website_news:2021120403

លោក ស សុខា ស្នើ៩ចំណុចទៅ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

https://www.rasmeinews.com/ 11 April, 2021

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានស្នើ ៩ ចំណុច ទៅកាន់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ ការស្នើខាងលើនេះ ធ្វើឡើងក្នុងឱកាស ដែលលោក ស សុខា អញ្ជើញជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត របស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជា ៣ វេនផ្សេងគ្នា ក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ តាមរយៈប្រព័ន្ធ Zoom ។ ក្នុងឱកាសនោះ លោក ស សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ ប្រកបដោយការទទួលខុសត្រូវ និងការចូលរួម យ៉ាងសកម្មរបស់ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក. ទាំងបីខេត្ត ជាពិសេសក្រុមការងារ ចុះជួយស្រុក ក្រុង ដែលបានលះបង់ ទាំងកម្លាំងកាយចិត្ត ទាំងថវិកាផ្ទាល់ខ្លួន និងពេលវេលា ក្នុងកិច្ចការការងារសង្គម និងមនុស្សធម៌ ស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសក្នុងកាលៈទេសៈ ដែលប្រទេសជាតិ បាននិងកំពុងប្រឈម ទៅនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ លោក ស សុខា ក៏ស្នើសុំឲ្យប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក. ទាំងបីខេត្ត បន្តអនុវត្ត ៩ចំណុច ដូចខាងក្រោម ៖

១. សហការជាមួយអាជ្ញាធរស្រុក ក្រុង ក្នុងការបញ្ជូនកម្លាំងយុវជន ស.ស.យ.ក. ចូលរួមជួយសម្របសម្រួលការងារតាមមណ្ឌលចត្តាឡីស័ក និងកិច្ចការងារផ្សេងៗទៀត ដែលអាចធ្វើបាន ។

២. ចូលរួមផ្សព្វផ្សាយសារអប់រំអំពី វិធានការសុខាភិបាល ៣ការពារ និង ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បើទោះបីកម្ពុជាយើងមានវ៉ាក់សាំងចាក់ ក៏ដោយ ។

៣. បំផុស និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋ ទៅចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ តាមដំណាក់កាលនីមួយៗ និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់គ្នា ។

៤. ចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារកូវីដ-១៩ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលករចំណាកស្រុក ដែលបាន និងកំពុងធ្វើចត្តាឡីស័ក តាមមណ្ឌលនីមួយៗ ។

៥. ចូលរួមផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កុំឲ្យមានការលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ព្រោះវាប្រឈមទាំងការខុសច្បាប់ និងប្រឈមទាំងការឆ្លងជំងឺកូវីដ-១៩ ។

៦. ចូលរួមអនុវត្តឲ្យទូលំទូលាយយុទ្ធនាការ “បញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ” ដោយការអនុវត្តយុទ្ធនាការ ត្រូវប្រកាន់ឲ្យបានខ្ជាប់ ខ្ជួននូវវិធានការការពារសុវត្ថិភាព ដែលបានណែនាំនៅក្នុងសេចក្ដីណែនាំលេខ ០៩/ សណន/ ស.ស.យ.ក. ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។ ការអនុវត្តយុទ្ធនាការ ក៏ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ នូវវិធានការនានាស្ដីពីការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ។

៧. ចូលរួមផ្សព្វផ្សាយ និងបញ្ជ្រាបដល់ប្រជាពលរដ្ឋ ឲ្យអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដូចពាក្យថា “នៅផ្ទះឈ្នះកូវីដ” ។

៨. ផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុក ក្រុងមួយចំនួន ដែលមានទឹកបឹង អូរ ព្រែក ទន្លេ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះកូនតូចៗ ដែលអាចលង់ទឹកស្លាប់ ដោយយថាហេតុ ។

៩. បំផុសឱ្យប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន យកចិត្តទុកដាក់ បង្កើនការដាំដុះបន្លែ ជី ស្លឹកគ្រៃ ដំណាំហូបផ្លែ ក៏ដូចជាផលិតផលកសិកម្មផ្សេងទៀត បំពេញតម្រូវការប្រចាំថ្ងៃ កាត់បន្ថយការចំណាយ ស្របទៅនឹងគោលនយោបាយ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ បង្កើនការដាំដុះផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល ផលិតផលពីបរទេស ដែលមានសារជាតិគីមី ៕/V

website_news/2021120403.txt · Last modified: 2021/04/12 15:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki