website_news:2021120306

ក្រុមអង្គការសង្គមស៊ីវិល៣៩ស្ថាប័នស្នើឱ្យលើកកម្ពស់សិទ្ធិស្ត្រីនៅកន្លែងការងារ

https://www.rfa.org/khmer/ ដោយ មាន ឫទ្ធិ 2021-03-11

ក្រុមអង្គការ សមាគមនិងសហជីព ចំនួន ៣៩ស្ថាប័ន ដែលភាគច្រើនធ្វើការផ្នែកលើកស្ទួយសិទ្ធិស្ត្រី និងសិទ្ធិមនុស្ស ខកចិត្តជាខ្លាំងចំពោះករណីមន្ត្រីនគរបាលជាស្ត្រីម្នាក់ នៅខេត្តស្ទឹងត្រែង ប្រឈមនឹងវិធានការវិន័យដោយសារការបង្ហោះរូបភាពបំបៅដោះកូនក្នុងសំលៀកបំពាក់ឯកសណ្ឋាននគរបាលក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។

ក្រុមអង្គការសង្គមស៊ីវិលទាំងនេះចាត់ទុកករណីនេះជាឧទាហរណ៍ស្រាប់បង្ហាញថា រដ្ឋាភិបាលខកខានការពារសិទ្ធិស្ត្រីនៅកន្លែងធ្វើការងារ បើទោះបីជាប្រទេសកម្ពុជាបានផ្តល់សច្ចាប័ណ្ណលើអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទនិងការពារសិទ្ធិធ្វើការងារដោយពុំមានការរើសអើងក្តី។ ក្រុមអង្គការដែលចេញសេចក្តីថ្លែងការណ៍រួមមាន អង្គការសីលកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)អង្គការក្លាហាន អង្គការលីកាដូ និងសមាគមអាដហុកជាដើម។ ក្រុមអង្គការទាំងនេះលើកឡើងថា ស្ថាប័នការងារជាច្រើនពុំបានផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារមើលថែទាំទារកឱ្យបានគ្រប់គ្រាន់សម្រាប់បុគ្គលិក ឬកម្មករនិយោជិតជាម្តាយនៅឡើយទេ ហើយប្រការនេះគឺជាឧបសគ្គដ៏ធំ រារាំងស្ត្រីក្នុងការឡើងដំណែងជាថ្នាក់ដឹកនាំ។ ក្រុមអង្គការសង្គមស៊ីវិលបន្ថែមថា ដើម្បីឱ្យស្ត្រីទទួលបានសិទ្ធិនៅកន្លែងធ្វើការ អង្គភាពត្រូវផ្តល់ហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខារមើលថែទារក និងពេលវេលាសម្រាកបំបៅដោះកូន ដោយទទួលបានប្រាក់ឈ្នូល ព្រមទាំងបង្កភាពងាយស្រួលដល់អាជីពការងាររបស់ពួកគេ។ ការចេញសេចក្តីថ្លែងការណ៍រួមគ្នារបស់ក្រុមអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីអធិការស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងលោក ជីម អេង បានបង្ខំឱ្យស្ត្រីជានគរបាលម្នាក់ឈ្មោះ ស៊ីថុង សុខា ឱ្យធ្វើកិច្ចសន្យាឈប់បង្ហោះរូបភាពបំបៅដោះកូនពេលធ្វើការក្រោមហេតុផលប៉ះពាល់កិត្តិយសនគរបាល និងស្ត្រីខ្មែរ។ ក្រុមអង្គការសង្គមស៊ីវិលគូសបញ្ជាក់ថា ជារឿងគួរឱ្យអាម៉ាស់ចំពោះការតម្រូវឱ្យស្ត្រីជានគរបាលនោះសូមទោសក្រោមហេតុផលធ្វើឱ្យប៉ះពាល់កិត្តិយសរបស់អង្គភាពនិងស្ត្រីខ្មែរ ហើយតម្រូវឱ្យចុះកិច្ចសន្យាបញ្ឈប់។

នាយិកាអង្គការសីលកា (SILAKA) អ្នកស្រី សេង រាសី មានប្រសាសន៍ថា ទង្វើរបស់អធិការស្រុកសៀមប៉ាងជះឥទ្ធិពលមិនល្អដល់អារម្មណ៍របស់ស្ត្រីផ្សេងទៀត ដោយពួកគេនឹងខ្លាចញញើតក្នុងការសម្តែងមតិតាមបណ្តាញសង្គម និងបង្ហោះរូបភាពបំបៅដោះកូននៅកន្លែងការងារ។ អ្នកស្រីជឿថា សេចក្តីថ្លែងការណ៍នេះ ភ្ជាប់ជាមួយការរិះគន់របស់មហាជន នឹងធ្វើឱ្យកន្លែងការងាររបស់នគរបាលស្រុកសៀមប៉ាងត្រូវបានកែប្រែឱ្យល្អប្រសើរវិញ៖ «ការលើកឡើងរបស់ភាគីពាក់ព័ន្ធទាំងអស់នឹងអាចធ្វើឱ្យកន្លែងការងាររបស់បងស្រី សុខា មានការកែប្រែឥរិយាបថ និងគំនិត។ យើងសង្ឃឹមថា ការចេញសេចក្តីថ្លែងការណ៍ហ្នឹងជាការក្រើងរំឭកឱ្យគ្នាទៅវិញទៅមកហើយកែប្រែស្ថានភាពឱ្យកាន់តែប្រសើរឡើង »។ ក្រុមអង្គការសង្គមស៊ីវិលបានជំរុញឱ្យអគ្គស្នងការនគរបាលជាតិ គួរមានវិធានការកែតម្រូវដើម្បីធានាថា ករណីបែបនេះនឹងពុំកើតឡើងជាថ្មីទៀតឡើយ។

អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសុំការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលនេះទេនៅថ្ងៃទី១១ ខែមីនា។ រីឯស្ត្រីជានគរបាលអ្នកស្រី ស៊ីថុង សុខា វិញក៏អាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ។

ក្រុមអង្គការសង្គមស៊ីវិលនៅតែទាមទារឱ្យអធិការស្រុកសៀមប៉ាងចេញមុខសុំទោសជាសាធារណៈចំពោះទង្វើឆ្គាំឆ្គងរបស់ខ្លួន ដែលពួកគេហៅថា ជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រីក្រោមបង្គាប់។

ប៉ុន្តែអធិការស្រុកសៀមប៉ាងលោក ជឹម អេង បានប្រាប់អាស៊ីសេរីថា លោកនឹងមិនសុំទោសជាសាធារណៈឡើយ៖ «ខ្លួនគាត់បង្ហោះខ្លួនឯង ហើយកិច្ចសន្យាគាត់ធ្វើខ្លួនឯងបង្ហោះខ្លួនឯង អ៊ីចឹងមិនពាក់ព័ន្ធខាងខ្ញុំទៅសូមទោសអីទេបានន័យថាមិនមែនខាងខ្ញុំតម្រូវឱ្យគាត់បង្ហោះទេខ្ញុំមានតែហាមឃាត់កុំឱ្យគាត់បង្ហោះ»។

ក្រុមអង្គការសង្គមស៊ីវិលទាំង ៣៩ស្ថាប័នស្នើឱ្យរដ្ឋាភិបាលចាត់វិធានការសមស្របដើម្បីធានាថា ឪពុកម្តាយគ្រប់រូបបំពេញការងារដោយទទួលបានការគាំទ្រនៅកន្លែងការងារ និងចាត់វិធានការជាក់លាក់ដើម្បីធានាថា សិទ្ធិរបស់ស្ត្រីត្រូវបានគោរពនិងលើកកម្ពស់។ ជាពិសេសពួកគេទទូចដល់រដ្ឋាភិបាលអនុវត្តអនុសាសន៍ទាំងឡាយទាក់ទងនឹងការបង្កើនកិច្ចប្រឹងប្រែងលុបបំបាត់ការរើសអើងស្ត្រីភេទនិងបញ្ឈប់ការរឹតត្បិតលើសេរីភាពបញ្ចេញមតិ៕

website_news/2021120306.txt · Last modified: 2021/03/12 13:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki