website_news:2021100207

មណ្ឌលចត្តាឡីស័កចំនួន ១៧ នៅខេត្តឧត្តរមានជ័យមានសភាពណែនដោយសារពលករវិលត្រលប់ច្រើនពេក

https://www.khmertimeskh.com/ គង់ អារី និង ទិត្យ គង់នៅ / Khmer Times

ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ឧត្តរមានជ័យ- ខេត្តឧត្តរមានជ័យ ជាខេត្តដែលមានចំណុចឆ្លងកាត់ផ្លូវការមួយសម្រាប់ពលករចំណាកស្រុកដែលឆ្លងកាត់ពីខេត្តសុរិន្ទ ព្រំដែនប្រទេសថៃ ឥឡូវនេះកំពុងតែមានសភាពណែនយ៉ាងខ្លាំង ខណៈដែលមនុស្សរាប់រយនាក់បានបន្តត្រលប់មកវិញជារៀងរាល់ថ្ងៃចាប់តាំងពីពេលចាប់ផ្តើមកាលពីខែធ្នូ ថ្ងៃទី២១ ឆ្នាំ២០២០។ ខេត្តនេះមានមណ្ឌលចត្តាឡីស័កចំនួន ១៧ ដែលភាគច្រើនគឺជាសាលារៀន។ ដំណើរទស្សនកិច្ចទៅកាន់មណ្ឌលជាច្រើនបានបង្ហាញថាមណ្ឌលត្រូវបានបំពេញដោយពលករចំណាកស្រុក និងប្រជាជនជាច្រើនដែលបានវិលត្រលប់មកពីប្រទេសថៃ។

យោងតាមលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថាចំនួនប្រជាជនកម្ពុជាដែលវិលត្រឡប់មកវិញតាមព្រំដែនអូរស្មាច់ដែលមានព្រំប្រទល់ជាប់នឹង Chong Chom ប្រទេសថៃជាមធ្យមមានចន្លោះពី ១៥០ ទៅជាង ៣២០ នាក់ក្នុងមួយថ្ងៃ។ លោកបន្តថា៖ «ដើម្បីឆ្លើយតបទៅនឹងការហូរចូលនៃពលករចំណាកស្រុក កងកម្លាំងបានផ្តល់រថយន្តចំនួន ២៥ គ្រឿងនិងចាត់តាំងកងយោធពលខេមរភូមិន្ទចំនួន ៥៥ នាក់ដែលប្រចាំការ ២៤ ម៉ោងក្នុងមួយថ្ងៃរួមជាមួយបុគ្គលិកសុខាភិបាល និងមន្ដ្រីផ្សេងទៀតដើម្បីផ្ដល់ជំនួយជាបន្ទាន់ដល់ប្រជាជនកម្ពុជាដែលរងគ្រោះដោយជំងឺកូវីដ-១៩ ហើយបានភៀសខ្លួនចេញពីប្រទេសថៃ »។ លោកបន្ថែមថា៖ «យើងកំពុងព្យាយាម និងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការផ្ទុះឡើងស្រដៀងគ្នានេះនៅក្នុងខេត្ត ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែជាក់ស្តែងមណ្ឌលចត្តាឡីស័ករបស់យើងស្ទើរតែពេញអស់ទៅហើយ។ យើងអាចទទួលពលករថ្មីៗដែលត្រលប់មកវិញបាន លុះត្រាតែនៅពេលដែលអ្នកនៅក្នុងមណ្ឌលត្រូវបានអនុញ្ញាត្តឲ្យត្រលប់ទៅផ្ទះវិញនៅចន្លោះ ១៤ ថ្ងៃ។ ពីការមកដល់រហូតដល់ពេលត្រលប់ទៅវិញ ប្រសិនបើគ្មានករណីវិជ្ជមាននោះទេ»។ គិតត្រឹមថ្ងៃព្រហស្បតិ៍មានពលករសរុបចំនួន ៧ ៣៦៦ នាក់ត្រូវបានចុះឈ្មោះនៅតាមមណ្ឌលផ្សេងៗ ហើយប្រជាជនចំនួន ២ ៤២៧ កំពុងបន្តស្ថិតក្នុងការធ្វើចត្តាឡីស័ក។ ចន្លោះពីថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍មានពលករសរុបចំនួន ៦៥៣ នាក់បានឆ្លងកាត់ច្រកព្រំដែនអូស្មាច់។ មណ្ឌលចត្តាឡីស័កធំជាងគេនៅខេត្តឧត្តរមានជ័យគឺមណ្ឌលហ៊ុនសែន សំរោង ដែលជាវិទ្យាល័យដោយគិតត្រឹមថ្ងៃព្រហស្បតិ៍មានពលករកម្ពុជាត្រលប់មកវិញខ្ពស់បំផុតចំនួន ៩៨០ នាក់ក្នុងនោះមានស្ត្រី ២៤៣ នាក់និងកុមារគ្រប់វ័យ។

លោក ឈួន ស៊ីធ្យា ប្រធានមណ្ឌលហ៊ុនសែន សំរោង បានប្រាប់កាសែតខ្មែរថាមស៍ថា បុគ្គលិកសិក្សារបស់លោកកំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាក ដោយសារមណ្ឌលនេះពេញហើយអ្នកដែលត្រលប់មកថ្មីកំពុងត្រូវបានបញ្ជូនទៅមណ្ឌលផ្សេងទៀត ប៉ុន្តែមិនយូរមណ្ឌលផ្សេងទៀតក៏បានពេញដូចគ្នា។

យោងតាមការឲ្យដឹងលោក ឃ្លោក ហួត ពលករកម្ពុជាជាច្រើននាក់បានត្រលប់មកពីប្រទេសថៃតាមរយៈច្រកព្រំដែនអូរស្មាច់ ព្រោះវាប្រហែលជាច្រកត្រួតពិនិត្យតែមួយគត់ដែលពួកគេអាចវិលត្រឡប់ដោយគ្មានការភ័យខ្លាច ឬត្រូវប្រើប្រាស់ច្រកត្រួតពិនិត្យខុសច្បាប់នៅកន្លែងផ្សេងទៀត។ លោកបន្តថា៖ «ពួកគេគ្រាន់តែត្រូវធ្វើដំណើរទៅដល់ច្រក Chong Chom ហើយដើរឆ្លងព្រំដែនដែលមន្ត្រីសុខាភិបាលនិងសន្តិសុខត្រៀមខ្លួនរួចជាស្រេចក្នុងការរង់ចាំ»។ ច្រកត្រួតពិនិត្យព្រំដែនផ្លូវការចំនួនពីរនៅឧត្តរមានជ័យគឺ Chong Sa Ngam ប្រទេសថៃ – អន្លង់វែងនិង Chong Chom ច្រកព្រំដែនអូរស្មាច់ មានតែច្រកទ្វារអន្តរជាតិអូស្មាច់ទេដែលបើកឲ្យពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃចូល៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

website_news/2021100207.txt · Last modified: 2021/02/10 11:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki