website_news:2021111005

យោធាថៃ ឃាត់ខ្លួនពលករខ្មែរ ៧នាក់ ដែលឆ្លងដែនខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ៩ តុលា ២០២១ដោយ sopheak khoun

ពលករខ្មែរចំនួន ៧នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើ ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃឃាត់ខ្លួន ប្រគល់ឲ្យភាគីកម្ពុជាវិញ។ ការឃាត់ខ្លួន ដោយកម្លាំងទាហានកងរយលេខ ៥៤៦នេះ បានធ្វើឡើងនៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចព្រៃឫស្សី ក្បែអូរព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្ត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។

យោងតាមការផ្សាយ របស់គេហទំព័រក្នុងស្រុកថៃ បានបញ្ជាក់ថា ពលករខ្មែរទាំង ៧នាក់ គឺមានស្រី ៣ នាក់ និងក្មេងតូចម្នាក់ផង ដែលពួកគេបានឆ្លងផុត ចូលទៅក្នុងទឹកដីថៃទៅហើយ ដើម្បីបន្តដំណើរទៅខេត្តផ្សេងៗទៀត ក្នុងទិសដៅរកការងារធ្វើ។ ក្រោយពេលឃាត់ខ្លួន យោធាថៃបានឲ្យមន្ត្រីសុខាភិបាល ស្រុកពោងណាំរ៉ន ចុះមកពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍។ នៅថ្ងៃដដែលនោះដែរ ភាគីថៃបានទំនាក់ទំនងមកកាន់យោធាកម្ពុជា នៃការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា និងកម្លាំងប៉ូលិសព្រំដែនកម្ពុជា ប្រចាំស្រុកកំរៀង ឲ្យចូលទៅទទួលយកពលករទាំងអស់ ត្រឡប់មកកម្ពុជាវិញ ដើម្បីអប់រំ ឬក៏ដើម្បីធ្វើចត្តាឡីស័កនៅទីនោះ៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021111005.txt · Last modified: 2021/10/11 19:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki