website_news:2021110308

រយៈពេល៣ថ្ងៃ រដ្ឋបាលខេត្តសៀមរាបដឹកពលករ មកពីថៃជាង៧០០នាក់

https://thmeythmey.com/ 10, Mar 2021 , 2:42 pm

សៀមរាប៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ មីនា អាជ្ញាធរខេត្តសៀមរាប បានដឹកជញ្ជូនពលករខ្មែរពីថៃសរុបប្រមាណជាង៧០០នាក់ ដែលក្នុងនោះ អ្នកខ្លះ ធ្វើដំណើរទៅកាន់ខេត្តរៀងៗខ្លួន ហើយអ្នកខ្លះ ត្រូវទុកឲ្យធ្វើចត្ដាឡីស័កនៅតាមខេត្តជាប់ព្រំដែន។ ក្បួនរថយន្តខេមរភូមិន្ទជាច្រើនគ្រឿង ដែលដឹកពលករតាមច្រកព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅកាន់មណ្ឌលចត្ដាឡីស័កក្នុងខេត្តសៀមរាប បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យពលករទាំងនោះ ទៅធ្វើចត្ដាឡីស័កតាមខេត្តគោលដៅរបស់ខ្លួន។ ត្រឹមរយៈពេល៣ថ្ងៃ ពីថ្ងៃទី៧ ដល់ទី៩ មីនា រដ្ឋបាលខេត្តសៀមរាបបានដឹកជញ្ជូនពលករសរុប៧២៥នាក់។

អភិបាលរងខេត្តសៀមរាប លោកស្រី យូ សុភា មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៩ មីនា គឺមានពលរកសរុប ៧២៥នាក់ហើយ ដែលត្រូវបានដឹកជញ្ជូនចេញពីច្រកព្រំដែននានានៃប្រទេសកម្ពុជា-ថៃ ចូលទៅខេត្តសៀមរាប។ លោកស្រីបន្ថែមថា គ្រាន់តែច្រកព្រំដែនប៉ោយប៉ែតមួយ គឺមានពលករសរុប៣២៤នាក់ ក្នុងនោះមានស្រ្ដី ១៣៨នាក់ កុមារ៣០នាក់ ដែលត្រូវបានដឹកទៅកាន់ខេត្តសៀមរាប។ បើតាមការបញ្ជាក់ពីលោកស្រីអភិបាលរង ពលករមួយចំនួនធំដែលដឹកជញ្ជូនមកពេលនេះ គឺបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តជាប់ព្រំដែនរួចហើយ ហើយពួកគេនឹងត្រូវបានពិនិត្យសុខភាពម្ដងទៀត បើករណីសង្ស័យនឹងតម្រូវឱ្យធ្វើចត្ដាឡីស័កនៅមណ្ឌលគុរុកោសល្យខេត្ត ខណៈពលករដែលមានសុខភាពធម្មតា នឹងត្រូវដឹកជញ្ជូនបន្តដើម្បីទៅធ្វើចត្ដាឡីស័កតាមស្រុកគោលដៅ។

គួរបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែមីនា បានប្រកាសឱ្យពលករខ្មែរ ដែលមានសុខភាពធម្មតា វិលចូលមកកម្ពុជាវិញតាមច្រកព្រំដែន មិនចាំបាច់ធ្វើចត្ដាឡីស័កនៅតាមព្រំដែនដូចមុនទេ ហើយសម្រាប់អ្នកមានអាការឬសញ្ញាសង្ស័យ ត្រូវធ្វើចត្ដាឡីស័កនៅតាមព្រំដែនដដែល។ ចំពោះអ្នកមានសុខភាពធម្មតា ត្រូវដឹកជញ្ជូនទៅតាមខេត្តរបស់ពួកគេរៀងៗខ្លួន តែត្រូវបន្តធ្វើចត្ដាឡីស័កក្នុងខេត្តរបស់ពួកគេ៕

website_news/2021110308.txt · Last modified: 2021/03/11 12:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki