website_news:2021120101

អន្តរក្រសួងបានឯកភាពធ្វើការកែប្រែគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 11 January 2021 | 09:59 ICT

ភ្នំពេញៈ អន្តរក្រសួងបានឯកភាពកែសម្រួលលក្ខណសម្បត្ដិ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលបានអនុវត្ដរយៈពេល ១០ ឆ្នាំកន្លងមកដោយជោគជ័យទៅជាគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពវិញ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងបញ្ហាបច្ចុប្បន្ន ខណៈសង្គមស៊ីវិលបានលើកឡើងពីក្តីបារម្ភរបស់ពលរដ្ឋពីការរីករាលដាលគ្រឿងញៀនដល់ទីជនបទ។ ការសម្រេចកំណត់លក្ខណសម្បត្ដិ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឡើងវិញនេះធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការកែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដឹកនាំដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៨ ខែមករា នៅទីស្ដីការក្រសួងមហាផ្ទៃ។ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ដកាលពីអំឡុងខែសីហា ឆ្នាំ ២០១០ មានលក្ខណសម្បត្ដិចំនួន ៥ គឺ ១ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ ២ គ្មានការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៣ គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ៤ គ្មានក្មេងទំនើង និង ៥ គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ចំណែកសេចក្ដីព្រាងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពដែលអន្តរក្រសួងទើបកំណត់ឡើងវិញនេះមាន ៨ គឺ ១ គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។ ២ គ្មានបទល្មើសគ្រឿងញៀន។ ៣ គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។ ៤ មានអនាម័យមានសោភណភាពល្អ និងបរិស្ថានល្អ។ ៥ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានស័ក្ដិ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ ៦ ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ៧ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព និង ៨ គ្មានគ្រោះថ្នាក់ចរាចរណ៍។

លោក ស ខេង ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំអន្តរក្រសួងថា គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពត្រូវបានអនុវត្តរយៈពេលប្រមាណ ១០ ឆ្នាំកន្លងមក ទទួលបានការគាំទ្រ និងចូលរួមច្រើនជាពិសេសអនុវត្តបានខ្ជាប់ខ្ជួនពីគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ។ ចំណែកការកែសម្រួលសេចក្ដីព្រាងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឡើងវិញនេះ គឺជាការធ្វើបច្ចុប្បន្នភាពលើគោលនយោបាយដែលចាំបាច់ឱ្យស្របទៅនឹងបញ្ហាថ្មីៗ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលរួមនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងស្ថាប័ននីមួយៗ។ លោកថ្លែងថា៖ «ពេលនេះយើងសរសេរគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ហើយការថែមសង្កាត់នេះ គឺដោយសារបណ្ដាក្រុង តាមខេត្តក៏មានសង្កាត់ដែរ ម្យ៉ាងនៅរាជធានីភ្នំពេញក៏មានសង្កាត់ដូចគ្នាដែរ។ គោលនយោបាយនេះបានសរសេរច្បាស់ៗ គ្មានពាក្យបង្ការ លុបបំបាត់ ឬកាត់បន្ថយអ្វីទេ»។ លោក ស ខេង ពន្យល់ថា ការដាក់ច្បាស់ៗនូវអ្វីដែលចង់បានក្នុងគោលនយោបាយនេះគឺដើម្បីបញ្ចប់ភាពស្រពេចស្រពិល។ ដូច្នេះគោលនយោបាយកែសម្រួលឡើងវិញនេះបានកំណត់ឱ្យច្បាស់តែម្ដង ដូចជាពាក្យ «គ្មានបទល្មើសគ្រប់ប្រភេទ» ជាពិសេសសកម្មភាពលួចឆក់ប្លន់ ឬ «គ្មានបទល្មើសគ្រឿងញៀន» ជាដើមក្នុងគោលនយោបាយនេះក៏មានផ្នែកបន្ទាប់ពន្យល់យ៉ាងលម្អិតដែរ។

លោក អំ សំអាត នាយករងអង្គការលីកាដូបានគាំទ្រគោលនយោបាយនេះ ដោយថ្លែងថា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនេះល្អ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើឱ្យការរស់នៅប្រកបដោយភាពសុខដុមរមនា សន្តិសុខ សុវត្ថិភាព និងបរិស្ថានល្អ។ ប៉ុន្តែបើមើលទៅលើការអនុវត្តជាក់ស្តែងរបស់មន្ត្រីមូលដ្ឋានមួយចំនួនគឺមិនទាន់ឆ្លើយតបតាមគោលនយោបាយនេះនៅឡើយទេ។ លោកថា៖ «ប្រជាពលរដ្ឋមួយចំនួន នៅតែលើកឡើងពីបញ្ហាមួយចំនួនដូចជា ករណីគ្រឿងញៀនដែលបច្ចុប្បន្នគឺរីករាលដាលដល់ជនបទ ល្បែងស៊ីសងមួយចំនួននៅបន្តកើតមានឡើង ចោរកម្មមួយចំនួននៅតែកើតមានឡើង»។ បើតាមលោក សំអាត សហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា ពេលពួកគេចុះបំពេញការងារ ឬជួបជុំគ្នាដើម្បីការងារសហគមន៍ គឺតែងតែមានអាជ្ញាធរមូលដ្ឋានចុះទៅដល់ និងឃ្លាំមើលសកម្មភាព។ ពួកគេចង់ឱ្យអាជ្ញាធរយកពេលវេលាទាំងនេះទៅយកចិត្តទុកដាក់ដើម្បីការពារផលប្រយោជន៍មូលដ្ឋាន និងការពារសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋវិញដូចជាការបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសដែលកើតក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពវិញទើបជាការល្អ។ លោកបានបញ្ជាក់ថា៖ «ដើម្បីឱ្យគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពមានប្រសិទ្ធភាពទាល់តែមន្ត្រីមូលដ្ឋានចូលរួមអនុវត្តឱ្យបានពេញលេញ និងមានការចូលរួមពីប្រជាពលរដ្ឋ និងមានទំនុកចិត្តពីពលរដ្ឋ»។

យោងតាមសេចក្ដីព្រាងដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានពីម្សិលមិញ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពវិញនេះមានគោលបំណងបន្តកសាង និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមលើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋានផងដែរ។

គ្រប់ចំណុចនៃគោលនយោបាយនេះគឺដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដោយបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ចផ្នែកសាធារណៈផ្នែកឯកជន ផ្នែកពាក់ព័ន្ធ និងប្រជាជនទូទាំងប្រទេស៕

website_news/2021120101.txt · Last modified: 2021/01/12 13:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki