website_news:2021110105

គិតត្រឹមថ្ងៃទី៧មករា ខេត្តជាប់ព្រំដែន ទទួលពលករខ្មែរមកពីថៃ ជាង១ម៉ឺន២ពាន់នាក់

https://kampucheathmey.com/ January 10, 2021 By Sorn Phanith

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ខេត្តជាប់ព្រំដែនទទួលបានពលករខ្មែរមកពីថៃ ចំនួន១២០៨៨នាក់។ បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៩១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៧១នាក់ និងអ្នកជំងឺ២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកជំងឺសរុបចំនួន៣៩១នាក់នោះ មានពលករថៃចំនួន២៦នាក់ នៅខេត្តបាត់ដំបង៦នាក់ ព្យាបាលជាសះស្បើយ២នាក់ខេត្តប៉ៃលិន១៣នាក់ជាសះស្បើយ៦នាក់ និងខេត្តបន្ទាយមានជ័យ៧នាក់។ យ៉ាងណាក៏ដោយ លោកស្រីបានបន្តថា កម្ពុជាបានគ្រប់គ្រងពលករខ្មែរមកពីថៃបានល្អប្រសើរ បើទោះបីជាមានពលករខ្មែរមួយចំនួនតូច គេចវេះមិនព្រមធ្វើចត្តាឡីស័កក៏ដោយ តែអាជ្ញាធរបានរកឃើញវិញបានទាន់ពេលវេលាយកមកដាក់ក្នុងមណ្ឌលឲ្យធ្វើចត្តាឡីស័ក។ លោកជំទាវ បានលើកឡើងថា ការធ្វើចត្តាឡីស័កនេះ គឺជាភារកិច្ចដ៏ចាំបំផុត ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ព្រោះថា បើពលករមានឆ្លងជំងឺនេះហើយ រត់គេចវេះនោះវាមិនត្រឹមតែចម្លងទៅក្រុមគ្រួសារសាច់ញាតិប៉ុណ្ណោះទេ ថែមទាំងចម្លងទៅសហគមន៍ទៀតផង។ លោកជំទាវ បានលើកឡើងពីច្បាប់មកពន្យល់ថា យោងតាមអនុក្រឹត្យចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជាលក្ខណៈអន្តរជាតិតាមច្រកចេញចូលត្រង់ជំពូកទី៥មាត្រា ទី៨ ស្តីពីការដាក់ទោសទណ្ឌបានឲ្យដឹងថា អ្នកដំណើរឬជនណាដែលមិនសហការឬរត់គេចវេះជាមួយមន្ត្រីចត្តាឡីស័ក ត្រូវពិន័យជាប្រាក់ពី២សែនរៀលទៅ១លានរៀល។ លើសពីនេះ ជនណាក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះធ្វើចត្តាឡីស័ក ត្រូវមានទោសព្រហ្មទណ្ឌ ដោយមន្ត្រីចត្តាឡីស័កសហការជាមួយអាជ្ញាធរមូលដ្ឋានចេញចូលក្នុងប្រទេសកម្ពុជា។ លោកជំទាវ បានបន្ថែមទៀតថា ពលករខ្មែរមកពីប្រទេសថៃ មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ខណៈប្រទេសថៃ មានការផ្ទុះរីករាលដាលជំងឺនេះ ព្រោះពេលដែលបងប្អូនធ្វើដំណើរត្រឡប់មកពីប្រទេសថៃ គឺត្រូវការធ្វើដំណើរតាមសេវាសាធារណៈយូរហើយយើងមិនដឹងថា នៅតាមផ្លូវបងប្អូនត្រូវប៉ះពាល់ឬជួបជាមួយអ្នកណានោះទេព្រោះថា ជំងឺកូវីដ១៩នេះ អាចចម្លងបានគ្រប់ពេលវេលាទីកន្លែងនិងគ្រប់កាលៈទេសៈ។ លោកជំទាវ បានអំពាវនាវដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ សូមកុំចល័តពីកន្លែងមួយទៅកន្លែងមួយបើបើមិនមានការចាំបាច់ទេកុំចេញពីកន្លែងស្នាក់នៅ និងកុំទាន់វិលត្រឡប់មកស្រុកវិញនាកាលៈទេសៈនេះ៕ អត្ថបទ៖ សំអឿន

website_news/2021110105.txt · Last modified: 2021/01/11 12:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki