website_news:2021101104

ឃាត់ខ្លួនមេខ្យល់២នាក់ប្រុងនាំពលករឆ្លងដែនទៅថៃ

https://www.khmertimeskh.com/ ខ្មែរថាមស៍ November 8, 2021

នគរបាល បានឃាត់ខ្លួនមុខសញ្ញា នាំពលករខ្មែរឆ្លងដែនល្មើសច្បាប់ចំនួន ២ នាក់ នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង។ នគរបាលជំនាញ បានបញ្ជាក់ថា អនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី ៧ ខែវិច្ឆកា ឆ្នាំ២០២១ នេះ កម្លាំងអង្គភាពចម្រុះ បានចុះបង្ក្រាប និងឃាត់ខ្លួន មេខ្យល់ចំនួន ២នាក់ដែលបម្រុងនាំពលករឆ្លងដែនល្មើសច្បាប់ ១ករណីនៅទីតាំងភូមិសាស្ត្រ ភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យដែលនាំមនុស្សឆ្លងដែនខាងលើជាមេខ្យល់អ្នកនាំផ្លូវផង និងជាអ្នករត់ម៉ូតូឌុបផង ដែលទាំង ២ នាក់ មានឈ្មោះ នី ង៉ែត ភេទប្រុស អាយុ ៥៨ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ញ៉ឹក ណយ ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខណៈប្រុងឆ្លងដែននាំពលករ ចំនួន ៣នាក់ ចូលទៅក្នុងទឹកដីថៃ ហើយក៏បានត្រូវសមត្ថកិច្ច ស្រាវជ្រាវចុះឃាត់ខ្លួនតែម្តង។ ពលករទាំង ៣ នាក់នោះ រស់នៅខេត្តបន្ទាយមានជ័យ និងខេត្តកំពត។ ក្រោយបង្ក្រាបទប់ស្កាត់បាន កម្លាំងការពារគោលដៅតំបន់ព្រំដែន បានសាកសួរ ដើម្បីស្រាវជ្រាវបន្ថែម ព្រមទាំងធ្វើកិច្ចសន្យា អប់រំណែនាំ ហើយបន្តនីតិវិធី ប្រគល់មុខសញ្ញាមេខ្យល់ ទាំងអស់ទៅឲ្យផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីចាត់ការតាមផ្លូវច្បាប់៕

website_news/2021101104.txt · Last modified: 2021/11/10 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki