website_news:2021110806

ពលករមួយចំនួនជាប់តាមព្រំដែន ក្រោយរាជរដ្ឋាភិបាលបិទព្រំដែន, ឧត្តមសេនីយ៍ទោ សេង ធារិន សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការលំបាកនេះ

http://freshnewsasia.com/ 2021-08-10 05:26pm

(បន្ទាយមានជ័យ)៖ បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទព្រំដែនរវាងកម្ពុជា ជាមួយថៃយ៉ាងណាក្តី តែប្រជាពលករខ្មែរមួយចំនួននៅតែបន្តចាកចេញកន្លែងរស់នៅក្នុងប្រទេសថៃ ដើម្បីចូលមកក្នុងប្រទេសកម្ពុជាវិញ។ ការបង្ខំចិត្តចាកចេញពីប្រទេសថៃមកកាន់កម្ពុជាវិញនេះ បានធ្វើឱ្យពលករមួយចំនួនជាប់នៅតាមព្រំដែនមិនអាចចូលមកក្នុងប្រទេសកម្ពុជាបាននោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ បានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា និងប្រទេសថៃ រយៈពេលពីរសប្តាហ៍ ដោយមិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសប៉ុណ្ណោះ។ ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «ដែលតា-Delta» ដែលឆ្លងតាមរយៈពលករត្រឡប់មកពីប្រទេសថៃនោះ។ បើទោះបីមានការសម្រេចបែបនេះយ៉ាងណាក្តី ក៏នៅតែមានពលករមួយចំនួនធ្វើដំណើរចាកចេញពីកន្លែងស្នាក់នៅក្នុងប្រទេសថៃ ក្នុងបំណងចូលមកប្រទេសកម្ពុជាវិញ។ ដោយសារតែវិធានការបិទច្រកព្រំដែន បានធ្វើឱ្យពលករមួយចំនួនត្រូវជាប់នៅតាមព្រំដែននៅខាងដីថៃ។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានចុះសួរសុខទុក្ខពលករខ្មែរ ដែលកំពុងសម្រាកនៅតាមព្រំដែននោះ។ លោកឧត្តមសេនីយ៍ទោ បានការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលករខ្មែរ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែននោះ។ លោកបានបញ្ជាក់ថា វិធានការបិទព្រំដែនដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «ដែលតា» ចូលទៅក្នុងសហគមន៍ ដែលនឹងបង្កមហន្តរាយធ្ងន់ធ្ងរក្នុងសហគមន៍។ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាគិតគូរ ហើយមិនទុកឱ្យពលករកំពុងស្នាក់នៅតាមព្រំដែននោះឯកោឡើយ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តាំផ្ញើទៅពលករកំពុងជាប់តាមព្រំដែនថា ក្នុងករណីមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗ ត្រូវរាយការណ៍ជូនទៅកងកម្លាំងដែលនៅជិតបំផុត ដើម្បីឱ្យកងកម្លាំងរាយការណ៍ជូនទៅអាជ្ញាធរជួយដោះស្រាយ៕

website_news/2021110806.txt · Last modified: 2021/08/11 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki