website_news:2021110107

យោធាថៃបន្តបញ្ជូនពលករខ្មែរទៅកម្ពុជាវិញ ខណៈកម្ពុជាត្រៀមការងារចំនួន២ម៉ឺនកន្លែងជូនពួកគេ

https://www.rfa.org/khmer/ ដោយ ខែ សុណង 2021-01-10

យោធាថៃបញ្ជូនពលករខ្មែរជិត ៥០នាក់ត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ស្របពេលរដ្ឋាភិបាលខ្មែរកំពុងត្រៀមការងារចំនួន ២ម៉ឺនកន្លែង សម្រាប់ពលករបញ្ចប់ការធ្វើចត្តាឡីស័ក។ ក្រុមយោធាថៃ បានបញ្ជូនពលករខ្មែរក្មេងចាស់ប្រុសស្រី សរុបចំនួន ៤៨នាក់ ចូលតាមច្រករបៀងចក្រី ស្ថិតក្នុងភូមិទឹកផុស ឃុំអង្គបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៨ ខែមករា។

កម្លាំងនគរបាលការពារព្រំដែនគោក លេខ៨១៧ និងកម្លាំងយោធាកងពលតូចលេខ ៥០១ បានទទួលយកពលករទាំងនោះទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅក្នុងអនុវិទ្យាល័យកូនភ្នំ៣២ ក្នុងស្រុកសំពៅលូន ដើម្បីការពារនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មុននឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ។

ទាក់ទងនឹងការបញ្ជូនពលករត្រឡប់ពីប្រទេសថៃនេះ រដ្ឋាភិបាលខ្មែរត្រៀមការងារចំនួន ២ម៉ឺនកន្លែង ដើម្បីជួយឱ្យពលករមានការងារធ្វើ និងដោះស្រាយជីវភាពគ្រួសារជៀសវាងចំណាកស្រុកទៅកាន់ប្រទេសថៃវិញ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារខ្មែរ បានឱ្យដឹងថា មានក្រុមការងារចុះឈ្មោះ តាមដាន និងឃ្លាំមើលជាប្រចាំពីស្ថានភាពដំណើរវិលត្រឡប់របស់ពលករមកពីប្រទេសថៃ តាមច្រកព្រំដែនសំខាន់ៗ ដើម្បីក្ដាប់ព័ត៌មាន ផ្តល់ការគាំទ្រ និងជួយចុះឈ្មោះស្វែងរកការងារធ្វើក្នុងស្រុក បន្ទាប់ពីពលករធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដោយសុវត្ថិភាព។ ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ លោក ហៃ ហ៊ុនឡេង ប្រាប់សារព័ត៌មានក្នុងស្រុកថា គម្រោងនេះផ្ដល់ការងារប្រមាណ ២ម៉ឺនកន្លែង នឹងផ្ដោតលើវិស័យឧស្សាហកម្ម កម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម៕

website_news/2021110107.txt · Last modified: 2021/01/11 12:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki