website_news:2021100604

មន្ត្រីសង្គមស៊ីវិល ស្នើសមត្ថកិច្ចមូលដ្ឋានឱ្យចុះអប់រំប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាង

https://www.rfa.org/khmer/ ដោយ ហេង រស្មី 2021-06-09

អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តចុះអប់រំដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីទប់ស្កាត់ការនាំពលករឆ្លងដែនដោយខុសច្បាប់ទៅក្រៅប្រទេស។ លោកបន្តថា ពលករខ្មែរ ដែលមានជីវភាពលំបាក នៅតែបន្តឆ្លងដែនទៅប្រទេសថៃ បើទោះបីជាពួកគាត់ដឹងថា មានគ្រោះថ្នាក់ និងប្រឈមនៃការឆ្លងជំងឺកូវីដ១៩ ក៏ដោយ។ លោកថា ប្រសិនបើអាជ្ញាធរមូលដ្ឋាន ចុះអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាទាំងនេះ ប្រហែលជាអាចទប់ស្កាត់ការឆ្លងដែនបានខ្លះដែរ៖ «អ្វីដែលសំខាន់ពីមុនមកឃើញខាងអង្គការសង្គមស៊ីវិល ក្រសួងកិច្ចការនារី និងមន្ត្រីរដ្ឋាភិបាលចុះទៅណែនាំ។ ប៉ុន្តែកន្លងមកដល់សម័យកូវីដ នេះអត់មានការណែនាំអ្វីទេ ឱ្យតែឆ្លងដែនគឺចាប់តែម្ដង។ ពីមុនមករកឃើញពាក់ព័ន្ធ អ្នកដែលមេខ្យល់នាំឆ្លងដែន គឺពិបាករកណាស់។ មូលហេតុអ្វី គឺដោយសារអ្នកដែននាំឆ្លងដែន នៅកន្លែងហ្នឹងមានខាងយោធា បោះតង់ជួយមើលផ្លូវទៀត»។ សមត្ថកិច្ចខេត្តបន្ទាយមានជ័យនៅថ្ងៃទី៩ មិថុនា បានឃាត់ខ្លួនមេខ្យល់ម្នាក់ទៀតក្រោយពីបាននាំពលករចំនួន១៥នាក់ ឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃតាមច្រកព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទង មេបញ្ជាការវេរសេនាតូចនគរបាលការពារព្រំដែនគោក ៨១៥ លោក សួង សៅ បានទេ ដោយទូរស័ព្ទហៅចូលហើយ តែលោកនិយាយថា ស្ដាប់មិនឮ។ ចំណែកស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ថា លោកកំពុងស្រាវជ្រាវករណីនេះសិន។

តុលាការខេត្តបន្ទាយមានជ័យ កាលពីខែឧសភា បានសម្រេចឃុំខ្លួនមេខ្យល់ ៣នាក់ នៅក្នុងពន្ធនាគារខេត្ត បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបានកាលពីយប់ថ្ងៃទី២២ ឧសភា នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្នុងពេលដែលពួកគេកំពុង នាំពលករឆ្លងដែនដោយខុសច្បាប់ចំនួន ១០នាក់ទៅប្រទេសថៃ៕

website_news/2021100604.txt · Last modified: 2021/06/11 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki