website_news:2021100203

ពលករខ្មែរនៅថៃនឹងប្រឈមបញ្ហាផ្លូវច្បាប់ ខណៈដែលការចុះបញ្ជីពលករស្របច្បាប់ជិតផុតកំណត់

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 09/02/2021 - 09:03 ដោយ៖ជួប នរក្សា

ពលករខ្មែរនៅថៃប្រមាណ១៣ពាន់នាក់ អាចនឹងប្រឈមនឹងបញ្ហាផ្លូវច្បាប់ ពីអាជ្ញាធរថៃតាមរយៈការចាប់ឃុំឃាំង ឬអាចនឹងបញ្ជូនមកកម្ពុជាវិញ ប្រសិនបើពួកគេមិនបានចុះឈ្មោះធ្វើប័ណ្ណស្របច្បាប់តាមការកំណត់របស់រដ្ឋាភិបាលថៃ។ មន្រ្តីទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ Central ឲ្យដឹងថា ពលករខ្មែរនឹងត្រូវប្រឈមបញ្ហាទាំងនោះ បន្ទាប់ពីរដ្ឋាភិបាលថៃអនុវត្តគោលការណ៍លើពលករខុសច្បាប់ក្រោយថ្ងៃទី១៣កុម្ភៈខាងមុខ។គិតមកដល់ថ្ងៃទី៩កុម្ភៈនេះ ការកំណត់នៃការចុះឈ្មោះធ្វើប័ណ្ណបញ្ជីស្របច្បាប់នៅសល់តែចំនួន៥ថ្ងៃទៀតប៉ុណ្ណោះ ដែលកាលនោះអាជ្ញាធរបានកំណត់ពេលឲ្យពលករទាំងអស់ធ្វើការចុះឈ្មោះពីថ្ងៃទី១៥មករា ដល់ត្រឹមថ្ងៃទី១៣កុម្ភៈ។ លោកលឹង សុផុន មន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) បានប្រាប់វិទ្យុបារាំងអន្តរជាតិពីខេត្តឆុនបុរីប្រទេសថៃថា ក្នុងរយៈពេលជាងមួយខែមកនេះ មានពលករខ្មែរប្រមាណជិត១១ម៉ឺននាក់ (១០,៩៣៩២) បានចុះឈ្មោះស្នើសុំប័ណ្ណស្របច្បាប់ពីអាជ្ញាធរថៃ។ ក៏ប៉ុន្តែនៅមានពលករខ្មែរប្រមាណជាង១៣ពាន់នាក់ (១៣៤៣៤) នៅមិនទាន់បានធ្វើការចុះឈ្មោះធ្វើប័ណ្ណស្របច្បាប់នេះនៅឡើយទេ។

ពលករប្រមាណជាង១៣ពាន់នាក់នោះ នឹងអាចប្រឈមបញ្ហាផ្លូវច្បាប់ មានដូចជាការចាប់ខ្លួន ការឃុំឃាំង និងការបញ្ជូនត្រលប់មកកម្ពុជាវិញ ប្រសិនបើអាជ្ញាធរថៃរកឃើញថា ពួកគេជាពលករខុសច្បាប់។ បើតាមលោកលឹង សុផុន អាជ្ញាធរថៃនឹងចាត់វិធានការទៅតាមគោលការណ៍របស់រដ្ឋាភិបាលថៃ ក្រោយតែរយៈពេល១ខែនៃការចុះបញ្ជីស្របច្បាប់ដល់ពេលកំណត់។ យ៉ាងណាក្តីទោះជាមានការចុះបញ្ជីស្របច្បាប់ ក៏ពលករខ្មែរមួយចំនួនទៀតនៅបន្តមានបញ្ហាគ្មានការងារធ្វើនៅឡើយ។ មន្ត្រីផ្នែកអន្តោប្រវេសន៍ដដែរ បានបញ្ជាក់ថា ពលករខ្មែរប្រមាណជិត១១ម៉ឺននាក់ដែលបានចុះឈ្មោះរួចរាល់ គឺពួកគេក៏មានថៅកែចាំទទួលយកទៅធ្វើការវិញដែរ។ តែពលករប្រមាណជាង១៥ពាន់នាក់ផ្សេងទៀត នៅមិនទាន់មានថៅកែទទួលពួកគេចូលធ្វើការ បើទោះពួកគេបានចុះបញ្ជីស្របច្បាប់នោះរួចហើយក្តី។

នៅថ្ងៃនេះដែរ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ឲ្យដឹងថា ក្រសួងការងារកំពុងបន្តតាមដានយន្តការរបស់អាជ្ញាធរថៃនៅពេលនេះ តែយ៉ាងណាក្រសួងនៅតែបន្តអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ គោរពទៅតាមគោលការណ៍របស់រដ្ឋាភិបាលថៃ និងធ្វើយ៉ាងណាចុះឈ្មោះស្នើសុំបញ្ជីស្របច្បាប់ឲ្យទាន់ពេលវេលាដែលភាគីថៃកំណត់ ដើម្បីចៀសវាងពីបញ្ហាប្រឈមណាមួយ។

សូមជម្រាបជូនថា រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលការណ៍ផ្តល់ប័ណ្ណស្របច្បាប់ចំនួន២ឆ្នាំ កាលពីថ្ងៃទី២៩ធ្នូកន្លងទៅ ដល់ពលករទាំងអស់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ រួមមានពលករខ្មែរផងដែរ។ នេះក៏ដោយសារ បញ្ហាផ្ទុះជំងឺកូវីដ១៩ជាសហគមន៍នៅខេត្តសាមុតសាខន នៅថ្ងៃទី១៧ធ្នូ ហើយរដ្ឋាភិបាលថៃបានកំណត់អត្តសញ្ញាណខ្ពស់នៃការឆ្លងទៅលើពលករបរទេសដែលកំពុងធ្វើការក្នុងប្រទេសខ្លួន៕

website_news/2021100203.txt · Last modified: 2021/02/10 11:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki