website_news:2021100807

អាជ្ញាធរខេត្តបាត់ដំបង ត្រៀមទីតាំងជាង៤០កន្លែង សម្រាប់ទទួលពលករខ្មែរមកពីថៃ

https://cen.com.kh/ Posted ByPen Srey NeatAugust 9, 2021

បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ ដំបងបានត្រៀមទីតាំងជាង ៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករខ្មែរមកពីថៃ ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសបើកច្រកព្រំដែនជាមួយភាគីថៃឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្នុងកិច្ចប្រជុំស្ដីពី ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបងបានថ្លែងថា រដ្ឋបាលខេត្តបានរៀបចំផែន ការត្រៀមទីតាំងចំនួន ៤១ កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករមកពីប្រទេសថៃ ព្រមទាំងត្រៀមនូវក្រុមគ្រូពេទ្យសម្រាប់ការធ្វើតេស្តរហ័ស និងកងកម្លាំងប្រចាំការការពារទីតាំងមណ្ឌល ដោយសារតែពលករដែលនឹងចូលមក គឺត្រូវបានចាត់ទុកថាជាអ្នកដែលនឹងផ្ទុកនូវវីរុសកូវីដប្រភេទ Delta» ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការពង្រឹងកងកម្លាំងមានសមត្ថកិច្ចឈរ ជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តមិនឱ្យពលករ ឬប្រជាជនលួចចេញចូលបាន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្ដម ងួន រតនៈបានឱ្យដឹងទៀតថា ក្នុងអំឡុងពេលដែលខេត្តបាត់ដំបង បិទខ្ទប់រយៈពេល១៤ថ្ងៃនេះ មានបងប្អូនពលករខ្មែរ ដែលជាប់គាំងនៅទល់ដែនសរុប ២៤៥ នាក់ (ក្នុងនោះខេត្តច័ន្ទបូរី ២៣៤នាក់ និងខេត្តស្រះកែវ ១១នាក់)។ បច្ចុប្បន្ននេះ ខេត្តបាត់ដំបង មានមណ្ឌលចត្តាឡីស័កសរុបចំនួន ២០មណ្ឌល នៅតាម បណ្តាក្រុងស្រុកទាំង១៤ និងមានអ្នកចូលធ្វើចត្តាឡីស័កសរុបចំនួន ៣៧ ៦៥០នាក់ បញ្ចប់ចំនួន ៣៥ ៧៤៥នាក់ និងសល់កំពុងធ្វើចត្តាឡីស័កសរុប ១ ៩០៥នាក់៕ រក្សាសិទ្ធិដោយ៖CEN

website_news/2021100807.txt · Last modified: 2021/08/10 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki