website_news:2021120104

អាជ្ញាធរខេត្តបាត់ដំបង ព្រួយបារម្ភពីបញ្ហាពលករ រត់ចេញពីមណ្ឌលចត្តាឡីស័ក

https://www.cen.com.kh/archives/ January 12, 2021

បាត់ដំប ៖ អាជ្ញាធរខេត្តបាត់ដំបង បានបង្ហាញនូវការព្រួយបារម្ភ ពីបញ្ហាពលករមួយចំនួន ដែលត្រឡប់មកពីប្រទេសថៃ មិនសហការជាមួយអាជ្ញាធរ ក្នុងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបានរត់គេចពីមណ្ឌលចត្តាឡីស័ក ទៅកាន់ទីកន្លែងផ្សេងៗ ធ្វើឲ្យមានការពិបាកក្នុងការតាមរកមកវិញ ។ ការលើកឡើងនេះ ក្នុងពេលចុះពិនិត្យស្ថានភាព ការវិលត្រឡប់និងការធ្វើចត្តាឡីស័កពលករខ្មែរ តាមមណ្ឌលនានា នៅបណ្ដាស្រុកមួយចំនួនជាប់ព្រំដែនថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង អាជ្ញាធរស្រុក បានរាយការណ៍ជូនឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ពីបញ្ហាពលករខ្មែរមួយចំនួន ដែលបានរត់គេចពីការធ្វើចត្តាឡីស័ក និងត្រូវបានអាជ្ញាធររកឃើញ នាំមកមណ្ឌលឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមងួន រតនៈអភិបាលខេត្តបាត់ដំបង បានជំរុញដល់សមត្ថកិច្ចនៅតាមមណ្ឌលចត្តាឡីស័ក ត្រូវរឹតបន្តឹងនូវបញ្ហានេះ ហើយត្រូវតែអនុវត្តឲ្យបានគ្រប់គ្នា ទៅលើពលករខ្មែរ ទើបមកពីប្រទេសថៃ ឲ្យពួកគាត់ធ្វើចត្តាឡីស័កទាំងអស់ តាមកាលកំណត់របស់ក្រសួងសុខាភិបាល មិនត្រូវលើកលែងករណីណាមួយនោះទេ។ពលករខ្មែរ សូមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួង ក្នុងការងារទប់ស្កាត់ជំងឺកូវីដ១៩នេះ ព្រោះថាបើត្រឡប់ទៅផ្ទះវិញ ដោយមិនបានធ្វើចត្តាឡីស័កនៅកន្លែងអាជ្ញាធររៀបចំទុកជាស្រេចគឺនៅពេលត្រឡប់ដល់ផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័កដូចគ្នា មិនត្រឹមតែប៉ុណ្ណោះនឹងប៉ះពាល់ដល់សមាជិកគ្រួសារថែមទៀត ក្នុងករណីសង្ស័យឬមានឆ្លង ត្រូវធ្វើចត្តាឡីស័កទាំងគ្រួសារ បង្កឲ្យប៉ះពាល់ដល់ការប្រកបរបរទទួលទាន់ ព្រោះត្រូវធ្វើចត្តាឡីស័កទាំងអស់គ្នានោះ។

សម្រាប់ពលករខ្មែរ បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមការកំណត់របស់ក្រសួង បាននិយាយប្រាប់ថា ពួកគេពេញចិត្តនឹងវិធានការនេះ ព្រោះវានឹងអាចបញ្ចៀសនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់ពួកគេ។រាល់ពលករ ខ្មែរឬអ្នកត្រឡប់មកពីក្រៅប្រទេស មិនគួរគេចវេសពីការធ្វើចត្តាឡីស័កនោះឡើយ។

គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ នៅក្នុងខេត្តសាមុទសាខន ប្រទេសថៃ មានពលករខ្មែរឆ្លងដែនពីថៃតាមច្រកនានា ជាប់ខេត្តបាត់ដំបង មានចំនួនជាង ២ ៣០០នាក់ ត្រូវបានធ្វើសំណាកជាង ២ ០០០នាក់ និងអ្នកបញ្ចប់ការធ្វើចត្តាឡីស័ក ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញចំនួនជិត ១ពាន់នាក់ ខណៈការរកឃើញពលករឆ្លងជំងឺកូវីដ១៩ មានជាបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ

website_news/2021120104.txt · Last modified: 2021/01/12 13:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki