website_news:2021120304

ពលករ៧៩៥នាក់ ដែលត្រឡប់មកពីថៃ ត្រូវបានអាជ្ញាធរដឹកដល់ខេត្តព្រៃវែង ដើម្បីយកទៅធ្វើចត្តាឡីស័ក

http://www.freshnewsasia.com/ 2021-03-11 04:32pm

(ព្រៃវែង)៖ ពលករចំណាកស្រុកចំនួន៧៩៥នាក់ ត្រូវបានអាជ្ញាធរដឹកតាមរថយន្តចំនួន ៣០គ្រឿង មកកាន់ខេត្តព្រៃវែង ដើម្បីនាំធ្វើចត្តាឡីស័កនៅតាមបណ្ដាស្រុកក្រុងនានាក្នុងខេត្ត។ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋបាលក្រុងព្រៃវែង ដែលអង្ភភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ខេត្តព្រៃវែង គិតត្រឹមល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានមនុស្សចំនួន២៣នាក់ បានឆ្លងជំងឺកូវីដ១៩ ពីលោកគ្រូពេទ្យពេទ្យម្នាក់ នៅសម្ភពព្យាបាលមួយស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងនោះរដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ពេលនេះ សូមសហការជាមួយសមត្ថកិច្ច និងមន្ទីរជំនាញដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ដោយឡែកចំពោះបងប្អូន ដែលមិនស្ថិតនៅក្នុងព្រឹត្តិការណ៍នេះ ប្រសិនបើមានរោគសញ្ញាដូចជា៖ ផ្តាសាយ ក្ដៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់ករ ឬមានរោគសញ្ញាស្រដៀង សូមអញ្ជើញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងខេត្តព្រៃវែងផងដែរ៕

website_news/2021120304.txt · Last modified: 2021/03/12 13:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki