website_news:2021110313

ពលករខ្មែរមួយចំនួនជួបការលំបាកបន្ទាប់ ពីថៅកែមិនបន្តទិដ្ឋាការដល់ពួកគាត់

https://www.rfa.org/khmer/ ដោយ ឡេង ម៉ាលី 2021-03-10

ពលករខ្មែរធ្វើការក្នុងរោងចក្រសាច់មាន់នៅខេត្តឈុនបូរី (Chonburi) ប្រទេសថៃ ព្រួយបារម្ភអំពីជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារថៅកែជនជាតិថៃមិនធ្វើឯកសារបន្តសុពលភាពទិដ្ឋាការឱ្យពួកគេ ក្រោយពីពួកគេតវ៉ាទាមទារលក្ខខណ្ឌការងារសមរម្យ។ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុករឿងនេះជាការរំលោភបំពានសិទ្ធិពលករ។

ពលករខ្មែរចំនួន ៣២នាក់ឱ្យដឹងថា ថៅកែថៃមិនចេញឯកសារដើម្បីបន្តទិដ្ឋាការឱ្យពួកគាត់បានធ្វើការងារស្របច្បាប់នោះទេ ក្រោមហេតុផលថា ពួកគេបាននាំគ្នាតវ៉ាឱ្យខូចផលប្រយោជន៍របស់ក្រុមហ៊ុន។ ពលករមួយចំនួនបានចាកចេញពីរោងចក្រ ដោយពុំទាន់រកការងារធ្វើបាននៅឡើយទេ។ ក្រុមពលករខ្មែរធ្វើការរោងចក្រសាច់មាន់នៅខេត្តឈុនបូរី (Chonburi) ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១០ មីនាថា ពួកលោកបានតវ៉ាទាមទារឱ្យថៅកែថៃជួយតសុពលភាពទិដ្ឋាការ ដើម្បីបានធ្វើការងារឡើងវិញ ប៉ុន្តែត្រូវបានថៅកែបដិសេធ។ ក្រុមពលករទាំងនេះ បញ្ជាក់ថា ពួកលោកពិបាករកការងារធ្វើ ហើយត្រូវចំណាយប្រាក់ច្រើន ដើម្បីធ្វើទិដ្ឋាការជាមួយថៅកែថ្មី៖ «គឺយើងចង់ឱ្យខាងក្រុមហ៊ុន តវីសាឱ្យអ្នកទាំង ៣២នាក់វិញ ព្រោះអីតាមការយល់ឃើញរបស់ពលករទាំងអស់គ្នា គាត់មិនខុសអ្វីទេ គឺគាត់គ្រាន់តែនិយាយដើម្បីការពារផលប្រយោជន៍ពលករទាំងអស់គ្នា។ បច្ចុប្បន្ន បើសិនជាពួកខ្ញុំទៅកម្ពុជាក៏មិនបាន ព្រោះមានការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយមិនសិនជាមិនត្រឡប់ទៅកម្ពុជា ទោរកការងារផ្សេងក៏វា ខាតពេលវេលា និងត្រូវចំណាយប្រាក់ជាច្រើនទៀត ដើម្បីរកចាំការងារថ្មី»។

កាលពីថ្ងៃទី៧ មីនា ពលករខ្មែរប្រមាណ ១.០០០នាក់ ធ្វើការនៅរោងចក្រសាច់មាន់ ក្នុងខេត្តឈុនបុរី បាននាំគ្នាតវ៉ា ដោយសារតែថៅកែកាត់ប្រាក់ខែពួកគាត់ និងមិនផ្ដល់ទិដ្ឋាការជូនពលករចំនួន ៣២នាក់។ រឿងនេះដោយសារថៅកែមិនពេញចិត្តតំណាងពលករទាំងនោះ ដែលដឹកនាំពលករតវ៉ាទាមទារលក្ខខណ្ឌការងារសមរម្យកាលពីខែតុលាឆ្នាំ២០២០ កន្លងទៅ។ ក្រុមពលករបន្តថា កន្លងមកពួកលោកបានទាក់ទងទៅមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ដើម្បីឱ្យជួយធ្វើអន្តរាគមន៍ជាច្រើនលើករួចមកហើយ ប៉ុន្តែរហូតមកទល់នេះ ពុំមានមន្ត្រីណាចុះទៅដោះស្រាយជូនពួកលោកឡើយ។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ដើម្បីសុំអត្ថាធិប្បាយពីក្ដីកង្វល់របស់ពលករនេះបានទេនៅថ្ងៃទី១០ មីនា។ អាស៊ីសេរីក៏មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយអំពីបញ្ហានេះបានដែរដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។

ទោះជាយ៉ាងណាក្ដី មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា ថ្លែងថា នេះជាទង្វើអមនុស្សធម៌ ពីព្រោះអំឡុងពេលនេះពលករពិបាករកការងារធ្វើ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា មន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃគួរតែអន្តរាគមន៍ដល់ពលករជាបន្ទាន់ ដើម្បីឱ្យពួកគាត់បានចូលធ្វើការឡើងវិញ។លោក ឌី ថេហូយ៉ា ជឿថា រឿងនេះប្រសិនបើអាជ្ញាធរខ្មែរមិនជួយអន្តរាគមន៍ដល់ពលករទេនោះ នឹងធ្វើឱ្យថៅកែថៃបានចិត្ត ហើយចេះតែធ្វើបាបពលករខ្មែរជាបន្តបន្ទាប់ទៀត៖ «បើយើងនិយាយពីតួនាទីរបស់រដ្ឋយើងគឺអត់ឆ្លើយតាមកាតព្វកិច្ច ក្នុងការឆ្លើយតបចំពោះពលរដ្ឋខ្លួនឯង។ ទី២ ក្រុមហ៊ុនពាក់ព័ន្ធដែលបញ្ជូនពលករទៅហ្នឹងក៏មិនឃើញចេញមុខដោះស្រាយ ហើយបើតាមដែលខ្ញុំដឹងពួកហ្នឹងដូចជាមានការឃុបឃិតគ្នា យកអង្គហេតុផ្សេងៗ ហ្នឹងស្ដាប់តែពីខាងនិយោជកទេ។ នៅពេលនិយោជកធ្វើរបាយការណ៍មកថា មានកំហុសឆ្គងអី វាមានការសម្រេចទៅតាមរបាយការណ៍នោះ អាហ្នឹងគឺថា វាអត់ត្រឹមត្រូវទេ និងវាអសីលធម៌»។

រោងចក្រសាច់មាន់នៅខេត្តឈុនបូរី មានពលករខ្មែរប្រមាណ ៣.០០០នាក់ធ្វើការ។ ពលករភាគច្រើនចូលធ្វើការងារនៅទីនោះប្រមាណពី ៣ ទៅ ៦ឆ្នាំហើយ ដោយបានប្រាក់ឈ្នួលចន្លោះពី ១.២០០ ទៅ ១៥.០០០បាត ឬស្មើនឹងពី ៤០០ ទៅ ៥០០ដុល្លារក្នុងមួយខែ។ របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា មានពលករខ្មែរធ្វើការស្របច្បាប់ និងមិនស្របច្បាប់ប្រមាណ ១លាន ៨សែននាក់ធ្វើការងារនៅប្រទេសថៃ៕

website_news/2021110313.txt · Last modified: 2021/03/11 12:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki