website_news:2021120308

ការបំបៅកូនរបស់ស្ត្រីប៉ូលិសទទួលការកោតសរសើរ រិះគន់ និងព្រមាន

https://khmer.voanews.com/ 12 មិនា 2021 ហ៊ុល រស្មី

ភ្នំពេញៈ ការបង្ហោះរូបថតបំបៅកូនដោយស្ត្រីជាមន្ត្រីនគរបាលម្នាក់ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបន្តទាញប្រតិកម្មជាបន្តបន្ទាប់ ទាំងការគាំទ្រ ការកោតសរសើរ និងការរិះគន់។ កាលពីថ្ងៃទី២ ខែមីនា ដោយបានប្រើគណនីហ្វេសប៊ុកឈ្មោះ Sokha Konkatlao ក្នុងពេលបំពេញការងារ លោកស្រី ស៊ីថុង សុខា បានថតបង្ហោះរូបដែលលោកស្រីក្នុងឯកសណ្ឋានជាប៉ូលិសចរាចរណ៍ កំពុងបំបៅកូន នៅលើកៅអីមុខតុ ដែលដាក់នៅតាមដងផ្លូវ។ លោកស្រីសរសេរសារអមជាមួយរូបថតនៅលើហ្វេសប៊ុកថា៖ «ព្រោះតែជាពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស់ (នេះហើយជីវិតពិត)»។

ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ១០ ខែមីនា ក្រសួងកិច្ចការនារីបានកោតសរសើរចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ននិងតួនាទីជាម្តាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់និងផ្តល់ភាពកក់ក្តៅដល់កូន នៅពេលដែលស្ថាប័នដែលស្ត្រីរូបនោះបម្រើការមិនទាន់បានបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅកូន។ បន្ថែមលើការសរសើរនោះ ក្រសួងបានលើកឡើងថា៖ «ក្នុងករណីស្ថាប័នមិនទាន់មានទីកន្លែងសមរម្យ ស្ត្រីសាមីគួរមានឧបករណ៍ដូចជាក្រម៉ា ឬកន្សែង ដើម្បីអនុញ្ញាតឲ្យការបំបៅកូននេះអាចប្រព្រឹត្តទៅដោយភាពសមរម្យ និងរលូន ជៀសផុតពីការរិះគន់ពីមហាជនមួយចំនួន ដែលថា ជារូបភាពមិនសមរម្យប៉ះពាល់ដល់តម្លៃនិងកិត្តិយសរបស់ស្ត្រីខ្មែរ»។

ក្រុមមន្ត្រីសិទ្ធិមនុស្សបង្ហាញការស្រងាកចិត្តជាមួយសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារី។ ពួកគេនិយាយថា ការបំបៅកូនទោះនៅទីណាក៏ដោយ គួរតែត្រូវបានលើកទឹកចិត្ត និងមិនគួរបានការស្តីបន្ទោស នៅពេលស្ត្រីបំបៅកូនក្នុងម៉ោងធ្វើការទេ។ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា៖ «ការបំបៅដោះ ទោះបីនៅទីឯកជនក្តី ទីសាធារណៈក្តី វាមិនមែនជារឿងអីត្រូវ ឬក៏ប៉ះពាល់កិត្តិយសស្រ្តីទេ ប៉ុន្តែវាបែរជាលើកកម្ពស់នូវកិត្តិយសស្ត្រីទៅវិញ ដែលៗពួកគាត់ទន្ទឹមនឹងការបំពេញភារកិច្ចការងារផ្លូវការ ហើយគាត់នូវតែបំពេញតួនាទីជាមាតា ក្នុងពេលតែមួយ ដែលមិនមានអ្នកដទៃឧទាហរណ៍ជាបុរសអីជាដើមហ្នឹង អាចធ្វើបាន»។ លោកស្រីនិយាយថា លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា មិនគួរទទួលបានការរិះគន់ពីក្រុមមន្ត្រីរដ្ឋាភិបាល ចំពោះកាយវិការជាម្តាយដែលបំបៅកូន ក្នុងពេលចុះបំពេញការងារទេ។ មេដឹកនាំអង្គការសិទ្ធិមនុស្សរូបនេះយល់ថា ការទិតៀនរបស់ក្រសួងកិច្ចការនារីមកលើលោកស្រី ស៊ីថុង សុខា ថាជាការរើសអើង និងអាចបង្អាក់សម្រេចបាននូវសមភាពយេនឌ័ររវាងស្ត្រីនិងបុរស។ «ការណ៍ដែលយើងនាំគ្នាដាក់បន្ទុក ហើយរិះគន់ដូចតួយ៉ាងថ្នាក់លើរបស់ស្ត្រីជានគរបាល ហៅគាត់ឲ្យធ្វើការសុំទោស ហើយធ្វើកិច្ចសន្យាអីបែបនោះ គឺថ្នាក់លើគាត់នោះទេ ដែលត្រូវធ្វើការសុំទោសទៅស្រ្តីហ្នឹងវិញ ហើយត្រូវបង្ហាញវិធានការជាក់លាក់ចំពោះសមភាយេនឌ័រ ហើយនិងការភាពអំណោយផលការបង្កភាពអំណោយផលសម្រាប់ស្ថាប័នខ្លួន ក្នុងការគាំទ្រដល់ស្ត្រីដែលគាត់ជាមា្តយទាំងឡាយ ដែលគាត់កំពុងបំពេញភារកិច្ចនៅក្នុងស្ថាប័នគាត់ហ្នឹង»។

លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បដិសេធមិនផ្តល់ការអធិប្បាយទេ នៅថ្ងៃព្រហស្បតិ៍នេះ។ មួយសប្តាហ៍ក្រោយការបង្ហោះរូបថតនោះ លោកស្រី ស៊ីថុង សុខា ត្រូវបានថ្នាក់លើរបស់គាត់ ហៅឲ្យចូលខ្លួនធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះរូបបំបៅកូន ក្នុងទីសាធារណៈ ទាំងមានពាក់ឯកសណ្ឋាន។ លោកស្រី សុខា ក៏បានធ្វើកិច្ចសន្យាថា ឈប់បង្ហោះរូបភាពរបៀបនេះតទៅទៀត ហើយថា លោកស្រីគ្មានចេតនាធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាព និងស្ត្រីខ្មែរទូទៅទេ។

ក្រោយមក លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងអំពើជួញដូរមនុស្ស បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយលោកស្រីឃើញសេចក្តីរាយការណ៍សារព័ត៌មួយថា លោកអធិការស្រុកសៀមប៉ាងបានហៅលោកស្រីនគរបាលម្នាក់ ដែលគាត់បំបៅកូននៅតុការងារ តាមផ្លូវប្រហែលជានគរបាលចរាចរណ៍ ដើម្បីទៅព្រមាននិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការបំបៅកូនបែបនេះ។ ក្នុងលិខិតមួយផ្ញើជូនអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១០ ខែមីនា លោកស្រី ជូ ប៊ុនអេង បានសរសេរថា៖ «បានអានអត្ថបទនេះ ខ្ញុំមានការសោកស្តាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបថបែបនេះ និងមិនបានវែកញែកឲ្យច្បាស់ពីកំហុសនិងគុណសម្បត្តិ។ លោកស្រីបានកោតសរសើរលោកស្រី សុខា ថាបានខិតខំថែទាំកូន និងបំពេញការងារក្នុងពេលដំណាលគ្នា ដែលជាភារកិច្ចទទួលខុសត្រូវទ្វេដងលើសពីបុរស។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំរបស់លោកស្រី សុខា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគាត់មិនបានដាក់ពិន័យលើកូន ចៅគាត់ ហើយគ្រាន់តែបានហៅមកអប់រំតែប៉ុណ្ណោះ។

លោកស្រី ស៊ីថុង សុខា គឺជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ទទួលបន្ទុកសណ្តាប់ធ្នាប់និងចរាចរណ៍។ លោកស្រី សុខា សុំមិនធ្វើការអធិប្បាយច្រើនទេ ដោយថាចង់ឲ្យករណីនេះស្ងប់ស្ងាត់។ លោកស្រីនិយាយថា៖ «ខ្ញុំ post ហ្នឹង ខ្ញុំមិនមែន post ដើម្បីនិយាយបញ្ជាក់ ដើម្បីខូចដល់កន្លែងដែលខ្ញុំធ្វើការទេគឺ post ហ្នឹងគឺ post ពីទឹកចិត្តម្តាយ ឆ្លុះបញ្ចាំងពីទឹកចិត្តម្តាយចំពោះកូនទេ»។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកការពារសិទ្ធិស្ត្រី អង្គការសមាគមចំនួន ៣៩ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា នេះជារឿងគួរឲ្យអាម៉ាស់ដែលលោកស្រី ស៊ីថុង សុខា ត្រូវថ្នាក់លើស្នើឲ្យធ្វើកិច្ចសន្យា ឈប់បង្ហោះរូបភាពបំបៅកូនតទៅទៀត ហើយអ្វីដែលគួរឲ្យខកចិត្តទៅទៀតនោះ គឺការធ្វើកិច្ចសន្យានោះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទិវានារីអន្តរជាតិ ៨ មីនា។ ពួកគេឡើងថា៖ «នោះគឺជារឿងគួរឲ្យអាម៉ាស់ចំពោះការតម្រូវឲ្យមន្ត្រីនគរបាល ត្រូវសុំទោសក្រោមហេតុផលថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព និងស្ត្រីខ្មែរ ហើយតម្រូវឲ្យនាងចុះកិច្ចសន្យាមិនបន្តអកប្បកិរិយាបែបនេះទៅទៀត»។ ពួកគេបន្ថែមថា៖ «ក្រោយមកបន្ទាប់ពីមានការរិះគន់ពីសាធារណជន មន្ត្រីនគរបាលជាថ្នាក់ដឹកនាំនោះបានចេញមុខបកស្រាយ ដោយយោងលើហេតុផលថា អ្នកស្រីនគរបាលរូបនោះ ពុំបានសុំការអនុញ្ញាតជាមុនក្នុងការបង្ហោះរូបភាពនៃការបំបៅកូននៅលើទំព័រហ្វេសប៊ុក ដែលការពន្យល់នេះបង្កើនការព្រួយបារម្ភថែមទៀត អំពីសេរីភាពក្នុងការបញ្ចេញមតិ»។

វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានទេនៅ រសៀលថ្ងៃព្រហស្បតិ៍នេះ។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន បានប្រាប់សារព័ត៌មានក្នុងស្រុក Freshnews នៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ត្រូវបានផ្តល់រង្វាន់លើកទឹកចិត្ត ក្នុងពេលបំពេញការងារហើយឆ្លៀតបំបៅកូន។លោកមានប្រសាសន៍ថា ការបំបៅកូនដូចនេះ មិនមានកំហុសធំដុំទេ៕

website_news/2021120308.txt · Last modified: 2021/03/12 13:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki