website_news:2021100503

កម្ពុជារីករាយសហការជាមួយភាគីអាមេរិក ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនិងលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៧ ឧសភា ២០២១ ដោយ Kang Tola

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះកិច្ចសហការជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (USTR) ក្នុងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក (TIFA)ក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ និងលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់លោកហេង សួរ នេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (USTR) ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ (Virtual Meeting) ។

នៅក្នុងកិច្ចប្រជុំនេះ លោកបានលើកទ្បើងអំពីគោលបំណងនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ក្នុងការចូលរួមលើកកម្ពស់ការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈការផ្តល់លក្ខខណ្ឌកាន់តែងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការបង្កើតនិងចុះបញ្ជីសហជីព និងការចូលរួមសកម្មភាពសហជីពដើម្បីដោះស្រាយវិវាទការងាររួម។ លោករដ្ឋលេខាធិការបានបញ្ជាក់ជូនដំណាង USTR និងបានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធដាក់ពាក្យបណ្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងករណីដែលមានការរើសអើងសហជីព ដើម្បីក្រសួងអាចដោះស្រាយបានទាន់ពេលវេលា។ លោកក៏បានបង្ហាញអំពីវឌ្ឍនភាពការងារនានា ពាក់ព័ន្ធនឹងការចុះបញ្ជីអង្គការវិជ្ជាជីវៈ ការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ការចុះធ្វើអធិការកិច្ចការងារក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងការពង្រីកវិសាលភាពអនុវត្តចំពោះរោងចក្រផ្នែកផលិតផលិតផលធ្វើដំណើរនិងកាបូបផងដែរ។

លោកហេង សួរ បានបន្តទៀតថា ការលុបបំបាត់ពលកម្មកុមារនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះ ក្រសួងការងារបាននឹងកំពុងបន្តចុះធ្វើអធិការកិច្ច និងយុទ្ធនាការផ្សព្វផ្សាយដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់នៅពេលកុមារចូលក្នុងកន្លែងការងារ និងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកហេង សួរ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (USTR) ក្នុងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក (TIFA) ដោយសហការជាមួយដៃគូពាក់ព័ន្ធក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ និងលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ សំអឿន

website_news/2021100503.txt · Last modified: 2021/05/10 11:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki