website_news:2021101101

ពលករខ្មែរកាន់តែច្រើនបន្តសម្រុកឆ្លងដែនទៅធ្វើការនៅប្រទេសថៃ

https://www.rfa.org/khmer/news/ ដោយ ជីវិតា2021-11-07

ពលករខ្មែរជាច្រើននាក់បន្តសម្រុកឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ តាមច្រករបៀងព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងជារៀងរាល់ថ្ងៃ។ មន្ត្រីសង្គមស៊ីវិល យល់ថា ការឆ្លងដែននេះកើតឡើងដោយសារអាជ្ញាធរព្រំដែនអនុវត្តច្បាប់ធូររលុង និងបណ្ដោយឲ្យក្រុមមេខ្យល់នាំពលករឆ្លងដែនតាមអំពើចិត្ត។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ពលករឆ្លងដែនក្នុងពេលនេះ ដោយសារពួកគាត់អត់ការងារធ្វើនៅក្នុងស្រុក និងជំពាក់បំណុលធនាគារ ប៉ុន្តែប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ដែលអាជ្ញាធរពាក់ព័ន្ធមិនគួរបណ្ដោយឱ្យពួកគេឆ្លងដែនទាំងប្រថុយប្រថានបែបនេះឡើយ។

មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ វិច្ឆិកា ថា ពលករខ្មែរកាន់តែច្រើនបានចាញ់បោកមេខ្យល់នាំឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ជាច្រើនរាល់ថ្ងៃ។ លោកមើលឃើញថា ការដែលពលករឆ្លងដែននៅពេលនេះកើតឡើងដោយសារតែអាជ្ញាធរព្រំដែនកម្ពុជា និងថៃអនុវត្តច្បាប់ធូររលុង ដែលធ្វើឱ្យមេខ្យល់មិនខ្លាចច្បាប់ ហើយនាំពលករឆ្លងដែនទៅប្រទេសថៃជាបន្តបន្ទាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជឿជាក់ថា ប្រសិនបើអាជ្ញាធរព្រំដែនប្រទេសទាំងពីរ អនុវត្តច្បាប់តឹងរ៉ឹង ដោយស្រាវជ្រាវចាប់មេខ្យល់នៅតំបន់ព្រំដែនឱ្យអស់ នោះពលរដ្ឋខ្មែរមិនអាចឆ្លងដែនបានឡើយ។ លោកបញ្ជាក់ទៀតថា សព្វថ្ងៃពលករបង់ថ្លៃធ្វើដំណើរឱ្យមេខ្យល់នាំឆ្លងដែនទៅដល់កន្លែងធ្វើការក្នុងម្នាក់ចន្លោះពី ៦ពាន់ទៅ ៩បាត ឬប្រមាណពី១៩០ដុល្លាទៅ ២៨៥ដុល្លារអាមេរិក៖ «ណាមួយទៀតថ្មីៗនេះឃើញព័ត៌មាននេះគេនឹងបើកប្រព័ន្ធអឹមអូយូ (MOU) តែគ្រាន់តែការបើកហ្នឹងជាការមិនទាន់ជាក់លាក់នៅឡើយទេ។ អីចឹងហើយកុំអាលជឿទៅតាមមេខ្យល់ឬក៏ជឿតាមក្រុមហ៊ុនណាដែលមិនមានព័ត៌មានអីច្បាស់អីចឹង។ ចាំមើលខាងរដ្ឋាភិបាលខ្មែរនិងរដ្ឋាភិបាលថៃគេហ្នឹងប្រកាសបើកឱ្យបានត្រឹមត្រូវចាំមក។ បើសិនជាមកក៏យើងគួរតែទាក់ទងតាមក្រុមហ៊ុនណាដែលគេមានធានាខុសត្រូវដល់ឯកសារ យើងអាយុជីវិតយើង ហើយហ្នឹងការងាររបស់យើង»។ លោក លឹង សុផុន បន្តថា ពលករឆ្លងដែនបែបនេះ គឺប្រឈមនឹងគ្រោះថ្នាក់នឹងអាជ្ញាធរថៃចាប់ខ្លួន ឆ្លងជំងឺកូវីដ១៩ និងប្រឈមគ្រោះថ្នាក់ចរាចរក្នុងពេលធ្វើដំណើរនៅប្រទេសថៃ ដោយសារតែមេខ្យល់បើកឡានក្នុងល្បឿនលឿនដើម្បីគេចប៉ូលិសថៃ។ ជាក់ស្ដែងកាលពីថ្ងៃទី២ វិច្ឆិកា មានពលករខ្មែរចំនួន៤នាក់បានក្រឡាប់ឡានឆេះភ្លើងស្លាប់ និង៨នាក់ទៀតរងរបួសធ្ងន់ ក្នុងពេលធ្វើដំណើរនៅខេត្តស្រះកែវ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្នជនរងគ្រោះដែលស្លាប់ទាំង៤នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅដល់កម្ពុជាហើយ ចំណែកអ្នករងរបួសទាំងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តស្រះកែវនៅឡើយ។ លោកថា ពលករភាគច្រើនឆ្លងដែនទៅប្រទេសថៃតាមច្រករបៀងព្រំដែនខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ទាក់ទងនឹងបញ្ហានេះស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា នៅព្រំដែនខេត្តបន្ទាយមានជ័យពុំសូវមានពលករឆ្លងដែនទៅប្រទេសថៃនោះទេ។ លោកបញ្ជាក់ទៀតថា សមត្ថកិច្ចខ្មែរបានដាក់ពង្រាយកងកម្លាំងជាច្រើននាក់នៅតាមព្រំដែន ដើម្បីទប់ស្កាត់ពលករឆ្លងដែនជារៀងថ្ងៃដែរ ប៉ុន្តែលោកថា ការដែលមានពលករឆ្លងដែននេះភាគច្រើនកើតឡើងដោយសារពួកគេលួចឆ្មក់នៅពេលដែលពុំសមត្ថកិច្ចប្រចាំការប៉ុណ្ណោះ «មិនមែនមកពីខេត្តបន្ទាយមានជ័យទេ គឺគាត់ចេញពីច្រកឡែមនៅខេត្តបាត់ដំបងទេ។ ខ្ញុំបានសួរប៉ូលិសថៃអស់ហើយ មិនមែនចេញពីច្រកក្នុងខេត្តបន្ទាយមានជ័យទេ។ វាសំខាន់គឺគាត់ចាញ់បោកមេខ្យល់ ទី២គាត់នៅប្រទេសថៃគាត់ខ្វះកម្មករទៅគាត់ចេះតែទូរស័ព្ទទាក់ទងមកខ្មែរកម្មករចាស់ៗដែលគាត់ត្រឡប់មកកម្ពុជាពេលមុនអីចឹងខាងថៃគេហៅទៅវិញ»។ មេប៉ូលិសផ្កាយ១រូបនេះបន្តថា នៅថ្ងៃដដែលនេះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំនួន៣៥នាក់ ត្រឡប់មកកម្ពុជាវិញតាមច្រករបៀងព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ។

របាយការណ៍អាជ្ញាធរថៃឱ្យដឹងថា រយៈពេល១សប្ដាហ៍កន្លងមកនេះ មានពលករខ្មែរបានជិត១ពាន់នាក់ (៩៩៦) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនក្នុងពេលពួកគេឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ អាជ្ញាធរថៃបានបង្កើតការរឹតបន្តឹងនៅតំបន់ព្រំដែនជាប់កម្ពុជា ដើម្បីទប់ស្កាត់ពលករខ្មែរឆ្លងដែនដោយខុសច្បាប់។

គេហទំព័រហ្វេសប៊ុក (Facebook) មន្ត្រីស្ថានទូតខ្មែរ ទទួលបន្ទុកពលករប្រចាំនៅប្រទេសថៃ ចុះផ្សាយកាលពីថ្ងៃទី៤ វិច្ឆិកាថា ប្រសិនបើប្រជាពលរដ្ឋនិងជនបរទេសណាប្រទះឃើញអាជ្ញាធរថៃមានជាប់ពាក់ព័ន្ធនឹងការនាំពលករបរទេសចូលប្រទេសថៃដោយខុសច្បាប់អំឡុងពេលនេះ ពួកគេត្រូវប្រញាប់ជូនដំណឹងដល់អាជ្ញាធរថៃដើម្បីចាត់វិធានការជាបន្ទាន់។

មន្ត្រីការពារសិទ្ធិពលករលោក លឹង សុផុន ឱ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែកញ្ញាមានពលករបរទេស រួមមាន លាវ (Lao) ភូមា ឬមីយ៉ាន់ម៉ា (Myanmar) និងពលករខ្មែរសរុបជាង៣ម៉ឺននាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ។ ក្នុងនោះនៅខែតុលាមានពលករខ្មែរជាង ១ពាន់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្នុងពេលពួកគេឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ហើយពលករភាគច្រើនបញ្ជូនត្រឡប់ទៅកម្ពុជាវិញ និងមួយចំនួនដាក់ពន្ធនាគារនៅប្រទេសថៃ។ លោកជឿជាក់ថា ប្រសិនបើអាជ្ញាធរប្រទេសទាំងពីរមិនបង្កើតការពារនៅតំបន់ព្រំដែនឱ្យបានតឹងរ៉ឹងទេនោះ ពលករខ្មែរជាច្រើននាក់នឹងបន្តចាញ់បោកមេខ្យល់នាំឆ្លងដែនទៅប្រទេសថៃដែលប្រឈមនឹងគ្រោះថ្នាក់ទៀតជាមិនខាន៕

website_news/2021101101.txt · Last modified: 2021/11/10 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki