website_news:2021110602

ពលរដ្ឋនៅស្រុកស្រីស្នំ សំណូមពរដល់សមត្ថកិច្ចឲ្យបង្កើនការផ្សព្វផ្សាយអំពីរូបភាពនៃការជួញដូរមនុស្ស និងការរំលោភបំពានលើកុមារ ខណៈមន្ត្រីលើកទឹកចិត្តឲ្យពលរដ្ឋត្រូវតែហ៊ានរាយការណ៍ពីករណីជួញដូរមនុស្សនៅពេលដែលខ្លួនបានឃើញ និងបានដឹង

https://www.facebook.com/pdisiemreap/ 10/06/2021

មានមតិក្នុងកម្មវិធីយើងធ្វើបាន របស់វិទ្យុ និងទូរទស្សន៍ជាតិខេត្ត នៃមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ អ្នកស្រី វង់ ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងឃុំមោង ស្រុកស្រីស្នំ បានលើកឡើងថា រយៈកាលកន្លងមក អ្នកស្រីក៏ធ្លាប់បានឃើញការផ្សព្វផ្សាយអំពីអំពើជួញដូរមនុស្សដែរ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប៉ុន្តែចំពោះករណីនេះ អ្នកស្រីមិនដែលបានដឹងថា បានកើតមាននៅក្នុងមូលដ្ឋានរបស់អ្នកស្រីកំពុងរស់នៅដែរ តែទោះជាយ៉ាងនេះក៏ដោយ ក្នុងឱកាសនេះ សូមសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាពិសេសរូបភាពនៃការជួយដូរមនុស្ស និងរំលោភបំពានលើកុមារជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារកិច្ចការអនុវត្តច្បាប់ នៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានបញ្ជាក់ថា រូបភាពនៃការជួញដូរមនុស្ស គឺជាការបោកបញ្ឆោតឲ្យនរណាម្នាក់ជឿតាមពាក្យលួងលោមរបស់គេ ដូចជាការនាំទៅធ្វើការនៅក្រៅប្រទេស ឬទីកន្លែងដទៃទៀត ប៉ុន្តែគ្មានទីតាំងជាក់លាក់ ដែលជាក់ស្ដែងគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ ឬ មានគោលបំណងផ្សេងពីការព្រមព្រៀងគ្នា និងម្យ៉ាងទៀត ការរំលោភបំពានលើកុមារ ដោយមានទាំងការរំលោភផ្លូវភេទ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញជាដើម ។

លោកស្រី ឧត្តមសេនីយ៍ត្រី ដួង ថាវរី មានប្រសាសន៍បន្ថែមថា ការងារជួញដូរមនុស្ស វាមិនត្រឹមតែជាកាតព្វកិច្ចរបស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប៉ុណ្ណោះទេ ប្រជាពលរដ្ឋទូទៅក៏អាចចូលរួម និង ត្រូវតែមានការចូលរួមសហការនិងត្រូវក្លាហានធ្វើការរាយការណ៍ចំពោះករណីសង្ស័យថាជាអំពើជួញដូរមនុស្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ សំខាន់សូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែស្វែងយល់ពីរូបភាពនៃអំពើជួញដូរមនុស្ស ដើម្បីជួយដល់ជនរងគ្រោះបានទាន់ពេលវេលា ។

លោក ប៉ុក ទ្រី ប្រធានមជ្ឍមណ្ឌលតស៊ូមតិសម្រាប់កុមារ នៃអង្គការមូលនិធិអេ២១ បានមានប្រសាសន៍ថា ជុំវិញការចូលរួមរាយការណ៍ ចំពោះករណីជាក់ស្ដែង ឬ ករណីសង្ស័យ លើសកម្មភាពអំពើជួញដូរមនុស្ស និង ការរំលោភបំពានលើកុមារនោះ ប្រជាពលរដ្ឋអាចទាក់ទងទៅមន្រ្តីមានសមត្ថកិច្ច ឬ ទៅកាន់អង្គការមូលនិធី អេ២១បាន ជាពិសេសគឺការស្វែងយល់ពីរូបភាពនៃការជួញដូរ មនុស្ស និង ការរំលោភបំពានលើកុមារផ្សេងៗ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក វែបសាយ ឬតាមលេខទូរស័ព្ទ ០១០ ២២០ ៧៧១ និង ០១២ ៦៧៨ ៧៩៩ ។ អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី រូបភាព ៖ សហការី កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

website_news/2021110602.txt · Last modified: 2021/06/11 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki