website_news:2021100806

ត្រៀមគ្រែប្រមាណជិតបួនពាន់សម្រាប់ទទួលព្យាបាលពលករមកពីប្រទេសថៃ

https://www.rasmeinews.com/ 8 August, 2021

ដោយៈបូកគោ/កំពតៈ អនុវត្តតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីបញ្ហាពលករវិលត្រឡប់មកពីប្រទេសថៃ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ អភិបាលខេត្តកំពត បានតម្រូវដល់អាជ្ញាធរក្រុងស្រុកត្រៀមកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឱ្យបានត្រឹមត្រូវ។ ក្នុងនោះ គ្រែសម្រាប់សម្រាកព្យាបាលជិត៤.០០០គ្រែ ត្រូវបានរៀបចំរួចរាល់។

លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា តាមការបញ្ជាក់ឱ្យដឹងរបស់សម្តេចតេជោ គឺពលករប្រមាណជាង១ម៉ឺននាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃនឹងត្រូវបញ្ជូនបន្តមកកាន់ខេត្តរៀងៗខ្លួន ដើម្បីទុកកន្លែងសម្រាប់អ្នកមកក្រោយបន្ទាប់ទៀត។ ម្ល៉ោះហើយ រដ្ឋបាលក្រុងស្រុកត្រូវចាប់ផ្តើមអនុវត្តនូវវិធានការបីចំណុចជាសំខាន់។ ក្នុងនោះ រួមមាន៖ ១. បញ្ជូនអ្នកធ្វើចត្តាឡីស័កនៅតាមបណ្តាក្រុងស្រុកឱ្យទៅធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះរៀងៗខ្លួន។ ២. ទៅទទួលពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃមកកាន់ខេត្តកំពត។ ៣.រៀបចំមណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័កបន្ទាន់សម្រាប់ទទួលពលករមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ទៀត ។

លោកអភិបាលខេត្តបានបញ្ជាក់ថា នាដំណាក់កាលចុងក្រោយនេះ លទ្ធផលនៃការធ្វើតេស្តលើពលករត្រឡប់មកពីប្រទេសថៃ គឺអ្នកផ្ទុកជំងឺកូវីដ១៩ភាគច្រើនជាប្រភេទវីរុសដែលតា។ ដូច្នេះ ដើម្បីទប់ស្កាត់បាននូវការឆ្លងរីករាលដាលនូវជំងឺកូវីដប្រភេទបំប្លែងថ្មី អាជ្ញាធរត្រូវអនុវត្តតាមសារាចរណែនាំឱ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត។ និយាយរួម ពេលបញ្ជូនពលករមកដល់គឺអ្នករស់នៅក្រុងស្រុកណា រដ្ឋបាលក្រុងស្រុកនោះជាអ្នកទទួលខុសត្រូវ ទាំងមណ្ឌលព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក។ ជាជំហានបឋម រដ្ឋបាលខេត្តបានត្រៀមមណ្ឌលព្យាបាលដែលមានគ្រែប្រមាណជិតបួនពាន់៕

website_news/2021100806.txt · Last modified: 2021/08/10 12:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki