website_news:2021120406

ពលករផ្ញើប្រាក់ពីក្រៅប្រទេសតាមអេស៊ីលីដាមានជាង ១៥៧ លានដុល្លារត្រីមាសទី១ ឆ្នាំនេះ

https://www.postkhmer.com/ ធូ វិរៈ | Publication date 09 April 2021 | 15:15 ICT

យោងតាមរបាយការណ៍ផ្តល់ដោយធនាគារអេស៊ីលីដា ភីអិលស៊ី ពលករកម្ពុជាបម្រើការងារនៅក្រៅប្រទេសបានផ្ញើប្រាក់មកគ្រួសារនៅឯស្រុកកំណើតមានចំនួន ១៥៧ ១៩៩ ៩១៦,៥១ ដុល្លារក្នុងរយៈពេល ៣ ខែឆ្នាំ ២០២១នេះ ធ្លាក់ចុះ ៧,៦៩ ភាគរយ ធៀបនឹងឆ្នាំមុនចំនួន ១៧០ ២៨៨ ១៤៥,៥១ ដុល្លារ។ ហុង មិនា

ភ្នំពេញៈ ពលករកម្ពុជាបម្រើការងារនៅក្រៅប្រទេសបានផ្ញើប្រាក់មកស្រុកកំណើតតាមរយៈធនាគារ អេស៊ីលីដា ភីអីលស៊ី មានចំនួនជាង ១៥៧ លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ ធ្លាក់ចុះជាង ៧ ភាគរយ ធៀបនឹងឆ្នាំមុន។ យោងតាមរបាយការណ៍ផ្តល់ដោយធនាគារអេស៊ីលីដា ភីអិលស៊ី ពលករកម្ពុជាបម្រើការងារនៅក្រៅប្រទេសបានផ្ញើប្រាក់មកគ្រួសារនៅឯស្រុកកំណើតមានចំនួន ១៥៧ ១៩៩ ៩១៦,៥១ ដុល្លារក្នុងរយៈពេល ៣ ខែឆ្នាំ ២០២១នេះ ធ្លាក់ចុះ ៧,៦៩ ភាគរយ ធៀបនឹងឆ្នាំមុនចំនួន ១៧០ ២៨៨ ១៤៥,៥១ ដុល្លារ។ របាយការណ៍នេះបង្ហាញទៀតថា ក្នុងនោះ ពលករកម្ពុជាបម្រើការងារនៅប្រទេស ជប៉ុន កូរ៉េ ថៃ និងម៉ាឡេស៊ី បានផ្ញើប្រាក់ចំនួន ១៤០ ៣៣៤ ៦៩២,៨៩ ដុល្លារ ធ្លាក់ចុះ ១៧ ភាគរយ ខណៈពលករកម្ពុជាមួយចំនួនទៀតបានផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈសេវាកម្ម API ចំនួន ១៦ ៨៦១ ២២៣,៦២ ដុល្លារ កើនជាង ១២៤៣ ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំមុន។

លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអិលស៊ី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទោះជា ការផ្ទេរប្រាក់របស់ពលករកម្ពុជាក្រៅប្រទេសធា្លក់ ប៉ុន្តែ ចំនួនប្រតិបត្តិការបានកើនឡើង ៤៤,០៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រីនិយាយថា៖ «មូលហេតុគឺថាកម្មករផ្ទេរទំហំតូចច្រើនក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ជាសកលលោកដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មថយចុះដូច្នេះកម្មករអន្តោប្រវេសន៍ក៏ប្រឈមនឹងប្រាក់ចំណូលទាប ផងដែរ»។

យោងតាមរបាការណ៍ប្រចាំឆ្នាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករកម្ពុជាបម្រើការងារនៅបរទេសបានផ្ញើប្រាក់មកក្រុមគ្រួសារនៅស្រុកកំណើតចំនួន ២,៨០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ ២០១៨ ពលករខ្មែរបានផ្ញើប្រាក់មកអ្នកផ្ទះប្រមាណ ១,៤ ពាន់ដុល្លារ ក្នុងនោះ ការផ្ញើរប្រាក់មកផ្ទះវិញរបស់ពលករនៅកូរ៉េមានជាង ៥៣ លានដុល្លារដែលមានចំណែកច្រើនជាងគេ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិ៕

website_news/2021120406.txt · Last modified: 2021/04/12 15:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki