website_news:2021110312

ពលករខ្មែរជាង១ពាន់នាក់ សម្រុកចេញពីថៃក្នុង១ថ្ងៃៗតាមច្រកព្រំដែនកម្ពុជា-ថៃ

https://www.kampucheathmey.com/ on March 10, 2021By Kang Tola

ពលករខ្មែរប្រមាណជាង១ពាន់នាក់ បានសម្រុកចេញពីប្រទេសថៃក្នុង១ថ្ងៃៗ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោក លី សារី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី១០ មីនានេះថាមួយរយៈចុងក្រោយនេះ ចំនួនពលករខ្មែរត្រឡប់មកពីប្រទេសថៃ មានការកើនឡើងច្រើន ខុសពីប្រក្រតីដោយគ្រាន់តែច្រកទ្វារ ខេត្តបន្ទាយមានជ័យមួយប៉ុណ្ណោះ មានពលករខ្មែរប្រមាណពី ៥០០ ទៅ៧០០នាក់ ក្នុងមួយថ្ងៃៗ សម្រុកមកពីប្រទេសថៃ។ លោក លី សារី បានមានប្រសាសន៍បន្តថា ការដែលពលករសម្រុកត្រឡប់មកស្រុកវិញយ៉ាងគំហុកដូច្នេះ គឺដោយសារតែនៅថៃត្រូវសម្រាកត្រៀមបុណ្យចូលឆ្នាំថ្មី ដែលធ្វើឲ្យរោងចក្រ សហគ្រាសនៅថៃត្រូវឈប់សម្រាករយៈពេលយូរ ទើបធ្វើឲ្យពលករខ្មែរគ្មានការងារធ្វើហើយម្យ៉ាងទៀតគាប់ជួនគ្នានឹងជិតដល់ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។

មិនខុសពីខេត្តបន្ទាយមានជ័យ លោក ឌី រ៉ាដូ អភិបាលរង និងអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថាចំ ណែកខេត្តឧត្តរមានជ័យក៏មានពលករខ្មែរប្រមាណពី៣០០ទៅ៤០០នាក់ក្នុង១ថ្ងៃៗបានចេញពីប្រទេសថៃឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ ខណៈកាលពីមុនមានត្រឹមតែជាង១០០នាក់ប៉ុណ្ណោះ។

ផ្ទុយពីខេត្តទាំងពីរខាងលើ លោក សៀម ប៊ុនរឹទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបងបានឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះ មានពលករខ្មែរចេញមកពីប្រទេសថៃតាមច្រកព្រំដែនខេត្តបាត់ដំបងបែរជាមានចំនួនតិចជាងមុនទៅវិញ គឺមានប្រមាណតែ២០ទៅ៣០នាក់ប៉ុណ្ណោះ ខណៈកាលពីមុនមានរហូតដល់ខ្ទង់រយនាក់ឯណោះ។ លោកអភិបាលរងខេត្តបានពន្យល់ថា ការថយចុះចំនួនពលករតាមច្រកព្រំដែនខេត្តបាត់ដំបងនេះដោយសាររដ្ឋបាលខេត្តបានសហការជាមួយអាជ្ញាធរថៃក្នុងការទប់ស្កាត់មេខ្យល់ ដែលតែងតែនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់បានទាន់ពេលវេលា។ លោកបានបន្តថា ម្យ៉ាងទៀតអាចបណ្តាលមកពីអាជ្ញាធរថៃនាំពលករទៅតាមច្រកព្រំដែនខេត្តផ្សេងទៀតដូចជាខេត្តបន្ទាយមានជ័យ ឬ ខេត្តឧត្តរមានជ័យព្រោះថា អាជ្ញាធរថៃតែងតែប្រមូលផ្តុំពលករខ្មែរឲ្យបានច្រើនជាមុនសិនទើបបញ្ជូនចេញពីប្រទេសថៃ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាខេត្តទាំងបីខាងលើបានអះអាងដូចៗគ្នាថា ពលករដែលឆ្លងកាត់តាមព្រំដែនចូលមកកម្ពុជាត្រូវបានក្រុមការងារចម្រុះដែលរួមមានតំណាងក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់។ បើពលករណាមានសុខភាពល្អទុកមួយកន្លែង ដើម្បីធ្វើការទំនាក់ទំនងជាមួយខេត្ត ផ្សេងៗឲ្យមកយកទៅធ្វើចត្តាឡីស័កនៅតាមស្រុកកំណើតគេរៀងៗខ្លួន។ ក្នុងករណីពលករណាមានបញ្ហាសុខភាពដែលមានអាការៈសង្ស័យថា មានឆ្លងជំងឺកូវីដ១៩ត្រូវឃាត់ខ្លួនគាត់សិនត្រូវបញ្ជូនគាត់ធ្វើចត្តាឡីស័ក និង យកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩។ នៅពេលលទ្ធផលតេស្តអវិជ្ជមានពីរដងនោះ ទើបត្រូវបញ្ជូនទៅកាន់ស្រុកកំណើតវិញដោយធ្វើចត្តាឡីស័កបន្តនៅមូលដ្ឋានរបស់គាត់វិញ៕ ដោយ ៖ សំអឿន

website_news/2021110312.txt · Last modified: 2021/03/11 12:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki