website_news:2021100805

កងទ័ពកំពុងសម្រុកដឹកជញ្ជូនពលករ ដែលត្រឡប់ពីថៃ ដើម្បីឱ្យបន្តធ្វើចត្តាឡីស័កនៅស្រុកកំណើត

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 08 August 2021 | 20:09 ICT

ភ្នំពេញៈ កងយោធពលខេមរភូមិន្ទ និងរថយន្តជាច្រើនគ្រឿងកំពុងចេញប្រតិបត្តិការដឹកជញ្ជូនពលករខ្មែរជាង១ម៉ឺននាក់ ដែលបានវិលត្រឡប់មកពីថៃវិញ ហើយកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តកម្ពុជាជាប់ព្រំដែនថៃដោយបញ្ជូនពួកគាត់ឱ្យទៅបន្តធ្វើចត្តាឡីស័កនៅស្រុកកំណើត ដើម្បីទុកកន្លែងធ្វើចត្តាឡីស័កនៅខេត្តជិតព្រំដែន សម្រាប់ពលករដែលជាប់ក្នុងទឹកដីថៃនៅពេលពួកគេមកដល់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៨សីហាថា ការដឹកជញ្ជូនពលករ ពីតាមព្រំដែននាពេលកន្លងមកគឺ បានធ្វើជាបន្តបន្ទាប់រួចមកហើយ។ ប៉ុន្តែពេលនេះគឺ រដ្ឋាភិបាលបានដាក់ចេញវិធានការក្នុងទ្រង់ទ្រាយធំដើម្បីនាំយកពលករទាំងអស់ដែលកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនបញ្ជូនទៅបន្តធ្វើចត្តាឡីស័កនៅស្រុកកំណើតបន្តទៀត បើទោះជាពួកគេ មិនទាន់ធ្វើចត្តាឡីស័កគ្រប់ចំនួនហើយក៏ដោយ ។ លោកបញ្ជាក់ថា ការធ្វើយ៉ាងដូច្នេះ គឺដើម្បីរក្សាកន្លែងធ្វើចត្តាឡីស័កនៅតាមព្រំដែនទាំងនេះសម្រាប់ដាក់ពលករដែលកំពុងជាប់គាំងនៅលើទឹកដីថៃ ដែលគ្រោងនឹងអនុញ្ញាតឲ្យចូលកម្ពុជាវិញ។ លោកបានរៀបរាប់ថា៖«ចំពោះដំណាក់ការចុងក្រោយនេះគឺយើងធ្វើការងារនេះមានលក្ខណពិសេសជាងមុនៗទៀត មានន័យថា អ្នកដែលចូលមកមុននេះយើងឲ្យដាក់នៅកន្លែងចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនទាំងអស់។ ឥឡូវនេះ អ្នកចត្តាឡីស័កហ្នឹង បើធ្វើចត្តាឡីស័កបានតែ១អាទិត្យហើយគឺយើងរំដោះចេញពីកន្លែងចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនបញ្ជូនទៅតាមខេត្តផ្សេងៗ »។

បើតាមលោក ទៀ បាញ់ ចំនួនពលករកំពុងធ្វើចត្តាឡីស័កដែលត្រូវបញ្ជូនចេញពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ គឺមានជាង១ម៉ឺននាក់ដោយក្នុងនោះត្រូវប្រើប្រាស់រថយន្តចំនួន២០០គ្រឿងនិងកម្លាំងទ័ពប្រចាំការទូទាំងប្រទេសដើម្បីចូលរួមអនុវត្តវិធានការនេះ។ លោកបានបន្ថែមទៀតថា៖«យើងបានរៀបចំជាហូរហែមកហើយនូវរថយន្តមានជាង ២០០គ្រឿង និងអ្នកនៅប្រចាំការតាមបណ្តាទិសជាង ២០០នាក់។ ក៏ប៉ុន្តែយើងនឹងមានគម្រោងបន្ថែមទៀត ប្រសិនបើមានសំណើពីបណ្តាខេត្តជាប់ព្រំដែនច្រើន គឺយើងត្រូវបន្ថែម។ គ្រាន់ពេលនេះ រថយន្តជាង ២០០គ្រឿង កំពុងចូលគោលដៅ»។

កាលពីល្ងាចថ្ងៃទី៦ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យកងទ័ព ចេញឡាន ទៅដឹកជញ្ជូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនថៃ ដើម្បីត្រៀមកន្លែងទាំងនោះទុកទទួលពលករខ្មែរថ្មី ដែលកំពុងវិលត្រឡប់មកពីប្រទេសថៃ។ ការសម្រុកវិលត្រឡប់មកកម្ពុជាវិញរបស់ពលករខ្មែរនាពេលនេះ ក៏ព្រោះតែប្រទេសថៃកំពុងផ្ទុះនូវការរីករាលជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទដែលតា ដែលធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសទាំង២សម្រេចបិទខេត្តជាច្រើននិងផ្អាកសកម្មភាពការងារជាច្រើនផងដែរ។

លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩៩ ដែលបានដឹកនាំកម្លាំងនិងរថយន្តជាច្រើនគ្រឿងឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៨ សីហាថា កម្លាំងបានដឹកពលករជាច្រើនពាន់យកទៅដាក់បន្តនៅមណ្ឌលចត្តាឡីស័កនៃខេត្តដែលជាស្រុកកំណើតរបស់ពលករ។ លោកថា ក្នុងពេលនេះ កម្លាំងទ័ព ក៏បន្តប្រតិបត្តិការនេះ យ៉ាងមមាញឹក ហើយចំនួនពលករដែលត្រូវបញ្ជូន ក៏នៅតែមានចំនួនច្រើនផងដែរ។ លោកបានបញ្ជាក់ថា៖ «យើងមិនទាន់បូកសរុបចំនួនមនុស្សនោះទេ។ គ្រាន់តែដឹងថា ចំនួនមនុស្សដែលយើងបានដឹកចេញពីព្រំដែន គឺច្រើនណាស់។ ខ្ញុំនឹងបញ្ជូនរបាយការណ៍ឲ្យនៅពេលក្រោយ»។

លោក សុខ លូ អភិបាលខេត្តកំពង់ធំបានលើកឡើងថា រដ្ឋបាលខេត្តកំពង់ធំបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលពលករវិលត្រឡប់មកពីប្រទេសថៃតាមរយៈយន្តការថ្មីរបស់រដ្ឋាភិបាល ក្នុងការបើកព្រំដែនទទួលយកពលករខ្មែរចំណូលថ្មី។ លោកបានបញ្ជាក់ថា៖«ប្រមុខរាជរដ្ឋាភិបាលនឹងបើកច្រកព្រំដែនដែលតម្រូវឲ្យតាមបណ្ដាខេត្តនីមួយៗ ត្រូវត្រួតពិនិត្យមើលត្រៀមរៀបចំមណ្ឌលចត្តាឡីស័កសម្រាប់ទទួលពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ រហូតដល់កម្រិតថ្នាក់ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត។ ចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងប្រភេទវីរុសបំប្លៃងថ្មី(Delta) ត្រូវដាក់ពួកគាត់នៅដាច់ដោយឡែកពីគេ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល»។ ក្នុងនោះលោកអះអាងថា សម្រាប់អ្នកដែលពាក់ព័ន្ធផ្ទាល់និងប្រយោលក្នុងព្រឹត្តិការណ៍២០កុម្ភៈ សូមពិនិត្យមើលឱ្យបានច្បាស់លាស់ បើគ្មានរោគសញ្ញាអ្វីទេ គឺសូមស្នើសុំពិនិត្យលទ្ធភាព ដើម្បីបញ្ចេញពួកគាត់ទៅធ្វើចត្តាឡីស័កបញ្ចប់នៅតាមផ្ទះបន្តទៀត ដោយមានការតាមដាន ឃ្លាំមើល និងត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋានឲ្យបានហ្មត់ចត់ និងមានការចងខ្សែហ៊ុមព័ទ្ធផ្ទះរបស់ពួកគាត់ផងដែរ៕

website_news/2021100805.txt · Last modified: 2021/08/10 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki