website_news:2021100602

សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនពលករខ្មែ២០នាក់ និងមេខ្យល់១នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅថៃ

https://cen-news.com/ Posted ByPen Srey Neat June 9, 2021

បន្ទាយមានជ័យ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយព័ត៌មានថា កងកម្លាំងនគរបាល និងយោធាឈរជើងយាមប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលរដ្ឋខ្មែរប្រុស ស្រី ចំនួន២០នាក់ និងមេខ្យល់១នាក់ នៅចំណុច២ទីតាំងផ្សេងគ្នា គឺនៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈពួកគេបម្រុងឆ្លងដែនចូលទៅប្រទេសថៃ ។

យោងតាមរបាយការណ៍ របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤ និង៣០នាទីព្រឹក កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍សង្កែ សហការជាមួយកម្លាំងកងពលតូចលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៥នាក់ (ស្រី០៨នាក់ កុមារ០២នាក់) នៅក្នុងភូមិសាស្ត្រឃុំបឹងបេង ស្រុកម៉ាឡៃ ។ ក្នុងនោះឃាត់ខ្លួនអ្នកនាំផ្លូវ ១នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងបានប្រគល់ឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំ និងចាត់វិធានការបន្ត។

ដោយឡែក នៅស្រុកស្វាយចេក កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ថ្នល់បំបែក នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា៥០៣ និងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានដើរល្បាតក្នុងភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៥នាក់ (ស្រី២នាក់ ក្នុងនោះកុមារតូចអាយុ៣ឆ្នាំ១នាក់) បម្រុងលួច ឆ្លងដែនទៅប្រទេសថៃ ។ បន្ទាប់ពីឃាត់ខ្លួន និងសួរនាំ កម្លាំងបានបញ្ជូនទៅទីសំចត នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីចាត់ការបន្ត ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021100602.txt · Last modified: 2021/06/11 11:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki