website_news:2021100501

លោកស្រី ជូ ប៊ុនអេង៖ ការជួញដូរមនុស្សមានការកើនឡើងអំឡុងពេលកម្ពុជាជាប់ដៃប្រយុទ្ធនឹងជំងឺកូវីដ១៩

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 09/05/2021 - 07:54

រយៈពេល៣ខែក្នុងឆ្នាំ២០២១នេះ ការជួញដូរមនុស្សនៅកម្ពុជា មានការកើនឡើងខ្ពស់រហូតដល់ទៅ៨៥ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹម២៧ករណី។ ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួន៨៥ករណី ត្រូវបានសមត្ថកិច្ចកម្ពុជាទប់ស្កាត់ និងបង្ក្រាបទាន់ពេល។ នេះជាតួលេខបណ្ដោះអាសន្ន ដែលត្រូវបានឲ្យដឹងដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី០៩ ឧសភានេះ លោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់ថា មូលហេតុមួយដែលធ្វើឲ្យការជួញដូរមនុស្ស មានការកើនឡើងដល់ទៅ៨៥ករណីត្រឹមតែរយៈពេល៣ខែ គឺដោយសារតែមេខ្យល់យល់ថា រដ្ឋាភិបាលកំពុងជាប់ដៃប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនបាននឹកគិតដល់ការចរាចរមនុស្សក្នុងទម្រង់នៃការជួញដូរមនុស្សនេះ។ តែផ្ទុយមកវិញ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្ក្រាបករណីជួញដូរមនុស្សនេះបានចំនួន៨៥ករណី និងបានឃាត់ខ្លួនជនសង្ស័យ៨៣នាក់។ ក្នុងចំណោម៨៥ករណីនៃការជួញដូរមនុស្ស អ្នកជំនាញបានញែកជាពីរផ្នែក ពោលគឺ៥៤ករណីជាទម្រង់មួយនៃការជួញមនុស្សឆ្លងដែន និងរៀបឆ្លងដែន តែរូបភាពទាំងនេះត្រូវបានសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលាដូចគ្នា។ ចំណែក៣១ករណី ក្នុងចំណោម៨៥ករណី គឺជាទម្រង់នៃការជួញដូរផ្លូវភេទនិងបានឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ជនរងគ្រោះទាំងនោះមានទាំងខ្មែរនិងបរទេស។ បើតាមលោកស្រី ជូ ប៊ុនអេង នៅក្នុងប្រតិបត្តិការជួយសង្គ្រោះមនុស្សពីក្រញាំនៃការជួញដូរធ្វើឡើងភ្លាមៗ ដោយមិនបណ្ដោយឲ្យជនទាំងនោះធ្លាក់ខ្លួនជាជនរងគ្រោះមុននោះទេ។ នៅចំពោះមុខបញ្ហានេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ក៏បានស្នើឱ្យពលរដ្ឋពិចារណាមុនធ្វើចំណាកស្រុក កុំឱ្យចាញ់បោកជនជួញដូរមនុស្ស ព្រោះការធ្វើចំណាកស្រុកពេលនេះ គឺជាការផ្សងព្រេងដ៏ប្រថុយប្រថាន ដែលអាចទទួលបានត្រឹមតែការខាតបង់ប្រាក់កាសប៉ុណ្ណោះ។ ចំណែកគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក៏ដូចជាក្រសួងមហាផ្ទៃ នឹងបន្តវិធានការសំខាន់ៗ២ចំនុច ក្នុងនោះ ទី១ជាការអនុវត្តច្បាប់ និងទី២គឺការស៊ើបរកជនជួញដូរមនុស្ស ដោយមានការស្នើឱ្យអាជ្ញាធរនៅជាប់ព្រំដែនអនុវត្តវិធានការតឹងរឹង បិទការធ្វើចរាចរណ៍តាមច្រករបៀងនានា និងតាមមធ្យោបាយអប់រំផ្សព្វផ្សាយផងដែរ ដែលការផ្សព្វផ្សាយនេះ ធ្វើឲ្យពលករចំណាកស្រុក១២ម៉ឺននាក់បានយល់និងត្រូវបានទប់ស្កាត់៕

website_news/2021100501.txt · Last modified: 2021/05/10 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki