website_news:2021120301

លោកជំទាវ ជូ ប៊ុនអេង បានជួបសំណេះសំណាលជាមួយ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង នៃអធិការដ្ឋានស្រុកសៀមប៉ាង

https://cen-news.com/ ByPen Srey Neat March 11, 2021

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បាននាំយកថវិការមួយចំនួន ជាថវិការផ្ទាល់ខ្លួន និងមន្ត្រីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ព្រមទាំងសប្បុរសជនរួមមាន លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក ចំនួន៥០០ដុល្លា និងលោកជំទាវ សុខ វិល័យ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន១០០ដុល្លា សរុបចំនួន៧០០០០០រៀល និង៧០០ដុល្លាអាមេរិក ជូនចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ជាអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ មានវត្តមាននៅក្នុងជំនួបនេះផងដែរ មានលោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គជបជ លោកជំទាវ ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង លោកស្រី ផាន់ ណារ៉ា អភិបាលរងស្រុកសៀមប៉ាង ដែលបានរួមដំណើរមកជាមួយពីខេត្តស្ទឹងត្រែង ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ត្រូវបាន លោកអធិការស្រុកសៀមប៉ាង ព្រមានឱ្យសុំទោសជាសាធារណៈ ព្រមទាំងហៅទៅធ្វើកិច្ចសន្យាមួយដែលត្រូវបានលោកពន្យល់ថា “ការបំបៅកូនក្នុងឯកសណ្ឋានជារឿងមិនសមរម្យ ធ្វើឱ្យប៉ះពាល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់កិត្តិយសស្ត្រីខ្មែរ” ក្រោយពីបានឃើញលោកស្រីបង្ហោះរូបភាពកំពុងបំបៅកូនអាយុ១ខួប២ខែ នៅក្នុងឯកសណ្ឋានការងារ និងនៅកន្លែងការងារផ្ទាល់តាមដងផ្លូវកំពុងបំពេញភារកិច្ច។

ភ្លាមៗនោះ ដោយបានមើលឃើញពីការមិនផ្ដល់តម្លៃ ប្រាស់ចាកអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការលើកទឹកចិត្តស្ត្រីក្នុងការចិញ្ចឹមទារកដោយទឹកដោះម្ដាយរបស់ក្រសួងសុខាភិបាល លោកជំទាវ ជូ ប៊ុនអេងបានចេញសារលិខិតជូនចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងក្នុងន័យថា “ខ្ញុំមានការសោកស្ដាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបថបែបនេះ និងមិនបានវែកញែកឱ្យច្បាស់ពីកំហុស និងគុណសម្បត្តិ។ក្នុងស្ថានភាពជាស្ត្រីដែលមានភារកិច្ចទទួលខុសត្រូវទ្វេរដងលើសពីបុរសគឺបំពេញការងារស្នូលក្នុងអង្គភាព ស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែរទាំកូន តាំងពីក្នុងផ្ទៃរហូត កើតមក និងបន្តទៅទៀតដល់ពេញវ័យ បើទោះជាបុរសជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនាង ទទួលបាន នូវឱកាសថែរទាំកូនបានងាយស្រួលយ៉ាងណាក៏ដោយ ក៏នាងមិនបោះបង់កូន និងការងារស្នូលរបស់នាងដែរ។ លោកអធិការគួរតែសម្ដែងនូវការកោតសរសើ លើកទឹកចិត្ត និងរិះរកមធ្យោបាយឱ្យមន្ត្រីស្ត្រីបែបនេះ ទទួលបាននូវការយកចិត្តទុកដាក់និងឱ្យគាត់មានឱកាសគ្រប់គ្រាន់ថែរទាំកូនដូចម្ដាយលោកថែរទាំលោកកាលពីនៅទារក និងភរិយាលោកថែរទាំកូនលោកដូចគ្នាដែរ។

”បន្ថែមទៅទៀត ក្រសួងកិច្ចការនារីក៏បានចេញនូវសេចក្តីថ្លែងការណ៍ ដែលមានអត្ថន័យថា “ ក្រសួងកិច្ចការនារីសូមសម្ដែងនូវការកោតសរសើចំពោះលោកស្រី អនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទី ជាម្ដាយដ៏ល្អក្នុងការចិញ្ចឹមបីបាច់និងផ្ដល់ភាពកក់ក្ដៅដល់កូន។ ក្នុងន័យនេះ ស្ថាប័នអង្គភាពដែលមានស្ត្រី ជាមន្ត្រីក្រោមឱវាទឬជាបុគ្គលិកបំពេញការងារគួរបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន និងអនុញ្ញាតឱ្យស្ត្រីដែលមានកូនតូចអាចបំពេញការងារផង និងបំពេញតួនាទីជាម្ដាយផង។ ក្រោយពីមានលិខិតអន្តរាគមន៍របស់លោកជំទាវ ជូ ប៊ុនអេង និងក្រសួងកិច្ចការនារី យើងឃើញមានការសាទរពីសំណាក់សាធារណៈជន និងមានការចូលរួមចំណែកលើកទឹកចិត្តដោយពាក្យសំដី ថវិកា និងសម្ភារៈជាច្រើន ជូនដល់លោកស្រី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021120301.txt · Last modified: 2021/03/12 13:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki