website_news:2021110505

ឃាត់ខ្លួនបុរសមេខ្យល់ ២ នាក់ ខណៈកំពុងនាំពលករ ២៥ នាក់ បម្រុងឆ្លងព្រំដែនចូលទៅប្រទេសថៃ

https://www.postkhmer.com/ គឹម សារុំ | Publication date 10 May 2021 | 18:34 ICT

បន្ទាយមានជ័យ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១០ ឧសភានេះ បានឃាត់ខ្លួនបុរសជាមេខ្យល់ ២ នាក់ និងពលករ ២៥ នាក់ទៀត នៅក្នុងឃុំ-ស្រុកម៉ាឡៃ ក្នុងនោះមានទាំងក្មេង ២ នាក់ផង ខណៈពួកគេបម្រុងឆ្លងដែនចូលទៅប្រទេសថៃ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ១០ ឧសភានេះថា ផ្អែកតាមរបាយការណ៍ គឺកម្លាំងកងរាជអាវុធហត្ថដែលប្រចាំការនៅគោលដៅស្រុកម៉ាឡៃ បានឃាត់ខ្លួនបុរសមេខ្យល់បានចំនួន ២ នាក់ ដែលបម្រុងនាំពលករចេញទៅថៃ។ ក្នុងនោះម្នាក់ឈ្មោះ ដឹប នុន អាយុ ៥២ ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ និងឈ្មោះ ម៉ៃ សៃហុន អាយុ ២១ ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ចំណែកចំនួនពលករប៉ុន្មាននោះគឺលោកមិនទាន់ទទួលព័ត៌មានច្បាស់ការណ៍នៅឡើយទេ។ លោកបានប្រាប់ថា៖ «ករណីនេះ ខ្ញុំទើបតែទទួលបានរបាយការណ៍ គឺឃាត់ខ្លួនមេខ្យល់បាន ២ នាក់។ ចំពោះថា មានពលករប៉ុន្មានខ្ញុំមិនច្បាស់ទេ ដូច្នេះខ្ញុំមិនហ៊ាននិយាយព្រោះមិនទាន់ច្បាស់»។ លោកបញ្ជាក់ថា ទាំងមេខ្យល់ទាំងពលករកំពុងត្រូវសមត្ថកិច្ចសាកសួរនៅស្រុកម៉ាឡៃនៅឡើយ ដោយមិនទាន់បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនោះទេ។ លោកបានបន្ថែមថា៖ «យើងនិយាយទៅមិនកើត ព្រោះអីមិនទាន់បញ្ជូនដល់ខេត្ត។ ការងារហ្នឹងការងារសហការជាមួយយោធាខ្ញុំមិនទាន់ថា យ៉ាងម៉េចកើត»។

ទោះជាយ៉ាងណា បើតាមមន្រ្តីកងរាជអាវុធហត្ថស្រុកម៉ាឡៃមួយរូបសុំមិនបញ្ចេញឈ្មោះប្រាប់នៅរសៀលថ្ងៃទី ១០ ឧសភានេះថា ការបង្ក្រាបមេខ្យល់ និងរំដោះបានពលករនេះ គឺធ្វើឡើងនៅម៉ោងជាង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ១០ ឧសភា ខណៈកម្លាំងយោធាសឹករងខេត្តបន្ទាយមានជ័យដើរល្បាតនៅចំណុចអូរ ១ កន្លែង ស្ថិតក្នុងភូមិអូរព្រំដែន ឃុំ-ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មន្រ្តីរូបនេះបន្តថា មេខ្យល់ទាំង ២ នាក់នោះបានឱ្យពលករជិះរថយន្តមកចាំនៅចំណុចគោលដៅ ដែលត្រូវឆ្លងទៅប្រទេសថៃនោះមុន។ រីឯពួកគេ (មេខ្យល់) ក៏ដេកនៅកន្លែងផ្ទះសំណាក់ក្នុងឃុំម៉ាឡៃ ដើម្បីត្រៀមចេញដំណើរនៅពេលយប់ តែដោយសមត្ថកិច្ចមានការដើរល្បាតក៏ប្រទះឃើញពួកគេកំពុងដើរហើយក៏ឃាត់ខ្លួនតែម្តង។ លោកបានឱ្យដឹងថា ក្រៅពីបុរស ២ នាក់នោះ គឺមានពលករសរុបមាន ២៥ នាក់ផងដែរ ក្នុងនោះមាន (មនុស្សពេញវ័យស្រី ១៧ នាក់ និងប្រុស ៦ នាក់)។ រីឯ ២ នាក់ទៀតជាកូនក្មេងតូចដែលត្រូវជាកូនរបស់ពលករទាំងនោះ។ មន្រ្តីរូបនោះបានបញ្ជាក់ថា៖ «ពលករទាំង ២៣ នាក់ និងក្មេង ២ នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកម៉ាឡៃ។ ចំណែកមេខ្យល់នៅមិនទាន់បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនៅឡើយទេ»៕

website_news/2021110505.txt · Last modified: 2021/05/11 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki