website_news:2021100804

អាជ្ញាធរខេត្តកណ្ដាល ត្រៀមយកវិទ្យាល័យចំនួន ២ ធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករមកពី ថៃ

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ៨ សីហា ២០២១ដោយ Blue Sky

អាជ្ញាធរខេត្តកណ្ដាល ត្រៀមយកវិទ្យាល័យសិរីមង្គល និងវិទ្យាល័យ ជាស៊ីម សាមគ្គី ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្រាប់ទទួលពលករ ដែលវិលត្រលប់មកពីប្រទេសថៃវិញ។ ការត្រៀមមណ្ឌលចត្តាឡីស័កនេះបានធ្វើឡើងអនុវត្តនូវសារាចរណែនាំលេខ០៥ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក៏ដូចជាប្រសាសន៍ណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រាជធានី ខេត្តទាំងអស់ ក្នុងការត្រៀមលក្ខណៈរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាម រាជធានី ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យមណ្ឌលចត្តាឡីស័ក ទាំងពីរកន្លែងនេះកាលពីរសៀលថ្ងៃទី ៧ សីហា លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បាន ណែនាំដល់អាជ្ញាធរស្រុកពញាឮ ត្រូវរៀបចំមណ្ឌលចត្តាឡីស័កទាំងពីរឲ្យបានស្អាត ដោយធានាបាននូវផាសុខភាព និងសុវត្ថិភាព ក្នុងពេលកំពុងធ្វើចត្តាឡីស័ករបស់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ។ ជាងនេះទៅទៀតអាជ្ញាធរស្រុក ត្រូវរៀបចំគ្រែឲ្យបានគ្រប់គ្រាន់ ត្រូវមានកន្លែងសម្រាប់លាងដៃ បន្ទប់ទឹកត្រូវឲ្យបានស្អាត ព្រមទាំងរៀបចំទីធ្លាឲ្យបានធំទូលាយ ដើម្បីឲ្យបងប្អូនពលករទាំងអស់ ធ្វើលំហាត់ប្រាណ។ លើសពីនេះទៀតអាជ្ញាធរស្រុក ត្រូវរៀបចំនូវអាហារឲ្យបានសមរម្យចំនួនបីពេលក្នុងមួយថ្ងៃ ជូនដល់បងប្អូនពលករដែលកំពុងធ្វើចតាឡីស័កផងដែរ។

លោក យី យ៉េន អភិបាលស្រុកពញាឮ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កចំនួន២កន្លែងដើម្បីត្រៀមសម្រាប់ទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃនេះ ក្នុងនោះរួមមានមណ្ឌលចត្តាឡីស័ក វិទ្យាល័យសិរីមង្គល និងវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលអាចដាក់អ្នកចត្តាឡីស័កបានជិត ១ពាន់នាក់។ លោកបន្ថែមថា នៅទូទាំងស្រុកពញាឮ មានប្រជាពលរដ្ឋដែលកំពុងធ្វើពលករនៅប្រទេសថៃ ប្រមាណជាង៣០០នាក់៕ សំអឿន

website_news/2021100804.txt · Last modified: 2021/08/10 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki