website_news:2021100601

ការសម្រេចចិត្តរបស់បងប្អូនជាពលករ គឺនៅតែមិនខ្លាចពីគ្រោះថ្នាក់ ជាក់ស្តែងលួចឆ្លងដែនទាំងយប់

https://kohsantepheapdaily.com.kh/ Banteay Meanchey ០៩ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ០៩:៥២

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងប៉ុស្តិ៍សង្កែនៃនគរបាលការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាវរៈ៥១១ប្រចាំនៅបន្ទាត់ព្រំដែនស្រុកម៉ាឡៃបានពួនស្ទាក់ឃាត់ខ្លួនពលករ១៥នាក់ ដែលប្រុងលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ និងឃាត់បានទាំងជនសង្ស័យជាអ្នកជូនផ្លូវម្នាក់ផងដែរ។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង០៤ និង៣០នាទីព្រឹកថ្ងៃទី៩ មិថុនា នេះ ក្នុងភូមិសង្កែឃុំបឹងបេងស្រុកម៉ាឡៃ។ ពលករទាំង១៥នាក់ មានស្រី៨នាក់ កុមារ២នាក់ ដោយពួកគេមកពីខេត្តចំនួន៤ រួមមានបាត់ដំបង៨នាក់, កំពង់ធំ៤នាក់, ព្រៃវែង២នាក់ និងបន្ទាយមានជ័យ១នាក់។ ក្នុងនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាអ្នកជូនផ្លូវម្នាក់ផងដែរ គឺឈ្មោះយ៉ើន ណារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងឃុំស្រុកកើតហេតុខាងលើ។ លោកវរសេនីយ៍ សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ ប្រាប់តាមទូរស័ព្ទថា ការឃាត់ខ្លួនពលករ និងជនសង្ស័យខាងលើបាន គឺខណៈកម្លាំងប៉ុស្តិសង្កែរបស់លោកសហការជាមួយកម្លាំងយោធាវរៈ៥១១ ពិសេសអនុវត្តតាមបទបញ្ជាឲ្យទប់ស្កាត់រាល់បទល្មើសពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការដ្ឋាននគរបាលខេត្តតែម្តង។ ពលករទាំង១៥នាក់ រួមទាំងជនសង្ស័យជាអ្នកជូនផ្លូវត្រូវបានកម្លាំងជួរមុខធ្វើការប្រគល់ឲ្យខាងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃនៅព្រឹកថ្ងៃដដែល ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

website_news/2021100601.txt · Last modified: 2021/06/11 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki