website_news:2021110803

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជួបពលករខ្មែរ មុនធ្វើដំណើរមកកម្ពុជាវិញ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានជួបសួរសុខទុក្ខ និង នាំយកអំណោយមួយចំនួន ជូនដល់ពលករខ្មែរ៤២នាក់ និងកូនក្មេង០៣នាក់ ដែលធ្វើដំណើរមកពីតាមបណ្តាខេត្ត-ក្រុងផ្សេងៗ នៃប្រទេសថៃ ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ។ បច្ចុប្បន្នពួកគាត់កំពុងជាប់ និង ស្នាក់នៅក្បែរព្រំដែនថៃកម្ពុជា ស្ថិតក្នុងស្រុកកាបឆឺង ខេត្តសុរិន្ឋ ទល់មុខនឹងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

យោងតាមក្រសួងការបរទេសកម្ពុជា«នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ ខេត្តសុរិន្ឋ ចុះជួបសួរសុខទុក្ខនិងនាំយកអំណោយមួយចំនួន មានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ពងមាន់ ទឹកដោះគោ ទឹកសុទ្ឋ នំកញ្ចប់ ផ្លែឈើ ម៉ាស់ ជែល អាកុល សាប៊ូបោកខោអាវ ថ្នាំពេទ្យ និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន៤២នាក់ (ស្រី១៩នាក់) និងកូនក្មេង០៣នាក់ ដែលធ្វើដំណើរមកពីតាមបណ្តាខេត្ត-ក្រុងផ្សេងៗនៃ ប្រទេសថៃ ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ ហើយបច្ចុប្បន្នពួកគាត់កំពុងជាប់និងស្នាក់នៅក្បែរព្រំដែនថៃ-កម្ពុជា ស្ថិតក្នុងស្រុកកាបឆឺង ខេត្តសុរិន្ឋ ទល់មុខនឹងក្រុងសំរោង ខេត្តឧត្តរមានជ័យ សំរាប់ប្រើប្រាស់និងទទួលទានជាបណ្តោះអាសន្ន ក្នុងរយ:ពេលរង់ចាំវិលត្រឡប់មកកម្ពុជាវិញ»។

បន្ទាប់ពីបិទព្រំដែនជាប់ជាមួយប្រទេសថៃ ដើម្បីទប់ស្កាត់ការចម្លងដែលតា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលខេត្តជាប់ព្រំដែនថៃទាំងអស់ ឱ្យផ្ទេរពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមព្រំដែន ចូលមកបន្តធ្វើចត្តាឡីស័ក នៅតាមបណ្តារាជធានី-ខេត្ត ដែលជាមូលដ្ឋានរបស់ពួកគេ ដើម្បីទុកទីតាំងចត្តាឡីស័កនៅព្រំដែន សម្រាប់ទទួលពលករថ្មីទៀត៕

website_news/2021110803.txt · Last modified: 2021/08/11 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki