website_news:2021100704

ខេត្តឧត្តរមានជ័យរកឃើញពលករវិជ្ជមានកូវីដ១៩ចន្លោះពី៥០-៧០នាក់ជាប្រចាំ ខណៈខេត្តកំពុងប្រឈមនឹងការខ្វះទីតាំងព្យាបាល

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 09/07/2021 - 13:31

ក្រោយពីមានការផ្ទុះរាលដាលជាថ្មីនៃជំងឺកូវីដ-១៩ នៅប្រទេសថៃ ខេត្តឧត្តរមានជ័យតាមច្រកព្រំដែនអូរស្មាច់បាន និងកំពុងទទួលពលករខ្មែរចូលមកវិញជាប្រចាំថ្ងៃ ចន្លោះពី២០០ ទៅ៣០០នាក់។ បើតាមលោកឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ ប្រាប់វិទ្យុបារាំងអន្តរជាតិឲ្យដឹងនៅល្ងាចថ្ងៃសុក្រនេះថា ក្នុងចំណោមពលករ២០០ទៅ៣០០នាក់ ជាប្រចាំថ្ងៃនោះ រកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ប្រមាណពី ៥០ ទៅ ៧០នាក់។ ប្រឈមនឹងការត្រលប់មកវិញនៃពលករជាកំហុក លោកបានឲ្យដឹងថា ខេត្តកំពុងប្រឈមនឹងការខ្វះទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្រាកព្យាបាល។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ជាតួលេខគិតត្រឹមថ្ងៃទី៤កក្កដា មានពលករខ្មែរចំនួន២២៣៤នាក់កំពុងធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅទីតាំងមណ្ឌលទាំង២៣នៅក្នុងខេត្តឧត្តរមានជ័យ។ ពួកគេត្រលប់ចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ដោយមានការត្រួតពិនិត្យ និងយកសំណាកជាប្រចាំពីសំណាក់មន្រ្តីជំនាញនៅច្រកព្រំដែន។ ក្នុងចំណោមនោះ ជាប្រចាំថ្ងៃមានពលករយ៉ាងហោចណាស់ពី៥០ទៅ៧០នាក់រកឃើញថាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស។ ក៏ប៉ុន្តែលោកអភិបាលរង បានបញ្ជាក់ថា ពុំអាចដឹងបានទេថាពួកគាត់ទាំងនោះមានវិជ្ជមានជំងឺកូវីដ-១៩ប្រភេទបំប្លែងខ្លួន«ដែលតា» ឬយ៉ាងណា ព្រោះរាល់សំណាកទាំងអស់ត្រូវដឹកជញ្ជូនយកមកពិនិត្យនៅឯវិទ្យសា្ថនប៉ាស័្ទរភ្នំពេញ។ ទោះជាយ៉ាងនេះក្តីលោកថា អាជ្ញាធរខេត្តបានរៀបចំវិធានការយ៉ាងម៉ត់ចត់ ក្នុងន័យបង្កាហានិភ័យណាមួយកើតឡើង។ កាលពីថ្ងៃទី២៥ មិថុនាកន្លងទៅ ក្រសួងសុខាភិបាលបានចេញនូវសេចក្តីសម្រេចឲ្យខេត្តទាំងអស់នៅតាមតំបន់ព្រំដែនរឹតបន្តឹងការធ្វើចត្តាឡីស័ក និងទទួលអ្នកដំណើរទាំងអស់ឲ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលនៅខេត្តទាំងនោះតែម្តង ដោយមិនឲ្យដឹកជញ្ជូនទៅខេត្តសាមី ដោយសារតែការឃើញជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ«ដែលតា»។

យ៉ាងណាក៏ដោយ ដោយសារតែចំនួនពលករខ្មែរត្រលប់ចូលមកកម្ពុជាមានចំនួនច្រើនគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ អភិបាលរងខេត្តឧត្តរមានជ័យ លោកឌី រ៉ាដូ បានឲ្យដឹងទៀតថា ទីតាំងសម្រាកធ្វើចត្តាឡីស័ក និងព្យាបាលទាំង២៣ នៅក្នុងខេត្តកំពុងប្រឈមនឹងសភាពខ្វះខាត។ ស្ថានការណ៍នេះត្រូវបានលោកបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងពិចារណាយកខេត្តជាប់នឹងខេត្តឧត្តរមានជ័យ ធ្វើជាទីតាំងសម្រាកចត្តាឡីស័កនិងព្យាបាលរាល់ពលករដែលចូលមកវិញ។ ជាគោលដៅក្រោយការពិភាក្សា រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងអាចយកខេត្តសៀមរាបសម្រាប់ដាក់សម្រាកនិងព្យាបាលបន្ថែម ព្រោះងាយស្រួលក្នុងការចល័តពលករ។

គួរបញ្ជាក់ថា គិតចាប់តាំងពីមានការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩នៅសាមុតប្រាកានអំឡុងខែធ្នូឆ្នាំ២០២០មក ជាតុល្យការមានពលករខ្មែរត្រលប់ចូលមកកម្ពុជាវិញតាមច្រកព្រំដែនអូរស្មាច់ចំនួន៨២៨២៥នាក់៕

website_news/2021100704.txt · Last modified: 2021/07/12 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki