website_news:2021110306

ក្រុមការងារ ត្រូវទៅទទួលពលករ នៅបណ្តាខេត្ត ជាប់ព្រំដែនថៃ មកខេត្តសាមី ឱ្យបានឆាប់បំផុត

https://www.rasmeinews.com/ 10 March, 2021

ដោយៈ បូកគោ / កំពតៈ ក្នុងកិច្ចប្រជុំ កាលពីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ អភិបាល ខេត្តកំពត បានបង្កើតក្រុមការងារ រួចតម្រូវឱ្យប្រញាប់ប្រញាល់ ចេញទៅទទួលពលករ ពីបណ្តាខេត្តជាប់ព្រំដែនថៃ មកបន្តធ្វើចត្តាឡីស័ក មុននឹងវិលចូលស្រុកកំណើតវិញ។ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ ទោះបីមកដល់ថ្ងៃនេះ រដ្ឋបាលខេត្តកំពត បានគ្រប់គ្រង ស្ថានការណ៍ ក៏ដូចជា បង្ការការឆ្លងរាលដាល ជំងឺកូវីដ១៩ បានល្អក្តី ថ្នាក់ដឹកនាំ នៅតែមានការព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះករណី ប្រកបដោយ ភាពប្រឈមនោះ។ បន្ថែមលើនេះ សម្តេចប្រមុខរាជរដ្ឋាភិ បាល បានដាក់បទបញ្ជាបន្ទាន់ ក្នុងការតម្រូវឱ្យរដ្ឋបាលខេត្តនីមួយៗ ទៅទទួលយកពលករ វិលពីប្រទេសថៃ និងកំពុងស្នាក់នៅ បណ្តាខេត្ត ជាប់ព្រំដែន មកបន្តធ្វើចត្តាឡីស័ក ក្នុងខេត្តសាមីវិញ។ លោកអភិបាលខេត្ត បានបន្តថាៈ ផ្អែកតាមចំណាត់ការ ដ៏ម៉ឺងម៉ាត់នោះ ក្រុមការងារ ក្នុងដែនសមត្ថកិច្ច ត្រូវតែប្រញាប់ប្រញាល់ អនុវត្តប្រកបដោយ ប្រសិទ្ធភាពបំផុត។ កិច្ចការនេះ នឹងជួយដល់បងប្អូនពលករទាំងអស់ទទួលបាននូវសុវត្ថិភាព ទាំងការមកកាន់ មណ្ឌលចត្តាឡីស័ក ទាំងដំណើរបន្ត ទៅស្រុកកំណើតវិញ។ លោក ជាវ តាយ បានបញ្ជាក់ថាៈ ក្នុងករណីរថយន្តដឹកជញ្ជូន របស់កងទ័ពមិនមានទំនេរ រដ្ឋបាលខេត្ត ត្រូវជួលរថយន្តឯកជន ទៅទទួលឱ្យបានគ្រប់ចំនួន ព្រោះពលករ ជាអ្នកកំពត ដែលបានត្រឡប់មក ពីប្រទេសថៃ មានរហូតជាង ២០០ នាក់ឯណោះ។

សូមបញ្ជាក់ថា ចាប់ពីព្រឹកថ្ងៃទី៩ ខែមីនា រហូតដល់រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពត បានទៅទទួលពលករ ពីបណ្តាខេត្តជាប់ព្រំដែនថៃ មកបន្តធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ព្រះរាជសម្ភារ បាន ១០៣នាក់។ ការមកដល់របស់បងប្អូន ជាអ្នកចំណាកស្រុកអាចនឹងមានបន្ត បន្ទាប់ទៀត៕/V-PC

website_news/2021110306.txt · Last modified: 2021/03/11 12:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki