករខ្មែរ ដែលកំពុងចាកចេញពីថៃ មកកម្ពុជាវិញនេះ រួមទាំងអ្នកបើកបររថយន្តដឹកទំនិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។

លោក បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដែលមានភារកិច្ចនៅតាមគោលដៅច្រកព្រំដែន នីមួយៗ ត្រូវមានការប្រុងប្រយ័ត្នការពារឲ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់ការចម្លងបន្តលើពលករ ដែលឆ្លង ដែនមកពីប្រទេសថៃចូលកម្ពុជានោះ។ តែទោះជាយ៉ាងណាក៏ដោយ លោកបានឱ្យដឹងថា បើទោះជាមានកំណើនពលករមកពីថៃមែន តែសឹងតែគ្មានទាល់តែសោះនូវការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ រយៈពេលចុងក្រោយនេះ ជាក់ស្ដែងកាលពីម្សិលមិញ មានពលករឆ្លងមកពីថៃ ចំនួន២០២នាក់ គឺវិជ្ជមានតែម្នាក់គត់៕ អត្ថបទ៖ ឃិន សារិទ្ធ

website_news/2021091204.txt · Last modified: 2021/12/09 10:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki