website_news:2021120307

ទស្សនៈនានា លើបណ្ដាញសង្គម ជុំវិញស្ត្រីនគរបាល ដែលបំបៅកូនពេលម៉ោងធ្វើការ

https://www.rfa.org/khmer/ ដោយ សេក បណ្ឌិត 2021-03-11

ការសរសេរលិខិតសុំទោសមេកើយ ពីស្ត្រីនគរបាលម្នាក់ មានឋានៈជាអនុសេនីយ៍ទោ ឈ្មោះ ស៊ីថុង សុខា នៃស្នងការនគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅកូនពេលម៉ោងធ្វើការនោះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និងបញ្ចេញទស្សនៈព្រោងព្រាតជុំវិញរឿងនេះ ចាប់តាំងពីថ្ងៃទី៩ មីនាមក។តើទស្សនមតិទាំងនោះ វិជ្ជមាន ឬអវិជ្ជមាន ចំពោះរឿងនេះ? រឿងរ៉ាវនេះ ពីដំបូងផ្ដើមចេញពីគណនីហ្វេសប៊ុក ឈ្មោះ កូនកាត់ឡាវ (Sokha Konkatlao) ដែលបានផុសរូបថតស្ត្រីស្លៀកពាក់ឯកសណ្ឋានជាមន្ត្រី ប៉ូលិសចរាចរណ៍ អង្គុយលើកៅអីជ័រ ក្បែរតុដែកមួយតាមដងផ្លូវនៅជនបទ ដើម្បីបំបៅកូន។

ទីតាំងទំនងជាទីកន្លែងប៉ុស្តិ៍ត្រួតពិនិត្យអ្វីមួយ។ នៅពីលើរូបថតនោះ មានសរសេរឃ្លាមួយ បែបស៊ីអារម្មណ៍គ្រាន់បើថា៖ ព្រោះតែពាក្យថាម្ដាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូនភ្លេចអស់ហើយការអៀនខ្មាស នេះហើយជីវិតពិត។ រូបភាពនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែកតគ្នា ឬហៅ Share ពីមួយទៅមួយ។ក្រោយមក ម្ចាស់គណនីហ្វេសប៊ុកដដែលនេះ ក៏បានផុសម្ដងទៀត នូវរូបដដែលនេះ ដោយភ្ជាប់មកជាមួយលិខិតសរសេរដោយដៃផ្ទាល់ផង និងអក្សរពុម្ពផង ដែលមានន័យស្រដៀងគ្នា។ លិខិតនោះសរសេរថា នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ71655 សូមចេញមុខសុំទោសជាសាធារណៈក្នុង FACEBOOK ចំពោះការផុសរូបភាពបំបៅដោះកូននៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី២ មីនាកន្លងមកនេះ។ ការផុសទៅនេះ នាងខ្ញុំពុំមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរទេ។ អាស្រ័យដូចនេះសូមអង្គភាព និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាដោយក្តីអនុគ្រោះ។ លិខិតមួយទៀតសរសេរដោយដៃ ស្រដៀងគ្នាប៉ុន្តែ មានបន្ថែមនូវកិច្ចសន្យា ២ចំណុច៖ ១/ នាងខ្ញុំគ្មានបំណងផុស Facebook ដែលមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរទេ។ ២/ ប្រសិនបើនាងខ្ញុំមិនគោរពពាក្យសន្យា ខាងលើនាងខ្ញុំសូមទទួលខុសត្រូវ ចំពោះច្បាប់ជាធរមាន។ លិខិតនេះ ធ្វើនៅថ្ងៃទី៩ មីនា មួយថ្ងៃក្រោយទិវាសិទ្ធិនារី ៨មីនា ឆ្នាំ២០២១ ដោយមានផ្តិតមេដៃសាមីខ្លួន ឈ្មោះ ស៊ីថុង សុខា ផង។

អ្នកប្រើប្រាស់បណ្ដាញសង្គម ហាក់មិនចង់ឃើញការសូមទោសមេកើយ ដោយធ្វើកិច្ចសន្យាទទួលកំហុសរបស់នគរបាលជាស្ត្រីនោះជាសាធារណៈ ដោយហេតុបំបៅកូន ពេលម៉ោងធ្វើការនោះឡើយ។ ម្ចាស់គណនីហ្វេស ប៊ុក ឈ្មោះ Mao Chandara បានផុសរូប ស្ត្រីជាសមាជិកព្រឹទ្ធសភាអូស្ត្រាលី ដែលបំបៅកូនពេលប្រជុំ។ ហើយសរសេរ Comment ថា រៀនមើលគេ មើលឯងផង! ស្អីទៅហៅថា យេនឌ័រ? ១ឆ្នាំៗ ចាយលុយលើកម្មវិធីនេះអស់ប៉ុន្មាន ដើម្បីលើកកម្ពស់សិទ្ធិស្ត្រី? ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះChantha Muth ក៏បានផុសរូបស្ត្រី ស៊ីថុង សុខា បំបៅកូន អមជាមួយកិច្ចសន្យាសរសេរដោយដៃ និងរូបស្ត្រីជាសមាជិកព្រឹទ្ធសភាអូស្ត្រាលី ដែលបំបៅកូនពេលប្រជុំ ដែលទំនងជាចង់ឲ្យប្រៀបធៀបគ្នា។ Chantha Muth ក៏បានសរសេរ Comment ជាសំណួរថា តើការបំបៅដោះកូនក្នុងម៉ោងធ្វើការ ឬកំពុងបំពេញតួនាទីសាធារណៈ រំលោភក្រមសីលធម៌របស់នគរបាលជាតិ ឬបញ្ញត្តិច្បាប់ណាដែរ? ក្រសួងកិច្ចការនារី ឬ អង្គការមិនមែនរដ្ឋាភិបាល-សមាគមធ្វើការលើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ គួរតែបង្ហាញជំហរចំពោះរឿងនេះ។ ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Ly DA RA ក៏បានផុសរូបស្ត្រី ស៊ីថុង សុខា បំបៅកូន និងComment តប ចំពោះរឿងនេះដែរ ដោយលើកពីទិដ្ឋភាពច្បាប់ថា ទាំងច្បាប់ក៏មិនខុស និងទាំងសីលធម៌ក៏មិនខុស!

1/ បើជានិយោជិត (កម្មករ) វិញ ច្បាប់ការងារតម្រូវឲ្យនីយោជក (ថៅកែ) ត្រូវតែធ្វើបន្ទប់សម្រាប់មាតាបំបៅដោះកូនក្នុងម៉ោងការងារ (បើនិយោជកមិនគោរពតាមវិធាននេះ និយោជកត្រូវទទួលពិន័យ)។

2/ រីឯព្រះរាជក្រឹត្យស្ដីពីលក្ខន្តិក:ដោយឡែកនៃមន្ត្រីនគរបាល គឺអត់មានចែងអំពីការរៀបចំបន្ទប់សម្រាប់មាតាបំបៅដោះកូនក្នុងម៉ោងការងារទេ ដូច្នេះបើចង់ចាប់កំហុស គឺខុសមេអង្គភាពទៅវិញទេ!

3/ ចំពោះសីលធម៌ គឺមិនខុសទាល់តែសោះ ព្រោះការបញ្ចេញដើមទ្រូងប៉ុនពីរធ្នាប់ ដើម្បីកូនបៅដោះ មិនមែនជាការបញ្ចេញកេរខ្មាសស៊ិចស៊ីឯណា បើប្រៀបធៀបទៅនឹងទ្រូងអ្នកលក់តាមអនឡាញវិញ មិនបាច់ថ្លែង តាំងពីបំពង់ករហូតដល់គល់ផ្ចិត វាលឆេញហ្មង។

4/ រូបភាពនេះបង្ហាញពីព្រហ្មវិហារធម៌របស់ម្ដាយ។

គ្រូ ហៀង សូមគោរពវីរ:ភាពរបស់ប្អូនស្រី ស៊ីថុង សុខា Sokha Konkatlao។

ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ម៉ែន ណាត ក៏បានលើរឿងនេះ និងបានសរសេរ Comment លើទឹកចិត្ត ដល់ស្ត្រីនគរបាល ស៊ីថុង សុខា ថា ស៊ីថុងសុខា គាប្បី ត្រូវបានលើកទឹកចិត្ត មិនមែនជាទណ្ឌកម្មទេ។ លោកសូមអំពាវនាវដល់ក្រសួងមហាផ្ទៃឲ្យពិនិត្យមើលរឿងនេះ។ លោកសរសេរបន្តថា អ្នកស្រី ស៊ីថុង សុខា គ្មានកំហុសអីទេ គាត់បំបៅដោះកូនបានគ្រប់ពេល ទោះបីក្នុងពេលម៉ោងធ្វើការក៏ដោយ។ គ្មានច្បាប់ណាដាក់ទណ្ឌកម្មទៅកាតព្វកិច្ចរបស់ម្ដាយ ដែលមានកូនង៉ារបៀបនេះឡើយ។ អ្នកស្រីគប្បីទទួលបានការលើកទឹកចិត្តបន្ថែមទៀត ពីក្រុមការងារ និងថ្នាក់លើរបស់គាត់ នូវអ្វីដែលគាត់ខំបម្រើការងារជូនស្ថាប័ន។ ថ្នាក់លើរបស់អ្នកស្រី ស៊ីថុង សុខា គួរចេះខ្មាសអៀនខ្លួនឯងផងទៅ ដែលបង្ខំឲ្យអ្នកស្រី សរសេរកិច្ចសន្យា ជាទណ្ឌកម្មរបស់អាជ្ញាធរ និងជាការបំបាក់ទឹកចិត្តដល់ស្ត្រីដទៃទៀត ដែលបំពេញការងារ ដូចអ្នកស្រី ស៊ីថុង ដែរនោះ។ លោកសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រសួងមហាផ្ទៃ ពិនិត្យលើទង្វើរបស់មន្ត្រីថ្នាក់លើខ្លះ ឲ្យលប់ចោលកិច្ចសន្យានោះចោល រួចផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកស្រីធ្វើជាគំរូល្អសម្រាប់ស្ត្រីឯទៀត នៅក្នុងស្ថាប័នមន្ត្រីរាជការ និងស្ថាប័នឯទៀត។

ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Phorn Phana បានសរសេរឌឺដង ចំពោះរឿងនេះដែរថា ប្លែកៗ ស្រុករំដួល! នាំគ្នាឈប់ថ្ងៃ ៨ មីនា រាល់ឆ្នាំ ស្រែកតាមគ្នាទិវាសិទ្ធិនារីៗ។ ដល់តែនារីជាម៉ែថតបង្ហោះរូបបំបៅដោះកូននៅកន្លែងធ្វើការហៅគ្នាអប់រំ។ តើបទវិន័យប៉ូលិស ហាមបំបៅដោះកូន នៅកន្លែងធ្វើការឬ? តើស្ត្រីបំបៅដោះកូនវាអាក្រក់កន្លែងណា? ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sea Seakleng សៀ សៀកឡេង ថា «គ្រាន់តែអ៊ីចឹង ដល់ថ្នាក់ត្រូវធ្វើកិច្ចសន្យាទៀត?» ការបំបៅដោះកូនខុសត្រង់ណា? តើគួរទុកឲ្យកូនស្រេកឃ្លាន ឬយ៉ាងណា? ម្ចាស់គណនីហ្វេស ប៊ុក ឈ្មោះ Chandara Samban បន្ទរចុងក្រោយថា ស្រុកអច្ឆរិយ ពេលគេធ្វើចំណាត់ការអីក៏អច្ឆរិយ ច្បាប់គ្មានមនុស្សធម៌ ជាច្បាប់របស់ពួកបិសាច៕

website_news/2021120307.txt · Last modified: 2021/03/12 13:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki