website_news:2021110801

អំឡុងពេលបិទខ្ទប់១៤ថ្ងៃ ខេត្តបាត់ដំបងមានពលករខ្មែរជាប់គាំងនៅទល់ដែនជិត២៥០នាក់

https://kohsantepheapdaily.com.kh/ ០៩ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ២០:០០

ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមទីតាំងជាង ៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករខ្មែរមកពីថៃ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកច្រកព្រំដែនជាមួយភាគីថៃឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ បច្ចុប្បន្នភាព ស្ថានភាពជំងឺកូវីដ-១៩ ជាពិសេស វីរុសបំលែងថ្មី Delta នៅខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង តាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព (Zoom) ។ កិច្ចប្រជុំនេះ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថា រដ្ឋបាលខេត្ត បានរៀបចំផែន ការត្រៀមទីតាំងចំនួន ៤១កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករមកពីប្រទេសថៃ ព្រមទាំងត្រៀមនូវ ក្រុមគ្រូពេទ្យសម្រាប់ការធ្វើតេស្តរហ័ស និងកងកម្លាំងប្រចាំការការពារទីតាំងមណ្ឌល ដោយសារតែពលករដែលនឹងចូលមក គឺត្រូវបានចាត់ទុកថា ជាអ្នកដែលនឹងផ្ទុកនូវវីរុសកូវីដប្រភេទ Delta ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្នុងអំឡុងពេលដែលខេត្តបាត់ដំបងបិទខ្ទប់រយៈពេល១៤ថ្ងៃនេះ មានបងប្អូនពលករខ្មែរ ដែលជាប់គាំងនៅទល់ដែនសរុប ២៤៥នាក់ (ក្នុងនោះខេត្តច័ន្ទបូរី ២៣៤នាក់ និងខេត្តស្រះកែវ ១១នាក់) ៕

website_news/2021110801.txt · Last modified: 2021/08/11 10:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki