website_news:2021110201

លោក ស ខេង បានអំពាវនាវឲ្យមានពង្រឹងការការពារការជួញដូរមនុស្ស

https://www.khmertimeskh.com/ សែន ដេវីត / Khmer Times February 10, 2021

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវដល់អាជ្ញាធរទាំងអស់ឲ្យពង្រឹងបន្ថែមទៀត នូវការការពារការជួញដូរមនុស្ស ទោះបីអង្គការសហប្រជាជាតិថ្មីៗ នេះវាយតម្លៃថា ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងពលករចំណាកស្រុករបស់ខ្លួនក៏ដោយ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯក្រសួងមហាផ្ទៃកាលពីម្សិលមិញលោកបាននិយាយថា យោងតាមព័ត៌មាន អង្គការសហប្រជាជាតិបានចាត់ទុកប្រទេសកម្ពុជាថា ទទួលបានជោគជ័យទាក់ទងនឹងការគ្រប់គ្រងការចំណាកស្រុករបស់ប្រជាជន និងការស្វែងរកការងារនៅក្រៅប្រទេស។ លោកបន្តថាការវាយតម្លៃរបស់អង្គការសហប្រជាជាតិបង្ហាញថាកម្ពុជាបានការពារប្រជាជនរបស់ខ្លួនពីការជួញដូរមនុស្ស។ ទោះយ៉ាងណាលោកបន្ថែមថា៖ «យើងត្រូវតែបន្តធ្វើការការពារប្រជាជនរបស់យើងពីការជួញដូរមនុស្សឲ្យទៅធ្វើការនៅបរទេស»។

យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក ការជួញដូរមនុស្សនៅកម្ពុជានៅតែស្ថិតក្នុងបញ្ជីតាមដានលំដាប់ លេខ ២ ដូចនៅក្នុងរបាយការណ៍ដដែលគឺរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២០ ។

លោកនិយាយថាលោកគិតថាប្រទេសកម្ពុជានៅតែស្ថិតក្នុងបញ្ជីតាមដានលំដាប់ លេខ ២ ពីព្រោះប្រទេសមិនទាន់បានអនុវត្តនូវអនុសាសន៍ និងសំណើពេញលេញដូចដែលបានស្នើដោយដៃគូរបស់ខ្លួនទាក់ទងនឹងការជួញដូរមនុស្សទេ។ ទោះយ៉ាងណា លោកថាអាជ្ញាធរនិងអ្នកពាក់ព័ន្ធដទៃទៀតត្រូវតែបន្តការពារការជួញដូរមនុស្សស្របតាមគោលការណ៍នៃច្បាប់កម្ពុជាក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមបទដ្ឋានអប្បបរមាសម្រាប់ការលុបបំបាត់ការជួញដូរទេ ប៉ុន្តែកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើដូច្នោះ។ របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ១៦ ខែកក្កដាឆ្នាំមុនបានសរសើរប្រទេសកម្ពុជាថា ការបង្កើតផែនការសកម្មភាពថ្មីរយៈពេល៥ ឆ្នាំក្នុងការប្រយុទ្ធប្រឆាំងការជួញដូរ ការអភិវឌ្ឍ និងប្រើប្រាស់អត្តសញ្ញាណថ្មី និងបច្ចេកវិទ្យាប្រមូលទិន្នន័យជនរងគ្រោះ។ ទោះយ៉ាងណារបាយការណ៍បន្ថែមទៀតថា រដ្ឋាភិបាលមិនបានបង្ហាញពីការខិតខំប្រឹងប្រែងដែលបានកើនឡើងជាទូទៅបើប្រៀបធៀបទៅនឹងរយៈពេលមុនធ្វើរបាយការណ៍នោះទេ។

កាលពីខែមុន អង្គការអន្តរជាតិអន្តោប្រវេសន៍ (IOM) បានស្នើឲ្យប្រទេសកម្ពុជាតែងតាំងបេក្ខជនសម្រាប់ពានរង្វាន់ប្រឆាំងការជួញដូរមនុស្សដោយលើកឡើងថា ប្រទេសកម្ពុជាបានចាប់ផ្តើមគំនិតផ្តួចផ្តើមដ៏អស្ចារ្យក្នុងចំណោមប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបាននិយាយថា៖ « IOM បានកត់សម្គាល់ឃើញការខិតខំរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងសមិទ្ធិផលល្អរបស់ខ្លួន។ នេះបានធ្វើឲ្យ IOM លើកទឹកចិត្តយើងឲ្យតែងតាំងបេក្ខជនសម្រាប់ពានរង្វាន់នេះ»។ លោកស្រីបាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមក្នុងការតែងតាំងបេក្ខជនសម្រាប់ពានរង្វាន់នេះ ប៉ុន្តែថាតើគួឲ្យអ្នកណា និងនៅពេលណាគិតត្រឹមពេលនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ទាក់ទងនឹងការងារប្រឆាំងការជួញដូរមនុស្សកាលពីឆ្នាំមុន លោកស្រីបាននិយាយថា គណៈកម្មាធិការនៅតាមខេត្ត និងរាជធានីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបំពេញភារកិច្ចរបស់ខ្លួនដែលបានគ្រោងទុកកាលពីឆ្នាំមុន ទោះបីជាបានរងនូវវិបត្ដិជំងឺរាតត្បាតក៏ដោយ៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

website_news/2021110201.txt · Last modified: 2021/02/11 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki