website_news:2021111104

រយៈពេល ២ ថ្ងៃ ទាហានថៃឃាត់ខ្លួនពលរដ្ឋខ្មែរ លួចឆ្លងដែនសរុប ៥៥ នាក់

https://www.gntimes.com/ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅប្រទេសថៃ ត្រូវបានទាហានឈុតខ្មៅថៃ កងអនុសេនាធំ ១៣.០២ ឃាត់ខ្លួនជាបន្តបន្ទាប់សរុប ៥៥នាក់ (ស្រី១៩នាក់ ) នៅចំណុចភូមិ ថាប់ភិកណយ ឃុំថាប់ភិក និងភូមិ ខៅណយ ឃុំក្លងណាំសៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ។

បើតាមប្រភពព័ត៌មានពីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា៖ នៅវេលាម៉ោង០៤រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទាហានឈុតខ្មៅថៃ កងអនុសេនាធំ ១៣.០២ ដែលឈរជើងទល់មុខប៉ុស្ដិ៍ការពារព្រំដែនចំបក់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ បានផ្តល់ព័ត៌មានមកថា មានប្រជាពលរដ្ឋខ្មែរចំនួន ៣៤នាក់ (ស្រី១៦នាក់) បានលួចឆ្លងដែនចូលទៅទឹកដីថៃ ហើយត្រូវបានឃាត់ខ្លួន។ ប្រជាពលរដ្ឋខ្មែរទាំង៣៤នាក់នេះ តាមការសួរនាំ គឺដើរចេញមកពីចំណុចភូមិគីឡូ៩ ស្រុកសំពៅលូន ខេត្ដបាត់ដំបង ឆ្លងអូរចូលទឹកដីថៃ ។ ប្រភពដដែលបានបញ្ជាក់ថា៖ បន្ទាប់ពីបានឃាត់ខ្លួន ទាហានឈុតខ្មៅថៃអនុសេនាធំ ១៣.០២ បានបញ្ជូនប្រជាពលរដ្ឋទាំង ៣៤នាក់ ទៅអធិការដ្ឋាននគរបាលក្លងណាំសៃ ដើម្បីមានវិធានការបន្ត ។

នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងទៀតថា៖ នៅវេលាម៉ោង០៣ និង៣០នាទីទាបភ្លឺ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ទាហាន(ព្រាន)ឈុតខ្មៅថៃ កងអនុសេនាធំ ១២.០៧ ដែលឈរជើងទល់មុខប៉ុស្ដិ៍ខ្លាងាប់ បានផ្ដល់ព័ត៌មានពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន១១នាក់(ស្រី០៣នាក់) ត្រូវបានឃាត់ខ្លួននៅចំណុចមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រភូមិ ខៅណយ ឃុំក្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ បន្ទាប់ពីឃាត់ខ្លួនប្រជាពលរដ្ឋទាំង១១នាក់នោះ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្លងណាំសៃផងដែរ ដើម្បីមានវិធានការបន្ត៕ ដោយ៖ ចន្ទ្រា

website_news/2021111104.txt · Last modified: 2021/11/11 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki