website_news:2021100706

ការធ្វើតេស្តជនទេសន្តរប្រវេសន៍ជាង ១៣ ០០០ នាក់ រកឃើញអ្នកកើតជំងឺរបេង ២០០ នាក់

https://www.postkhmer.com/national/ វ៉ន ដារ៉ា | Publication date 09 July 2021 | 10:22 ICT

ភ្នំពេញៈ ចាប់ពីខែមករាឆ្នាំមុនមកដល់ខែមិថុនា ឆ្នាំ២០២១នេះ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានធ្វើតេស្តជនទេសន្តរប្រវេសន៍ជាង ១៣០០០ នាក់ រករោគឃើញអ្នកមានជំងឺរបេងប្រមាណ ២០០ នាក់ ហើយបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ខណៈមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន អ្នកឆ្លងជំងឺរបេងមានការធ្លាក់ចុះច្រើន។

លោកស្រី ឌុំ ច័ន្ទធីតា មន្ត្រីគម្រោងថ្នាក់ជាតិទទួលបន្ទុកផ្នែកសុខភាពទេសន្តរប្រវេសន៍នៃអង្គការ IOM ប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីម្សិលមិញថា លទ្ធផលខាងលើបានរកឃើញ តាមរយៈកិច្ចសហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរខេត្ដបន្ទាយមានជ័យក្នុងការអនុវត្តគោលនយោបាយ សុខភាពទេសន្តរប្រវេសន៍នៅខេត្តបន្ទាយមានជ័យឱ្យកាន់តែប្រសើរឡើង។ លោកស្រីបញ្ជាក់ថា៖ «អង្គការ IOM បានធ្វើតេស្តជនទេសន្តរប្រវេសន៍ជាង ១៣ ០០០ នាក់ ដើម្បីរកមើលរោគសញ្ញាជំងឺរបេងក្នុងចំណោមនេះ ជនទេសន្តរប្រវេសន៍ប្រមាណ ២០០ នាក់ មានជំងឺរបេង និងត្រូវបានបញ្ជូនទៅទទួលការព្យាបាលក្នុងនោះក៏មានអ្នកជំងឺមួយចំនួន បានព្យាបាលជាសះស្បើយរួចហើយដែរ»។ ទិន្នន័យនេះគឺជាទិន្នន័យសរុបដែលយើងបានធ្វើតាំងពីការចាប់ផ្ដើមអនុវត្ដគម្រោងកាលពីខែមករា ឆ្នាំ ២០២០ រហូតដល់ខែមិថុនា ឆ្នាំនេះ។ កាលពីការអនុវត្ដគម្រោងនេះជំហានដំបូង អង្គការ IOM បានអនុវត្ដចំពោះជនទេសន្តរប្រវេសន៍ដែលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនដោយផ្ទាល់ភ្លាមៗតែម្ដង។ ប៉ុន្ដែដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ ការអនុវត្ដនេះបានផ្លាស់ប្ដូរនៅអំឡុងខែកញ្ញាឆ្នាំមុន ដោយក្រុមការងាររបស់អង្គការបានចុះទៅធ្វើតេស្ដរកមេរោគរបេងដល់ពលករនៅមូលដ្ឋាន នៅក្នុងសហគមន៍តែម្ដង គឺលែងធ្វើនៅមាត់ច្រកព្រំដែនទៀតហើយ។ លោកស្រី ឌុំ ច័ន្ទធីតា បានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោងនេះកំពុងអនុវត្ដនៅក្នុងស្រុកប្រតិបត្ដិចំនួន ៣ គឺក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី និងស្រុកម៉ាឡៃ ខណៈអង្គការ IOM នឹងពង្រីកគម្រោងនេះទៅតាមបណ្ដាស្រុកផ្សេងទៀតឱ្យបានទូទាំងខេត្ដបន្ទាយមានជ័យ។

លោក ហួត ចាន់យូដា នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាលប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្រុមការងាររបស់ក្រសួងសុខាភិបាលកំពុងបន្តអនុវត្ដការងារ ស្វែងរកមេរោគរបេង និងព្យាបាលជំងឺរបេងដល់ពលរដ្ឋដដែល មិនមានការអាក់ខានឡើយ។ ចំណែកការសហការជាមួយអង្គការ IOM គឺនៅតែបន្តសហការនៅក្នុងភូមិសាស្ដ្រខេត្ដបន្ទាយមានជ័យ លើពលករចំណាកស្រុកមកពីប្រទេសថៃ។ លោកថ្លែងថា៖ «ការងារប្រយុទ្ធប្រឆាំងនឹងមេរោគរបេង ជំងឺរបេងនេះ គឺយើងនៅបន្តដំណើរការទៅមុខជានិច្ច ទោះបីជាជំងឺកូវីដ ១៩ បានកំពុងវាយលុកក៏ដោយ។ ការងារនេះគឺតម្រូវឱ្យយើងមានកិច្ចសហការគ្នាបន្តទៀតរវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិលដៃគូដែលពាក់ព័ន្ធទាំងអស់»។ លោកឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកជំងឺរបេងចំនួន ២៩ ១៣៦ ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៩៤ ភាគរយ។ ចំណែកអត្រាស្លាប់ ដោយសារជំងឺរបេងចាប់តាំងពីឆ្នាំ ២០១១ រហូតមកដល់ឆ្នាំ ២០១៩ គឺមានការធ្លាក់ចុះជាង ៥០ ភាគរយ។ កាលពីឆ្នាំ ២០១៩ មានអ្នកស្លាប់ដោយសាររបេងចំនួន ១៧ ករណីក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេសជាង ១០ លាននាក់។ ចំណែកទិន្នន័យស្លាប់ឆ្នាំ ២០២១ មិនទាន់មានការបូកសរុបនៅឡើយទេ។ ប៉ុន្ដែលោក ហួត ចាន់យូដា អះអាងថា រយៈពេល ៦ ខែឆ្នាំ ២០២១ នេះ បើប្រៀបធៀបជាមួយឆ្នាំ ២០២០ គឺមានការធ្លាក់ចុះ។ លោកបន្តថា ដោយសារការរីករាលដាលជំងឺកូវីដ១៩ សកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគរបេងមួយចំនួនត្រូវបានអាក់ខាន។ ប៉ុន្ដែការផ្ដល់សេវាព្យាបាល និងការស្រាវជ្រាវរកមេរោគរបេង គឺនៅតែបន្តធ្វើដដែល។

លោកស្រី ឌុំ ច័ន្ទធីតា បានលើកឡើងថា ជំងឺរបេងគឺជាជំងឺឆ្លង។ ជំងឺនេះអាចមានគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើអ្នកជំងឺមិនទៅទទួលការព្យាបាល។ ដូច្នេះអ្វីដែលអង្គការ IOM ព្យាយាមរកមេរោគរបេងនេះ គឺដើម្បីកំណត់រកមុខសញ្ញារកមេរោគរបេងឱ្យទាន់ពេលវេលា ការពារកុំឱ្យជនដែលមានផ្ទុកមេរោគរបេង ចម្លងទៅដល់សមាជិកគ្រួសាររបស់ពួកគេ ឬអ្នកផ្សេងទៀត។ លោកស្រីបន្តថា មេរោគបេងនេះ គឺងាយឆ្លងដូចមេរោគកូវីដ ១៩ ដែរ ហើយដើម្បីធ្វើការទប់ស្កាត់ គឺត្រូវកាត់បន្ថយការចម្លងទៅកាន់អ្នកដទៃ នៅពេលដែលរកឃើញអ្នកដែលមានរោគសញ្ញាភ្លាមៗ។ ពីព្រោះបើសិនអ្នកផ្ទុកមេរោគរបេងទៅព្យាបាលទាន់ពេល គឺមិនអាចប្រឈមនឹងការស្លាប់ទេ។

ប៉ុន្ដែលោកស្រីបញ្ជាក់ថា ការព្យាបាលជំងឺនេះ គឺត្រូវការពេលវេលាយូរ រហូតដល់ ៦ ខែដោយអ្នកជំងឺត្រូវអនុវត្ដទៅតាមវិជ្ជបញ្ជារបស់គ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ។ លោកស្រី ឌុំ ច័ន្ទធីតា បញ្ជាក់ថា៖ «អង្គការ IOM មានក្រុមការងារទំនាក់ទំនងជាមួយមណ្ឌលសុខភាព នៅមូលដ្ឋានដោយផ្ទាល់ ដើម្បីតាមដានដល់អ្នកជំងឺរបេង ដែលត្រូវព្យាបាលដើម្បីប្រាកដថា ពួកគេនឹងអនុវត្ដបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ និងទទួលយកថ្នាំទៅព្យាបាលទៀងទាត់»៕

website_news/2021100706.txt · Last modified: 2021/07/12 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki