website_news:2021100810

អគ្គកុងស៊ុលកម្ពុជា នាំយកស្បៀងអាហារចែកជូនពលករខ្មែរ១៨៥នាក់ ដែលកំពុងជាប់ នៅខេត្តចាន់ថាបុរី

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ៧ សីហា ២០២១ដោយ Sorn Phanith

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃទី០៧ ខែសីហានេះថា កាលពីនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ សហការជាមួយមូលនិធិបណ្តាញលើកកម្ពស់គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋខេត្តចាន់ថាក់បុរី បានចុះជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន ទៅចែកជូនពលករខ្មែរ ចំនួន១៨៥នាក់ និងកូនក្មេង០៧នាក់ ដែលធ្វើដំណើរមកពីបណ្តាលខេត្តផ្សេងៗ និងទីក្រុងបាងកក មានបំណងវិលត្រឡប់ទៅកម្ពុជាវិញ ហើយ បច្ចុប្បន្នពួកគាត់កំពុងជាប់ និងស្នាក់នៅក្នុងខេត្តចាន់ថាបុរី។ បើតាមលោក កុយ គួង ស្បៀងអាហារទាំងនោះ មានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មើមឆៃថាវ ប៉េងបោះ ខ្ទឹមបារាំង ពងមាន់ ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ជែល ទឹកអាកុលលាងដៃ និងសម្ភារ:ប្រើ ប្រាស់មួយចំនួនទៀត។ លោកបញ្ជាក់ថា ពលករខ្មែរទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរថៃ ផ្តល់កន្លែអោយស្នាក់នៅសមរម្យ និងអាហារបីពេល ក្នុងមួយថ្ងៃ និងមានសុខភាពល្អជាធម្មតា។

សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ ក៏បានចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន មានដូចជា មីកញ្ចប់ ពងមាន់ ទឹកដោះគោ សាប៊ូបោកខោអាវ សំលៀកបំពាក់ និងប៉ាតង់ និងបាយចំនួន២៥០ ប្រអប់ ផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន២៤៥នាក់ ដែលធ្វើដំណើរមកពីបណ្តាខេត្ត នានា និងទីក្រុងបាងកក ប្រទេសថៃ មានបំណងវិលត្រឡប់ទៅកម្ពុជាវិញផងដែរ៕

website_news/2021100810.txt · Last modified: 2021/08/10 12:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki