website_news:2021100803

កំពង់ធំ! ពលករមកពីថៃ គ្មានរោគសញ្ញា ទៅធ្វើចត្តាឡីស័កតាមផ្ទះ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១

(កំពង់ធំ)៖ ក្រោយទទួលអនុសាសន៍ ពីសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបន្ទាន់តាមរយៈប្រព័ន្ធវីដេអូ Zoom ជាមួយរដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីត្រៀមលក្ខណៈទុកជាមុនសំរាប់ទទួលពលករវិលត្រឡប់មកពីប្រទេសថៃ ដោយ ឯកឧត្តម សុខ លូ បញ្ជាក់ថា ករណីគ្មានរោគសញ្ញាអ្វីទេ គឺសូមស្នើសុំពិនិត្យលទ្ធភាព ដើម្បីបញ្ចេញពួកគាត់ទៅធ្វើចត្តាឡីស័កបញ្ចប់នៅតាមផ្ទះបន្តទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា នៅថ្ងៃខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលនឹងបើកច្រកព្រំដែន ដែលតម្រូវឱ្យតាមបណ្ដាខេត្តនីមួយៗ ត្រូវត្រួតពិនិត្យមើលត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករដែលវិលត្រឡប់មកពីប្រទេសថៃ រហូតដល់កម្រិតថ្នាក់ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ប៉ុន្តែមណ្ឌលសម្រាប់ព្យាបាលកម្រិតស្រាលអ្នកជំងឺកូវីដ ១៩ ត្រឹមកម្រិតថ្នាក់ ក្រុង ស្រុក និងថ្នាក់ខេត្ត ។

ឯកឧត្តមបន្តថា ចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងប្រភេទវីរុសបំលែងថ្មី (Delta) ត្រូវដាក់ពួកគាត់នៅដាច់ដោយឡែកពីគេ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមបន្ថែមទៀតថា ចំពោះបងប្អូនដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ សូមពិនិត្យមើលឱ្យបានច្បាស់លាស់ បើគ្មានរោគសញ្ញាអ្វីទេ គឺសូមស្នើសុំពិនិត្យលទ្ធភាព ដើម្បីបញ្ចេញពួកគាត់ទៅធ្វើចត្តាឡីស័កបញ្ចប់នៅតាមផ្ទះបន្តទៀត ដោយមានការតាមដាន ឃ្លាំមើល និងត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋានឲ្យបានហ្មត់ចត់ និងមានការចងខ្សែហ៊ុមព័ទ្ធផ្ទះរបស់ពួកគាត់ផងដែរ៕

website_news/2021100803.txt · Last modified: 2021/08/10 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki