website_news:2021100808

ពលករខ្មែរ៤២នាក់ មានទាំងកូនក្មេងផង ដែលកំពុងជាប់នៅព្រំដែនកម្ពុជា-ថៃ ទទួលស្បៀងអាហារ និងសម្ភារៈ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ៩ សីហា ២០២១ដោយ Kang Tola

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែសីហា នេះថា ថ្ងៃនេះក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ខេត្តសុរិន្ឋ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនពលករខ្មែរ ដែលកំពុងជាប់នៅស្រុកកាបឆឺង ខេត្តសុរិន្ឋ ព្រំដែនកម្ពុជា-ថៃ សំរាប់ប្រើប្រាស់ និងទទួលទានជាបណ្តោះអាសន្ន ក្នុងរយ:ពេលរង់ចាំវិលត្រឡប់មកកម្ពុជាវិញ។ បើតាមលោក កុយ គួង ស្បៀងអាហារ និងសម្ភារ:ប្រើប្រាស់ទាំងនោះ មានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ពងមាន់ ទឹកដោះគោ ទឹកសុទ្ធ នំកញ្ចប់ ផ្លែឈើ ម៉ាស់ ជែល អាកុល សាប៊ូបោកខោអាវ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

សូមបញ្ជាក់ថា បងប្អូនពលករខ្មែរទាំងនោះមានចំនួន៤២នាក់ (ស្រី១៩នាក់) និងកូនក្មេង០៣នាក់ ធ្វើដំណើរមកពីតាមបណ្តាខេត្ត-ក្រុងផ្សេងៗ នៃប្រទេសថៃ ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ ហើយបច្ចុប្បន្នពួកគាត់កំពុងជាប់ និងស្នាក់នៅក្បែរព្រំដែនថៃ-កម្ពុជា ស្ថិតក្នុងស្រុកកាបឆឺង ខេត្តសុរិន្ឋ ទល់មុខនឹងក្រុងសំរោង ខេត្តឧត្តរមានជ័យ៕ ដោយ ៖ កោះកែវ

website_news/2021100808.txt · Last modified: 2021/08/10 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki