website_news:2021100202

អ្នកលួចលាក់ ឬផ្សំគិតជាមួយពលករ គេចវេសពីការធ្វើចត្តាឡីស័ក ត្រូវមានទោស មិនអាចលើកលែង

https://www.kampucheathmey.com/ on February 8, 2021 By Kang Tola

នេះជាការលើកឡើងរបស់លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ខណៈចុះពិនិត្យស្ថានភាពតាមដងអូរ ដែលជាខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកកំរៀង ដែលធ្លាប់មានពលករខ្មែរចូលមកពីប្រទេសថៃតាមច្រកព្រំដែនកាលពីព្រឹកថ្ងៃច័ន្ទទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ នៅក្នុងឱកាសនោះលោក ងួន រតនៈ ក៏បានណែនាំដល់ប្រជាពលរដ្ឋរស់នៅតាមដងអូរជាប់ព្រំដែនប្រទេសថៃ កុំលួចលាក់ពលករ ឬផ្សំគិតជាមួយពលករ ដើម្បីគេចវេសពីមណ្ឌលចត្តាឡីស័ក ហើយប្រសិនបើកម្លាំងសមត្ថកិច្ចរកឃើញមានការលួចលាក់ផ្តល់មធ្យោបាយ និងផ្សំគិតដើម្បីធ្វើការគេចវេសពីមណ្ឌលចត្តាឡីស័កត្រូវមានទោសក្នុងការនាំពលករលួចឆ្លងដែនដោយខុសច្បាប់។

លោកអភិបាលបញ្ជាក់ថា ចំពោះមេខ្យល់ណា ដែលលលួចនាំពលករឆ្លងដែន និងនាំពលករគេចវេសពីមណ្ឌលចត្តាឡីស័ក នឹងបានចាត់វិធានការជាបន្ទាន់ ដោយគ្មានលើកលែងឡើយ។ ជាមួយគ្នានោះ លោកអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឲ្យសមត្ថកិច្ចការពារព្រំដែន សហការជាមួយមន្ត្រីសុខាភិបាល ក្នុងការពិនិត្យសុខភាព ការធ្វើសំណាក និងរឹងបន្តឹងការធ្វើចត្តាឡីស័កចំពោះពលករ ឲ្យបានម៉ឺងម៉ាត់ ចៀសវាងមានការលួចរត់ចេញពីមណ្ឌលផងដែរ។

សូមបញ្ជាក់ថា ចាប់ពីមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ខេត្តសាមុទសាខន ប្រទេសថៃ មានពលករខ្មែរបានចូលតាមច្រកជាប់ខេត្តបាត់ដំបងនេះជាង៥០០០នាក់ ក្នុងនោះ ក៏បានធ្វើធ្វើចត្តាឡីស័ក និងយកសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ១៩ផងដែរ ហើយក្នុងចំណោមពលករខ្មែរជាង៥០០០នាក់នោះ មានអ្នកបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតិឲ្យទៅផ្ទះវិញជាង៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង១៧០០នាក់៕ ដោយ ៖ កោះកែវ

website_news/2021100202.txt · Last modified: 2021/02/10 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki