website_news:2021100901

បញ្ជូនសំណុំរឿងមេខ្យល់នាំពលករឆ្លងដែនទៅតុលាការ តែមិនទាន់បញ្ជូនជនសង្ស័យព្រោះមានឆ្លងកូវីដ

https://www.postkhmer.com/ អោម ប៊ុនធឿន | Publication date 08 September 2021 | 16:49 ICT

បាត់ដំបងៈ នគរបាលខេត្តបាត់ដំបងនៅរសៀលថ្ងៃទី ៨ ខែកញ្ញានេះ បានបញ្ជូនសំណុំរឿងមេខ្យល់ ២ នាក់ទៅតុលាការ បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកចាប់បញ្ជូនទៅស្នងការដ្ឋានកាលពីថ្ងៃទី ៦ ខែកញ្ញា ពាក់ព័ន្ធករណីនាំពលរដ្ឋខ្មែរចំនួន ១១ នាក់ បម្រុងឆ្លងដែនទៅថៃដោយខុសច្បាប់ ក៏ប៉ុន្តែមិនទាន់បញ្ជូនជនសង្ស័យទេ ដោយសារមានករណីឆ្លងកូវីដ ១៩។

លោកស្រី រស់ ជីវី ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តថ្លែងនៅថ្ងៃទី៨ ខែកញ្ញាថា បុរសជាមេខ្យល់ ២ នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បញ្ជូនសំណុំរឿងពួកគេទៅកាន់តុលាការហើយនៅរសៀលថ្ងៃទី ៨ ខែកញ្ញានេះ។ លោកស្រីបន្តថា ការបញ្ជូនសំណុំរឿងដោយមិនបញ្ជូនខ្លួនជនសង្ស័យទៅនេះ គឺដើម្បីការពារកុំឲ្យមានហានិភ័យជំងឺកូវីដ ១៩ កើតឡើងនៅក្នុងស្ថាប័នតុលាការព្រោះមេខ្យល់ទាំង ២ នាក់នោះមានម្នាក់ឆ្លងជំងឺកូវីដ ១៩ និងបានយកទៅព្យាបាលកាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា។ រីឯម្នាក់ទៀតកំពុងដាក់ឲ្យនៅដាច់ដោយឡែកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ លោស្រីបញ្ជាក់ថា៖ «យើងយកសំណុំរឿងហ្នឹងទៅឆ្លងតុលាការសិន ពេលបានដីកាឃុំបានអីហើយ ទើបយើងយកគាត់ទៅឃុំ ព្រោះគាត់មានបញ្ហាប្រឈមយើងអត់អាចយកគាត់ទៅដាក់នៅតុលាការដូចអ្នកដទៃបានទេ» ។

លោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានថ្លែងនៅថ្ងៃទី ៨ ខែកញ្ញាថា សមត្ថកិច្ចលោកបានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ទាំង២នាក់ នៅចំណុចរង្វង់មូលផ្លូវបែកជា ៤ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ៦ ខែកញ្ញា បន្ទាប់ពីសមត្ថកិច្ចឃាត់បានពលរដ្ឋ ១១ នាក់ យកមកសួរនាំកាលពីថ្ងៃទី ៥ ខែកញ្ញា នៅចំណុច ច្រកទ្វារព្រំដែនអូររំដួល ក្នុងភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។លោកថ្លែងថា៖ «ក្រោយពីកម្លាំងយើងបានសួរនាំប្រជាពលរដ្ឋដែលយើងបានឃាត់ហ្នឹងក៏ឈានដល់ការកំណត់អត្តសញ្ញាណ ហើយស្រាវជ្រាវចាប់ខ្លួនមេខ្យល់ទាំង ២ នាក់បានតែម្តង» ។ លោក បារាំង បានបញ្ជាក់ថា ពលរដ្ឋទាំងចំនួន ១១ នាក់ នោះមានស្រី ៧ នាក់ក្នុងនោះមានក្មេងតូច ៣ នាក់ (ស្រី ២ នាក់)។

ក្រោយសាកសួររួចសមត្ថកិច្ចបានអប់រំណែនាំកុំឲ្យចាញ់បោកមេខ្យលទៀតនៅពេលក្រោយ និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ បើតាមលោក បារាំង ជនសង្ស័យជាមេខ្យល់ ទាំង ២ នាក់ មាន ឈ្មោះ ឈួម រ៉ា (ហៅ ឆេះ) ភេទប្រុស អាយុ ៤០ ឆ្នាំ មានលំនៅក្នុងភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកពេជ្រចិន្តាខេត្តបាត់ដំបង និងម្នាក់ទៀត ឈ្មោះ យ៉ង អ៊ីមហៅ មូល ភេទប្រុស អាយុ ៣៥ ឆ្នាំ មានលំនៅក្នុងភូមិ អូរអន្លក់ឃុំតាសែនស្រុកកំរៀង ខេត្តបាត់ដំបង៕

website_news/2021100901.txt · Last modified: 2021/09/10 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki