website_news:2021110302

អ្នកការពារសិទ្ធិមនុស្សសោកស្ដាយ ដែលក្រសួងកិច្ចការនារីថា ស្រ្តីបំបៅដោះកូនត្រូវប្រយ័ត្នចៀសវាងការរិះគន់ថាធ្វើអោយប៉ះពាល់សេចក្ដីថ្លៃថ្នូរបស់ស្រ្តី

https://www.rfa.org/khmer/news/ ដោយ សុជីវី 2021-03-10

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាខកចិត្តនៅពេលដែលក្រសួងកិច្ចការនារីមិនបានទាមទារឱ្យអធិការស្រុកសៀមប៉ាងសុំទោសមន្រ្តីនគរបាលក្រោមបង្គាប់ខ្លួន តែបែរជាដាស់តឿនឱ្យស្រ្តីជាម្ដាយត្រូវបិទបាំងពេលបំបៅដោះកូន ដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរទៅវិញ។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព ថ្លែងថា ក្រសួងកិច្ចការនារីគួរតែជំរុញថា ការបំបៅដោះកូនដោយទឹកដោះម្ដាយ គឺជារឿងអស្ចារ្យ ជារឿងកោតសរសើរ ព្រោះទឹកដោះដែលម្ដាយផ្ដល់ឱ្យកូនបានទ្រទ្រង់ជីវិតកូន។ អ្នកស្រីថា គ្មានអ្វីដែលត្រូវខ្មាស់ ឬប៉ះពាល់ដល់កិត្តិយសស្រ្តីនោះទេ៖ «យើងឃើញហើយការបំបៅដោះកូននៅតាមភូមិនៅតាមអីហ្នឹងតែគាត់ត្រូវបំបៅគាត់បំបៅហើយ អត់ចាំបាច់ទៅគិតគូរឿងទីតាំងរឿងអីទេ។ ខ្ញុំមិនយល់ថា តើខាងក្រសួង ឬខាងតួអង្គដែលគាត់លើកថា ការបំបៅដោះកូននៅទីសាធារណៈ ហើយការបង្ហាញដោះនៅពេលបំបៅកូនហ្នឹងវាទៅជារឿងដែលសង្គមវាយតម្លៃថា មិនសមរម្យ តើយើងយោងតាមអី? ខ្ញុំថាអំណះអំណាងនេះ គឺតែងតែត្រូវយកមកប្រើប្រាស់ចំពោះស្រ្តី ដាក់បន្ទុកស្រ្តី ហើយដាក់ជាចំណោទបន្ទោសបង្អាប់ស្រ្តីថែមទៀត ហើយដែលខ្ញុំគិតថា យើងគួរតែធ្វើការផ្លាស់ប្ដូរ ហើយការផ្លាស់ប្ដូរនេះគួរតែចាប់ផ្ដើមចេញពីក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី»។

ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១០ ខែមីនាបានចេញមុខកោតសរសើមន្រ្តីនគរបាលអ្នកស្រី ស៊ីថុង សុខា ដែលបានបំពេញតួនាទីដោយការទទួលខុសត្រូវទាំងក្នុងពេលបំពេញការងារ និងតួនាទីជាម្ដាយដ៏ល្អ។ ក្រសួងកិច្ចការនារីក៏បានណែនាំទៅស្ថាប័ន អង្គភាព ដែលមានស្រ្តីជាមន្រ្តីក្រោមឱវាទ ឬជាបុគ្គលិក គួរបង្កើតបរិស្ថានការងារអំណោយផល ដូចជា ទីកន្លែងបំបៅដោះកូនជាដើម។ តែទោះជាយ៉ាងណា ក្រសួងកិច្ចការនារី បានក្រើនរំឮកថា ករណីស្ថាប័នមិនទាន់មានទីកន្លែងសមរម្យស្រ្តីជាម្ដាយគួរមានក្រម៉ា ឬកន្សែង ដើម្បីឱ្យការបំបៅដោះកូននោះបានសមរម្យ ចៀសផុតពីការរិះគន់ពីមហាជនមួយចំនួន ដែលថាបង្កឱ្យមានរូបភាពមិនសមរម្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសរបស់ស្រ្តីខ្មែរ។

ប្រតិកម្មរបស់ក្រសួងកិច្ចការនារីនេះ គឺបន្ទាប់ពីអធិការស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លោក ជឹម អេង បានបង្ខំឱ្យនគរបាលក្រោមបង្គាប់ គឺអ្នកស្រី ស៊ីថុង សុខា ធ្វើកិច្ចសន្យាឈប់បង្ហោះរូបភាព បំបៅដោះកូនពេលធ្វើការក្រោមហេតុផលប៉ះពាល់កិត្តិយសនគរបាល និងស្ត្រីខ្មែរ។

ក្រុមអ្នកសិទ្ធិមនុស្សរិះគន់ថា ការបំបៅដោះកូនពេលកំពុងបំពេញការងារនោះ មិនមានអ្វីខុសឆ្គងឡើយ ហើយការបង្ហោះរូបភាពបំបៅដោះកូនតាមបណ្តាញសង្គមនោះទៀតសោត ក៏ជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់គាត់។ អ្នកសិទ្ធិមនុស្សថា ចំណាត់ការបែបនេះជាការបំបាក់ទឹកចិត្ត គំរាមកំហែង និងជាការរើសអើងស្រ្តីធ្ងន់ធ្ងរ។ លើសពីនេះក៏មានការទាមទារអោយអធិការស្រុកសុំទោសចំពោះទង្វើរបស់ខ្លួន។

អធិការស្រុកសៀមប៉ាង លោក ជឹម អេង បដិសេធការសុំទោសជាសាធារណៈ។ លោកបកស្រាយថា ការណែនាំ និងការបង្គាប់ឱ្យធ្វើកិច្ចសន្យានេះ គឺដោយសារមន្ត្រីរបស់លោករូបនេះ យករូបភាពបំពេញការងារទៅបង្ហោះជាសាធារណៈ៖ «ខ្លួនគាត់បង្ហោះខ្លួនឯង ហើយកិច្ចសន្យាគាត់ធ្វើខ្លួនឯងបង្ហោះខ្លួនឯង អ៊ីចឹងមិនពាក់ព័ន្ធខាងខ្ញុំទៅសូមទោសអីទេ បានន័យថា មិនមែនខាងខ្ញុំតម្រូវឱ្យគាត់បង្ហោះទេ ខ្ញុំមានតែហាមឃាត់ កុំឱ្យគាត់បង្ហោះ »។

ចំណែកស្នងការខេត្តស្ទឹងត្រែងលោក អូត ស៊ីវត្ថា វិញ លោកថ្លែងការពារមន្ត្រីក្រោមបង្គាប់របស់លោកថា ថ្នាក់លើពុំបានដាក់ពិន័យចំពោះស្ត្រីជានគរបាលនេះនោះទេ ដោយគ្រាន់តែអប់រំណែនាំឱ្យរកកន្លែងសមរម្យបំបៅដោះកូន៖ «ខាងអធិការអត់មានដាក់ពិន័យទេ ក្នុងនាមខ្ញុំស្នងការក៏អត់មានដាក់ពិន័យគាត់ដែរ គ្រាន់តែហៅគាត់ យើងបំបៅដោះទៅកន្លែងជញ្ជាំង និងគ្រលុកគ្រលៀតផ្ទះពលរដ្ឋជាប់ហ្នឹងទៅ កុំបំបៅកណ្តាលវាលអ៊ីចឹង។ អធិការក៏លើកទឹកចិត្តគាត់ដែរ តាមរយៈខ្ញុំថ្ងៃទី ០៨ មិនា ហ្នឹង »។

អនុប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក (ADHOC) អ្នកស្រី មាស សាអ៊ីម យល់ថា ទង្វើរបស់អធិការស្រុកសៀមប៉ាងមិនត្រឹមតែប៉ះពាល់សិទ្ធិស្ត្រីនោះទេ គឺប៉ះពាល់ដល់សិទ្ធិកុមារ នឹងជះឥទ្ធិពលមិនល្អដល់សង្គម៖ «ការមិនគោរពសិទ្ធិកុមារ និងការមិនគោរពសិទ្ធិស្ត្រីវាប៉ះពាល់ ហើយក្នុងនាមគាត់ជាបុរសមួយរូប ដែលគាត់កើត បានរស់រានមានជីវិតដោយសារម្តាយ ដោយសារស្ត្រីហ្នឹងដែល ជះឥទ្ធិពលអាក្រក់ ដែលកម្ពុជាយើង មានរដ្ឋធម្មនុញ្ញក៏គាំទ្រ មានច្បាប់ពាក់ព័ន្ធក៏គាំទ្រទៀត បើសិនជាបង្កើតបទបញ្ជាផ្ទៃក្នុង វាផ្ទុយហ្នឹងរដ្ឋធម្មនុញ្ញ វាផ្ទុយហ្នឹង កតិកាសញ្ញាអន្តរជាតិ វាត្រូវលុបចោល ត្រូវដកចេញ »។

រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បានចេញលិខិតមួយច្បាប់កាលពីថ្ងៃទី១០ មីនា ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់អធិការស្រុកសៀមប៉ាង លោក ជឹម អេង។ អ្នកស្រីថា នេះជាការមិនបានវែកញែកឱ្យច្បាស់អំពីកំហុស និងគុណសម្បត្តិ។ អ្នកស្រីបន្តថាស្ត្រីមានកាពត្វកិច្ចទទួលខុសត្រូវទ្វេដង ដោយបំពេញការងារស្នូលក្នុងស្ថាប័នផង និងចិញ្ចឹមកូនផង ហេតុនេះអាជ្ញាធរគួរតែលើកទឹកចិត្ត និងរកមធ្យោបាយផ្តល់លទ្ធភាពឱ្យគាត់ថែទាំកូនរបស់គាត់បាន។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ទូន្មានអធិការស្រុកសៀមប៉ាង លោក ជឹម អេង ឱ្យកោតសរសើរ លើកទឹកចិត្ត និងអនុញ្ញាតឱ្យស្ត្រីនគរបាលក្រោមបង្គាប់មានឱកាសថែទាំកូនបានគ្រប់គ្រាន់ ដូចអ្វីដែល «ម្តាយលោកបានថែទាំលោកកាលពីនៅទារក» យ៉ាងដូច្នេះដែរ៕

website_news/2021110302.txt · Last modified: 2021/03/11 12:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki