website_news:2021110605

អគ្គស្នងការនគរបាលជាតិបានរកឃើញពលរដ្ឋជាង ៧ ៦០០ នាក់ ឆ្លងដែនខុសច្បាប់ និងដាក់ធ្វើចត្តាឡីស័ក

https://postkhmer.com/ គឹម សារុំ | Publication date 10 June 2021 | 16:07 ICT

ភ្នំពេញៈ គិតពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ ២០២១ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃបានរកឃើញប្រជាពលរដ្ឋខ្មែរ ប្រុស-ស្រី ឆ្លងដែនខុសច្បាប់ ហើយត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅតាមបណ្តាខេត្ត-រាជធានីមួយចំនួនទូទាំងប្រទេសមានប្រមាណ ៧ ៦០០ នាក់។ នេះបើយោងតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី ៩ មិថុនា ថា ករណីពលករប្រុសស្រីខុសច្បាប់ដែលលួចឆ្លងដែនចេញចូលប្រទេសថៃ ហើយគេចចេញពីការធ្វើចត្តាឡីស័កត្រូវបានសមត្ថកិច្ចរកឃើញមានចំនួនប្រមាណជា ៧ ៦០០ នាក់នៅតាមខេត្ត-រាជធានីមួយចំនួនទូទាំងប្រទេស។ ចំនួននេះគឺគិតចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២១។ លោកមានប្រសាសន៍បញ្ជាក់ថា ពលករឆ្លងដែនដែលត្រូវសមត្ថកិច្ចយកទៅធ្វើចត្តាឡីស័ក គឺជាពលករមិនមែនចំពោះតែសមត្ថកិច្ចឃាត់នៅតាមព្រំដែនទាំងអស់ទេ។ ប៉ុន្តែពលករខ្លះអាចត្រូវគេរកឃើញនៅស្រះកែវប្រទេសថៃ ហើយថៃបានបញ្ជូនមកវិញ និងពួកគាត់ចូលមកដល់ខេត្តរបស់ពួកគាត់ បន្ទាប់ពីព្យាយាមគេចចេញពីមណ្ឌលចត្តាឡីស័កហើយសមត្ថកិច្ចបានរកឃើញ។ លោកបញ្ជាក់ថា៖ «ពលករប្រមាណ ៧ ៦០០ នាក់នេះ គឺពួកគាត់បានគេចចេញពីតំបន់ចត្តាឡីស័កនៅតាមព្រំដែនហើយទៅកាន់បណ្តាខេត្តដែលពួកគាត់រស់នៅ។ ចំពោះថាខេត្តមួយៗតាមព្រំដែនមានពលករឆ្លងដែនខុសច្បាប់ប៉ុន្មាននោះ ខ្ញុំមិនទាន់មានពេលធ្វើទេ»។

លោក គឹមខឿន មានប្រសាសន៍បន្តថា ចំពោះមូលហេតុនៃការគេចវេះពីមណ្ឌលចត្តាឡីស័ករបស់ពលករទាំងនោះលោកក៏មិនដឹងដែរ ប៉ុន្តែបើតាមលោកយល់ គឺមានចំណុចមួយចំនួនដោយសារពួកគាត់ធ្លាប់ចេញទៅប្រទេសថៃរកការងារធ្វើដោយខុសច្បាប់។ ដូច្នេះពេលពួកគាត់ចូលមកវិញតាមច្រកដដែលគឺពួកគាត់មិនហ៊ានចូលទេ ដូច្នេះពួកគាត់ធ្លាប់ចូលតាមច្រករបៀងណាបានគាត់ក៏រកគេនាំចូលតាមច្រកនោះដែលភាគច្រើនគឺបែបនេះ។លោក គឹមខឿន បានថ្លែងឱ្យដឹងថា៖ «ជួនកាលគាត់គេចចេញពីមណ្ឌលចត្តាឡីស័កព្រោះគាត់មកពីប្រទេសថៃគាត់ចង់ទៅផ្ទះគាត់ភ្លាមៗអ៊ីចឹងបើឱ្យគាត់ធ្វើចត្តាឡីស័កវាអស់ ១៤ ថ្ងៃបាត់ហើយវាយូរ។ អ៊ីចឹងគាត់អត់ចង់ទេគាត់ចង់ទៅធ្វើចត្តាឡីស័កនៅតាមភូមិ-ឃុំព្រោះវាជិតផ្ទះគាត់»។

ពាក់ព័ន្ធបញ្ហាពលករឆ្លងដែនខុសច្បាប់នេះដែរ កាលពីវេលាម៉ោងជិត ៥ ភ្លឺថ្ងៃ ៩ មិថុនា សមត្ថកិច្ចចម្រុះដែលប្រចាំការនៅតាមព្រំដែនត្រង់ចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃពលករ ១៣ នាក់ រួមកូនរបស់ពលករ ២ នាក់ត្រូវបានសមត្ថកិច្ចទប់ស្កាត់បាន និងឃាត់ខ្លួនបុរសមេខ្យល់ម្នាក់ផង។

លោកស្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់នៅថ្ងៃទី ៩ មិថុនាដែរថា ពលករទាំង ១៣ នាក់ និងក្មេងស្រីជាកូនពលករចំនួន ២ នាក់នោះត្រូវបានបុរសសង្ស័យជាមេខ្យល់ម្នាក់ឈ្មោះ យើន ណារ៉ុង អាយុ ២០ ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃត្រូវបានសមត្ថកិច្ចចម្រុះឃាត់ និងទប់ស្កាត់បាននៅថ្ងៃទី ៩ មិថុនា ហើយពលករទាំងនោះកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។ ពួកគេមកពីខេត្តបាត់ដំបងចំនួន ៨ នាក់ (ស្រី) ខេត្តកំពង់ធំ ២ នាក់ ខេត្តព្រៃវែង ២ នាក់ និងខេត្តបន្ទាយមានជ័យម្នាក់។ លោកស្រីថា៖ «ពលករដែលសមត្ថកិច្ចទប់ស្កាត់បានត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមខេត្តដែលពួកគាត់រស់នៅ។ ចំណែកបុរសម្នាក់សង្ស័យជាមេខ្យល់ប្រសិនបើគាត់ប្រព្រឹត្តមែននោះនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ព្រោះគាត់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស»៕

website_news/2021110605.txt · Last modified: 2021/06/11 12:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki