website_news:2021110202

អាជ្ញាធរខេត្តតាកែវ អំពាវនាវ ឲ្យមានការរួបរួមគ្នាដើម្បីទប់ស្កាត់អំពើហិង្សា និងការរំលោភបំពានលើកុមារ

http://btv.com.kh/ 10/02/2021

តាកែវ ៖ លោកអភិបាលរងខេត្តតាកែវ បានធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាផ្នែកឯកជន សង្គមស៊ីវិលទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ ធ្វើយ៉ាងណាដើម្បីធ្វើការទប់ស្កាត់អំពើហិង្សា និងការរំលោភបំពានគ្រប់រូបភាពទៅលើកុមារ ។ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្ត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោក អភិបាលរងខេត្តតាកែវ បានបន្តថា រាជ រដ្ឋាភិបាលកម្ពុជា បាននឹងកំពុងតែយកចិត្តទុក់ដាក់ និងធ្វើកិច្ចការជាច្រើនដើម្បីឲ្យស្ថានភាពកុមារ នៅក្នុងប្រទេសកម្ពុជា កាន់តែមានលក្ខណៈមួយល្អប្រសើរ សុវត្ថិភាព និងការយកចិត្តទុកដាក់មើលថែទាំបានខ្ពស់ ពិសេសបានផ្ដល់ឱកាស និងលើកទឹកចិត្តដល់កុមារទទួលបានការអប់រំ និងបណ្ដុះបណ្ដាលដើម្បីក្លាយជាសសរទ្រូង ដ៏រឹងមាំសម្រាប់ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិទៅថ្ងៃអនាគត។ ក៏ប៉ុន្តែបើទោះបីជារាជរដ្ឋាភិបាលបានប្រឹងប្រែងទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏កុមារយើងមួយខ្លះនៅតែប្រឈមមុខបញ្ហាមួយចំនួន។

លោកអភិបាលរងខេត្ត ម៉ឹង វុធី ក៏បានបន្ថែមទៀតថា ប៉ុន្តែទន្ទឹមនឹងការទទួលបាននូវសិទ្ធិរបស់កុមាររបស់យើង កុមារមួយចំនួនទៀតនៅតែបន្តរងនូវឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ការជួញដូ ការរំលោភបំពាន ការប្រើអំពើហិង្សា និងការចូលរួមរបស់កុមារនៅមានកម្រិតនៅឡើយ។ ស្ថានភាពនេះបានធ្វើអោយកុមារទទួលរងផលប៉ះពាល់មួយចំនួន ដូច្នោះគប្បីយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធទាំងវិស័យរដ្ឋ និងផ្នែកឯកជន សង្គមស៊ីវិល លើកយកបញ្ហាកុមារគឺជាបញ្ហារបស់យើងទាំងអស់គ្នា មិនមែនពឹងផ្អែកតែលើរាជរដ្ឋាភិបាល ឬអាជ្ញាធរតែម្នាក់នោះទេ ។

បើតាមលោកអភិបាលរងខេត្ត ការយកចិត្តទុកដាក់ មើលថែទាំកុមារ និងការលើកកម្ពស់គ្រប់សកម្មភាពរបស់កុមារទាំងនៅក្នុងសង្គម និងគ្រួសារ វាពិតមានសារៈសំខាន់ ព្រោះវានឹងអាចជំរុញដល់កុមារប្រែក្លាយជាមនុស្សដែលមានលក្ខណៈល្អប្រសើរ មានសីលធម៌ល្អ ហើយទទួលបាននូវការអប់រំខ្ពស់ នឹងក្លាយជាធនធានមនុស្សដ៏ ចាំបាច់សម្រាប់សង្គមជាតិទៅថ្ងៃអនាគត ៕ ដោយ៖គុជ វិភាគ

website_news/2021110202.txt · Last modified: 2021/02/11 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki