website_news:2021101103

ក្រសួងការងារ នឹងដាក់ក្រុមហ៊ុនឬបុគ្គលណា ជ្រើសរើសពលករទៅធ្វើការនៅអូស្ត្រាលី ចូលក្នុងបញ្ជីខ្មៅ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ៨ វិច្ឆិកា ២០២១ដោយ Sorn Phanith

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការព្រមានដាក់ក្រុមហ៊ុនឬបុគ្គលទាំងឡាយណា ដែលផ្សព្វផ្សាយជ្រើសរើសពលករកម្ពុជាទៅធ្វើការផ្នែកកសិកម្មនៅអូស្ត្រាលីចូលក្នុងបញ្ជីខ្មៅមិនឱ្យធ្វើសេវាកម្មបាន ពេលគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីបើកដំណើរការ។ ការព្រមានរបស់អ្នកនាំពាក្យនេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនមួយចំនួននៅបន្តផ្សព្វផ្សាយពីការជ្រើសរើសពលករខ្មែរ ទៅធ្វើការផ្នែកកសិកម្មនៅប្រទេសអូស្ត្រាលី ខណៈកន្លងមកក្រសួងការងារ និងស្ថានទួតអូស្ត្រាលីបានប្រកាសបដិសេធរួចហើយពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំនិងចាញ់បោកបញ្ឆោតជនខិលខូច។

តាមរយៈទំព័រហ្វេប៊ុក លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា « សូមសាធារណជនជ្រាប និងសហការផ្តល់ព័ត៌មានដល់ក្រសួង ដើម្បីក្រសូងចាត់វិធានការ និងផ្តល់ព័ត៌មានដល់ភាគីអូស្ត្រាលី ដើម្បីដាក់ក្រុមហ៊ុន ឬបុគ្គលទាំងនោះចូលក្នុងបញ្ជីខ្មៅ មិនឲ្យធ្វើសេវាកម្មនេះ នៅពេលដែលឱកាសការងារនេះកើតមាន និងដាក់ឲ្យដំណើរការពិតប្រាកដ»។ លោកបាន ហេង សួរថា ទោះបីយ៉ាងណាក៏ដោយ មកដល់ម៉ោងនេះ និងយ៉ាងហោចណាស់ដល់ដំណាច់ឆ្នាំ២០២១នេះ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋាភិបាលអូស្ត្រាលី មិនទាន់អនុញ្ញាតឲ្យមានការជ្រើសរើស និងបញ្ជូនពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយ។

លោក ហេង សួរ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងពិភាក្សាអំពីយន្តការ និងនីតិវិធីនៃការជ្រើសរើស, ប្រាក់បៀវត្ស និងអត្ថប្រយោជន៍សម្រាប់អ្នកស្វែងរកការងារធ្វើ, លក្ខខណ្ឌ ដែលនិយោជក និងរដ្ឋាភិបាលអូស្ត្រាលីតម្រូវលើអ្នកស្វែងរកការងារធ្វើ, និងលក្ខខណ្ឌ ដែលអ្នកស្វែងរកកាងារធ្វើត្រូវសន្យា និងធានាថាខ្លួននឹងមិនរត់គេចធ្វើអន្តោប្រវេសន៍ខុសច្បាប់ ពេលទៅដល់ប្រទេសអូស្ត្រាលី។ លោក ហេងសួរ បានបន្តទៀតថា«កម្ពុជាបានជូនដំណឹងដល់រដ្ឋាភិបាលអូស្ត្រាលី អំពីការទទួលយកឱកាសការងារនៅអូស្ត្រាលីនេះ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា Pablo Kang ក្នុងឱកាសដែលឯកឧត្តមបានជួបពិភាក្សាការងារ ជាមួយឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង កាលពីខែកញ្ញាកន្លងទៅនេះ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី ក៏កំពុងសហការស្វះស្វែងជួបពិភាក្សាការងារនេះជាមួយភាគីពាក់ព័ន្ធយ៉ាងសកម្មផងដែរ»។

សូមបញ្ជាក់ថា គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian AgricultureVisa) ត្រូវបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងនោះអូស្ត្រាលីត្រូវការជ្រើសរើសពលករផ្នែកកសិកម្ម នេសាទនិងជលផលនិងឧស្សាហកម្មធនធានដើម។ គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីនេះ ស្រដៀងគ្នានឹងគម្រោងការងារប៉ាស៊ីហ្វីក(Pacific Labour Scheme) ដោយពលករក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីអាចធ្វើការបានរហូតដល់រយៈពេល ១ឆ្នាំ ដល់ ៣ឆ្នាំក្រោមការទទួលបន្ទុកដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី៕ អត្ថបទ៖ សំអឿន

website_news/2021101103.txt · Last modified: 2021/11/10 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki