website_news:2021110507

ពលករខ្មែរខុសច្បាប់នឹងប្រឈមបញ្ហាច្បាប់ធ្ងន់ធ្ងរ ខណៈដែលតំបន់ព្រំដែនប្រទេសថៃរឹតបន្តឹង

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 10/05/2021 - 13:44

ពលករខ្មែរ ដែលព្យាយាមចូលទៅប្រទេសថៃ ដោយខុសច្បាប់នៅពេលនេះ នឹងប្រឈមនឹងវិធានការច្បាប់ធ្ងន់ធ្ងរពីអាជ្ញាធរមានសមត្ថកិច្ចថៃ។ ពលករខុសច្បាប់ទាំងអស់នឹងត្រូវជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤ម៉ឺនបាត ឬស្មើនឹងជាង៥លានរៀល។ បើតាមនាយកការិយាល័យអន្តោប្រវេសន៍ ការអនុវត្តវិធានការតឹងរឹងនេះ គឺដោយសារប្រទេសថៃកំពុងផ្ទុះឡើងនូវជំងឺកូវីដ-១៩រលកទី៣។ វិធានការរឹតបន្តឹងច្រកព្រំដែន ដើម្បីបញ្ចៀសកុំមានការលួចចូលពីសំណាក់ពលករខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីប្រទេសថៃកំពុងផ្ទុះជំងឺកូវីដ១៩ រលកទី៣ និងកំពុងដាក់ការសង្ស័យថា មានការឆ្លងនូវវីរុសកូវីដ-១៩ មានប្រភពមកពីប្រទេសឥណ្ឌា។

ថ្លែងប្រាប់កាសែតក្នុងស្រុកបាងកកប៉ុស្ត៍ លោក Sompong Chingduang នាយកការិយាល័យអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ពលករខុសច្បាប់ណាដែលព្យាយាមចូលមកប្រទេសថៃនៅពេលនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីពលករអន្តោប្រវេសន៍ និងការដាក់ប្រទេសក្នុងគ្រាអាសន្ន។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ អាជ្ញាធរនៅតាមព្រំដែនត្រូវរឹតបន្តឹងកុំឲ្យពលករខុសច្បាប់ចូលក្នុងប្រទេស នៅខណៈពេលប្រទេសនេះកំពុងមានការឆ្លងខ្លាំង។

បើតាមរបាយការណ៍ពីស្ថានភាពជំងឺកូវីដ-១៩ រយៈពេលបួនខែនៃឆ្នាំ២០២១នេះ អាជ្ញាធរថៃចាប់ខ្លួនពលករខុសច្បាប់ចូលប្រទេសខ្លួនប្រមាណ ១៥៣៧៨នាក់ ដោយពលករទាំងនោះរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី និងភូមា។ ជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យកន្លងទៅអាជ្ញាធរបានរកឃើញពលករខុសច្បាប់ចំនួន៥នាក់មានវិជ្ជមានកូវីដ-១៩ ដោយមាន២នាក់ជាជនជាតិថៃមកពីកម្ពុជាផងដែរ។ លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា នៅថ្ងៃអាទិត្យម្សិលមិញ រកឃើញករណីឆ្លងថ្មីចំនួន២១០១នាក់ ដោយទីក្រុងបាងកកជាទីតាំងដែលមានការឆ្លងច្រើនជាងគេ ក្នុងចំនួន៩៨០នាក់ រីឯខេត្តសាមុតសាខន ដែលមានពលករចំណាកស្រុកធ្វើការច្រើន មានអ្នកឆ្លង១០៨នាក់។ ដោយឡែកនៅថ្ងៃនេះ ប្រទេសថៃរកឃើញករណីឆ្លងថ្មីចំនួន១៦០៣នាក់ និងមានករណីស្លាប់ចំនួន២២ នាក់។ នេះបើតាមរបាយការណ៍ស្ថានភាពជំងឺកូវីដ-១៩ CCSA។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ មេសាកន្លងទៅនេះ មានពលករខ្មែរនៅថៃ ម្នាក់ភេទប្រុសបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យទីក្រុងបាងកក។ បើតាមរបាយការណ៍មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់(Central) ឲ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ប្រមាណ១លាន ៨សែននាក់ (១.៨០០.០០០) កំពុងធ្វើការនៅប្រទេសថៃ៕

website_news/2021110507.txt · Last modified: 2021/05/11 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki